ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​កំពុង​​ស្រាវជ្រាវតាម​រក​បុរស​ជា​ប្ដី​ដែល​បាត់​ខ្លួន ហើយ​ប្រទះ​ឃើញ​កង់​បី​ត្រូវ​​ដុត​​កម្ទេច​ចោល

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​កង់​បី​ម្នាក់​បាន​បាត់​ខ្លួន ​ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ស្វែងរក ​ក៏​បាន​ប្រទះ​ឃើញ​ម៉ូតូ​កង់​បី​របស់​ប្ដី​ ត្រូវ​បាន​គេ​ដុត​កម្ទេច​ចោល​នៅ​ដី​វាល​មួយ​កន្លែង​នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោករ​ការ ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ ។…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​កង់​បី​ម្នាក់​បាន​បាត់​ខ្លួន ​ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ស្វែងរក ​ក៏​បាន​ប្រទះ​ឃើញ​ម៉ូតូ​កង់​បី​របស់​ប្ដី​ ត្រូវ​បាន​គេ​ដុត​កម្ទេច​ចោល​នៅ​ដី​វាល​មួយ​កន្លែង​នៅ​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោករ​ការ ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ ។ ​ទោះបីជា​យ៉ាងណា​ គ្រឿង​មួយ​ចំនួន​ដូច​ជា ម៉ាស៊ីន កង់ និង​ស្លាក​លេខ​បាន​បាត់​ ។

ហេតុការណ៍​បាត់​ប្ដី​នេះ​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​យប់​ថ្ងៃ​ទី​២៤ ខែមេសា​ ឆ្នាំ​២០២៦ បន្ទាប់​ពី​ស្ត្រី​ជា​ប្រពន្ធ​ និង​ក្រុម​គ្រួ​សារបាន​ស្វែងរក​អ្នក​សារព័ត៌មាន​ផ្សព្វផ្សាយ​ និង​ឡាយ​ពី​ដំណឹង​ដ៏​សោកសៅ​នេះ​ ។

បុរស​ដែល​បាត់​ខ្លួន​បន្សល់​ទុក​តែ​ម៉ូតូ​កង់​បី ​ត្រូវ​បាន​គេ​ដុត​បំផ្លាញ​នោះ​ឈ្មោះ​ថុ​ន វិចិត្រ អាយុ​៣៣​ឆ្នាំ​ មុខរបរ​ជា​អ្នក​រត់​ម៉ូតូ​កង់​បី មាន​ទីលំនៅ​បុរី​ចេ​ន​ឡា ភូមិ​ចុង​ថ្នល់ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ​រាជធានី​ភ្នំពេញ ​។

តាម​ក្រុម​គ្រួ​សារបាន​ឲ្យ​ដឹង​ថា បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​រូប​នោះ​ បាន​បាត់​ខ្លួន​នៅ​វេលា​ម៉ោង ប្រមាណ​២​រំលង​អ​ធ្រា​ត្រ ចូល​ថ្ងៃ​ទី​២៤​ ខែមេសា​ ឆ្នាំ​២០២៦ ​ដោយ​ពុំ​អាច​ទាក់ទង​បាន ខណៈ​ពេល​ដែល​គាត់​បាន​ចេញ​ទៅ​រត់​ម៉ូតូ​កង់​៣​ប្រចាំ​នៅ​ម្តុំ​ផ្សារ​ដី​ហុយ ។

តាម​ស្ត្រី​ជា​ប្រពន្ធ​បានអោយ​ដឹង​ថា «​ទម្លាប់​ប្ដី ទោះ​រវល់​យ៉ាងណា ក៏​គាត់​ផ្ញើរ Sticker តប​វិញ​ដែរ តែ​នេះ​ចូល​មើល​ហើយ​ស្ងាត់​សូន្យ សង្ស័យ​ថា អ្នក​ដែល​កំពុង​កាន់​ទូរស័ព្ទ​នោះ មិនមែន​ជា​ប្ដី​គាត់ ឡើយ​» ​។ បន្ទាប់​ពី​បាត់​ខ្លួន ​ក្រុម​គ្រួសារ​និង​សាច់ញាតិ​បងប្អូន​ក៏​បាន​ស្វែងរក​ហើយ​ទទួល​ដំណឹង​ថា ម៉ូតូ​កង់​បី​មួយ​គ្រឿង​ត្រូវ​បាន​គេ​ដុត​កម្ទេច​ចោល​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​២៤​ ខែមេសា​ ក៏​ចុះ​ទៅ​មើល​ទើប​ដឹង​ថា ម៉ូតូ​កង់​បី​នោះ​ជា​ម៉ូតូ​កង់​បី​របស់​ប្ដី​ ។

តាម​នគរបាល​មូលដ្ឋាន​ខណ្ឌ​ព្រែក​ព្នៅ​បាន​ឲ្យ​ដឹង​ថា សំណល់ ម៉ូតូ​កង់​បី ដែល​ត្រូវ​គេ​ដុត​ចោល​នោះ​ត្រូវ​បាន​អ្នកនេសាទ​ប្រទះ​ឃើញ​កាលពី​វេលា​ម៉ោង​​ជាង​៨​ព្រឹក ថ្ងៃ​ទី​២៤ ​ខែមេសា​ ឆ្នាំ​២០២៦​នៅ​ដី​វាល​មួយ​កន្លែង​នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោករ​ការ​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានី​ភ្នំពេញ​ ។ ​លុះ​ក្រោយមក​ នៅ​វេលា​រសៀល​ទើប​​ដឹង​ដំណឹង​ដល់​ក្រុម​គ្រួសារ​ រួច​មក​ដាក់​ពាក្យបណ្ដឹង ​ដើម្បី​ឲ្យ​ជួយ​រក​ប្ដី​របស់​ខ្លួន​ដែល​ជា​ម្ចាស់​កង់​បី​ ។

សំណល់​ម៉ូតូ​កង់​បី​ដែល​ត្រូវ​គេ​ដុត​បំផ្លាញ​នោះ​ គេ​ពុំ​ឃើញ​មាន​ម៉ាស៊ីន ដៃចង្កូត​ និង​ស្លាក​លេខ ដែល​គេ​សង្ស័យ​ថា ត្រូវ​បាន​គេ​ដោះ​ចេញ​មុន​ពេល​ដុត​បំផ្លាញ​ចោល​ ។ ​ទោះបីជា​យ៉ាងណា ​គេ​ពុំ​ដឹង​ថា ម៉ូតូ​កង់​បី​នោះ​ ត្រូវ​បាន​ម្ចាស់​ដុត​បំផ្លាញ​ចោល​ខ្លួនឯង​ ឬ​ត្រូវ​បាន​អ្នក​ផ្សេង​ដុត​បំផ្លាញ​នោះ​ឡើយ? ។​

ជុំវិញ​ករណី​នេះ​ សមត្ថកិច្ច​នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ​ព្រមទាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​កំពុង​​ស្រាវជ្រាវ​ ដើម្បី​រក​ម្ចាស់​កង់​បី​ដែល​បាន​បាត់​ខ្លួន​នោះ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ