ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជំនាញកសិកម្ម​ខេត្តស្ទឹងត្រែង ចុះ​អន្តរាគមន៍​បន្ទាន់​ ជួយ​សង្គ្រោះ​ដំណាំ​ម្រះ​កសិករ ដែល​កំពុង​ជួប​បញ្ហា​ងាប់​ដើម

2 ម៉ោង មុន

ខេត្តស្ទឹងត្រែង ៖ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង បាន​ចាត់វិធានការ​ដោយ​បញ្ជូន​មន្ត្រី​ជំនាញ ចុះ​ទៅ​ដល់​ចម្ការ​កសិករ​ជា​បន្ទាន់ ដើម្បី​ផ្តល់​បច្ចេកទេស ទប់ស្កាត់​ជំងឺ​ងាប់​ដើម លើ​ដំណាំ​ម្រះ…

ខេត្តស្ទឹងត្រែង ៖ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តស្ទឹងត្រែង បាន​ចាត់វិធានការ​ដោយ​បញ្ជូន​មន្ត្រី​ជំនាញ ចុះ​ទៅ​ដល់​ចម្ការ​កសិករ​ជា​បន្ទាន់ ដើម្បី​ផ្តល់​បច្ចេកទេស ទប់ស្កាត់​ជំងឺ​ងាប់​ដើម លើ​ដំណាំ​ម្រះ ដែល​កំពុង​គំរាមកំហែង​ដល់​ជីវភាព​កសិករ​ក្នុង​រដូវ​ប្រមូល​ផល ។ សកម្មភាព​ការងារ​នេះ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៦ បន្ទាប់​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ផល​ប៉ះពាល់ ។

លោក ទុំ នី​រ៉ូ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត បាន​បញ្ជា​ឱ្យ​មន្ត្រី​កសិកម្ម​ប្រចាំ​ឃុំ​-​សង្កាត់ ចុះ​ទៅ​ពិនិត្យ និង​ប្រឹក្សា​បច្ចេកទេស​ជូន​កសិករ​នៅ​ភូមិ​កន្ទុយគោ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ។

លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា ការ​ចុះ​អន្តរាគមន៍​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​រួម​គ្នា​ដោះស្រាយ​បញ្ហា​ប្រឈម ដើម្បី​កាត់​បន្ថយ​ការ​ខាតបង់​ដើមទុន និង​ពេលវេលា​របស់​កសិករ ។

តាម​ការ​ពិនិត្យ​ជាក់ស្តែង លោក ផេង លី​ហេង មន្ត្រី​កសិកម្ម​ប្រចាំ​សង្កាត់​សាមគ្គី បាន​រក​ឃើញ​ថា ដំណាំ​ម្រះ​ទាំងនោះ កំពុង​រង​ការ​វាយប្រហារ​ដោយ “​ជំងឺផ្សិត​ឫស​” ដែល​បណ្តាល​ឱ្យ​ដើម​ងាប់​ជា​បន្តបន្ទាប់​។ ដើម្បី​ទប់ស្កាត់​មន្ត្រី​ជំនាញ​បាន​ណែនាំ នូវ​វិធានការ​សំខាន់​ៗ រួម​មាន ៖ ការ​គ្រប់គ្រង​ទឹក ត្រូវ​ប្តូរ​មក​ស្រោច​ទឹក​នៅ​ពេល​ព្រឹក​ព្រលឹម​វិញ ចៀសវាង​ការ​ស្រោច​នៅ​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង​។ ត្រូវ​ខាន់​រង​កុំឱ្យ​មាន​លំហូរ​ទឹក​ពី​ដើម ដែល​ងាប់​ទៅ​កាន់​ដើម​ថ្មី ព្រោះ​ទឹកជា​ភ្នាក់ងារចម្លងមេរោគ​ផ្សិត​។ ត្រូវ​ដក​ដើម ដែល​រង​ការ​ប៉ះពាល់​ចោល ហើយ​ជ្រោយ​ដី​ហាល​ឱ្យ​ស្ងួត​ដើម្បី​សម្លាប់​មេរោគ​ផ្សិត​ស​។ ត្រូវ​ភ្ជួរ​រាស់​ដី​ហាលថ្ងៃ​ឱ្យ​បាន​យ៉ាងតិច ១​ស​ប្តា​ហ៍ និង​ប្រើប្រាស់​កំបោរ​ស​ដើម្បី​សម្លាប់​មេរោគ​ក្នុង​ដី មុន​នឹង​ចាប់ផ្តើម​ដាំ​ដុះ​ឡើង​វិញ ។

លោកស្រី វណ្ណ គឹ​ម កសិករ​ម្ចាស់​ចម្ការ​ម្រះ បាន​សម្តែង នូវ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង ដោយ​លោកស្រី បញ្ជាក់​ថា ក្នុង​របរ​ដាំ​ដុះ​ជាង ១០​ឆ្នាំ​មក នេះ​មិន ដែល​ជួប​ប្រទះ​បញ្ហា​ងាប់​ដើម​ក្នុង​ពេល​កំពុង​ប្រមូល​ផល​បែប​នេះ​ទេ​។ ទោះជា​យ៉ាងណា លោកស្រី​បាន​ប្តេជ្ញា នឹង​អនុវត្ត​តាម​ការ​ណែនាំ​របស់​មន្ត្រី​ជំនាញ និង​ជួយ​ផ្សព្វផ្សាយ​បន្ត​ទៅ​កាន់​កសិករ​ផ្សេង​ទៀត ដែល​កំពុង​ជួប​បញ្ហា​ដូច​គ្នា ។

បច្ចុប្បន្ន ខេត្តស្ទឹងត្រែង​មាន​ក្រុម​កសិករ​ដាំ​បន្លែ​ចំនួន ២១​ក្រុម (​ស្មើនឹង​ជិត​៦០០​គ្រួសារ​) ដែល​ទទួល​បានការ​គាំទ្រ​ពី​គម្រោង​សា​វប្បកម្ម​កម្ពុជា​។ ក្នុង​រដូវប្រាំង​ឆ្នាំ​នេះ បន្លែ​ក្នុង​ខេត្ត​ទទួល​បាន​ទិន្នផល​ល្អ និង​កំពុង​មាន​តម្លៃ​ខ្ពស់​នៅ​លើ​ទីផ្សារ ដែល​ជា​ឱកាស​សម្រាប់​កសិករ ប្រសិនបើ​អាច​គ្រប់គ្រង​បញ្ហា​សត្វល្អិត និង​ជំងឺ​បាន​ល្អ​ប្រសើរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ