ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះកម្ដៅជាថ្មីនៅលីបង់! មនុស្ស ៤ នាក់ស្លាប់ក្រោមគ្រាប់មីស៊ីលអ៊ីស្រាអែល ចំពេលបទឈប់បាញ់កំពុងរង្គោះរង្គើ

11 ម៉ោង មុន

ទីក្រុងបេរូត៖ ទោះបីជាមានការប្រកាសពន្យារពេលបទឈប់បាញ់ក៏ដោយ ក៏អំពើហិង្សានៅតែបន្តកើតមានយ៉ាងសាហាវ នៅភាគខាងត្បូងប្រទេសលីបង់។ នៅថ្ងៃសៅរ៍នេះ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលចំនួនពីរលើក បានកំណត់គោលដៅលើរថយន្តដឹកទំនិញ និងម៉ូតូមួយគ្រឿងក្នុងស្រុក Nabatieh បណ្តាលឱ្យមនុស្ស…

ទីក្រុងបេរូត៖ ទោះបីជាមានការប្រកាសពន្យារពេលបទឈប់បាញ់ក៏ដោយ ក៏អំពើហិង្សានៅតែបន្តកើតមានយ៉ាងសាហាវ នៅភាគខាងត្បូងប្រទេសលីបង់។ នៅថ្ងៃសៅរ៍នេះ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលចំនួនពីរលើក បានកំណត់គោលដៅលើរថយន្តដឹកទំនិញ និងម៉ូតូមួយគ្រឿងក្នុងស្រុក Nabatieh បណ្តាលឱ្យមនុស្ស ៤ នាក់បាត់បង់ជីវិត។ ក្រសួងសុខាភិបាលលីបង់បានបញ្ជាក់ថា ជនរងគ្រោះគឺជាពលរដ្ឋស៊ីវិល ខណៈដែលទីក្រុងមួយចំនួនទៀតក៏រងការបាញ់ផ្លោងដោយកាំភ្លើងធំផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី២៥ ខែមេសានេះ។

យោធាអ៊ីស្រាអែល ​បានចេញសេចក្តីថ្លែងការណ៍ការពារសកម្មភាពរបស់ខ្លួនថា ការវាយប្រហារនេះធ្វើឡើងដើម្បីកម្ទេចទីតាំងបាញ់គ្រាប់រ៉ុក្កែតរបស់ក្រុម Hezbollah ក្នុងភូមិចំនួនបី ដែលត្រៀមលក្ខណៈវាយប្រហារមកលើទាហាន និងជនស៊ីវិលអ៊ីស្រាអែល។ ស្របពេលជាមួយគ្នានេះ កងទ័ពអ៊ីស្រាអែលបានចេញការព្រមានជាថ្មីដល់ប្រជាជនលីបង់ ហាមដាច់ខាតមិនឱ្យធ្វើដំណើរទៅភាគខាងត្បូង ឬចូលកៀកតំបន់ទន្លេ Litani ឡើយ។

ព្រឹត្តិការណ៍បង្ហូរឈាមនេះកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសពន្យារពេលបទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ បន្ថែមចំនួន ៣ សប្តាហ៍ទៀត ដើម្បីទុកឱកាសឱ្យកិច្ចចរចាសន្តិភាពជៀសផុតពីសង្រ្គាមទ្រង់ទ្រាយធំជាមួយអ៊ីរ៉ង់។ ការបន្តវាយប្រហារគ្នាទៅវិញទៅមកនេះ កំពុងធ្វើឱ្យកិច្ចព្រមព្រៀងសន្តិភាពដែលទើបនឹងពន្យារពេល ស្ថិតក្នុងស្ថានភាពដ៏ផុយស្រួយបំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ