រាជធានីភ្នំពេញ ៖ រឿងរ៉ាវបុរសម្នាក់ កាប់ស្ត្រីម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ រួចបង្ហូរប្រេងសាំងពីបេនម៉ូតូ ប្រុងដុតសម្លាប់ជនរងគ្រោះ កូនបង្កើត និងកូនប្រសារជនរងគ្រោះព្រមទាំងខ្លួនឯងផង នៅខណ្ឌដង្កោ។ ហើយជននោះ ប្រាប់សមត្ថកិច្ចថា ស្ត្រីរងគ្រោះ គឺជាប្រពន្ធរបស់ខ្លួន ទើបយកគ្នា បាន៣ខែ និងបានចោទប្រកាន់ថា ខឹងនាងដើរលេងជាមួយប្ដីដើម ធ្វើឲ្យខ្លួនផ្ទុះកំហឹងប្រចណ្ឌ ទើបអត់ទ្រាំមិនបាន ក៏កាប់នាងនោះ បានធ្វើឲ្យសាច់ញាតិជនរងគ្រោះច្រើននាក់ ផ្ទុះប្រតិកម្មខ្លាំងៗ ដោយអះអាងថា មិនមែនជាការពិតឡើយ ។
កោះសន្តិភាព បានធ្វើការចុះផ្សាយ នូវព័ត៌មានខាងលើនេះ ទៅតាមតែអ្វី ដែលជនដៃដល់រូបនោះ និយាយប្រាប់សមត្ថកិច្ចតែប៉ុណ្ណោះ ហើយក៏បានបញ្ជាក់នៅឃ្លាខាងក្រោមច្បាស់ៗផងដែរថា ព័ត៌មានខាងលើនោះ គឺជាការអះអាងតែម្ខាង ពីសំណាក់ជនកំណាចនោះតែប៉ុណ្ណោះ ។ ចំណែកឯរឿងពិត ឬមិនពិតបែបណានោះ រង់ចាំការបំភ្លឺប្រាប់បន្ថែមទៀតពីខាងភាគីស្ត្រីជាប្រពន្ធនៅពេលក្រោយទៀត ។
ក្រោយពីការបង្ហោះ នៅលើទំព័រផេកកោះសន្តិភាព មានមហាជនជាច្រើន បានចូលខមិន ដាក់បន្ទុកខ្លាំងលើស្ត្រីរងគ្រោះ ប៉ុន្តែក៏មានមួយចំនួនខមិន ក្នុងភាពយុត្តិធម៌ដូច្នេះថា «សុំសរសើរបណ្ឌិតហ្វេសប៊ុក អានតែចំណងជើង ចូលខមិន អត់គិត និងមួយទៀតថា សុំសរសើរអ្នកចូលខមិនមួយចំនួន មិនដឹងរឿងគេច្បាស់ទេ តែចូលខមិនដៀលគេយកម៉ង»ជាដើម ។ ដោយឡែកសាច់ញាតិស្ត្រីរងគ្រោះ បានបញ្ចេញប្រតិកម្មខ្លាំងៗ ដោយបានចូលមកខមិនអះអាងថា ជនកំណាចខាងលើ ពុំមែនជាប្ដីនាងរងគ្រោះនោះទេ ។ តាមពិតទៅ ជនដៃដល់រូបនោះ បានតាមស្រលាញ់នាងរងគ្រោះរយៈពេល៣ខែ មកហើយ និងមិនទាន់បានសែនព្រេន ក្លាយជាប្ដីប្រពន្ធនឹងគ្នានៅឡើយទេ ។ ប៉ុន្តែពេលឃើញជនរងគ្រោះជួបនិយាយពិភាក្សាគ្នាជាមួយប្ដីដើម អំពីរឿងកូនៗ ស្រាប់តែជននោះកើតភ្លើងប្រចណ្ឌ ហើយក៏បានតាមកាប់ជនរងគ្រោះយ៉ាងសាហាវ បណ្ដាលឲ្យរងរបួសធ្ងន់បែបនេះតែម្ដង ។
ដើម្បីឲ្យកានតែជាក់ច្បាស់ កោះសន្តិភាព សូមលើកយកខមិនរបស់សាច់ញាតិភាគីស្ត្រីរងគ្រោះទាំងស្រុង ដូចខាងក្រោម ៖ ទី១, ហ្វេសប៊ុកឈ្មោះ Ning Noey បានខមិនថា «ព័ត៌មានមិនច្បាស់ ក៏ហ៊ានផ្សាយដែរ បញ្ជាក់ជនរងគ្រោះ និង ជនសង្ស័យ មិនមែនជាប្តីប្រពន្ធទេ ជនសង្ស័យតាមស្រឡាញ់អីខ្ញុំ ទើបតែ៣ខែ មិនទាន់ក្រាបក្បាលដល់កន្ទេលទេ មិនមែនជាប្តីប្រពន្ធទេ សូមលុបចេញ ព្រោះប៉ះពាល់ដល់គ្រួសារខ្ញុំខ្លាំង ហើយអ្នកខមិន ក៏ចឹងដែរ ដឹងរឿងច្បាស់ចាំខមិនប្រយ័ត្ន ត្រូវគ្រួសារអ្នកឯងវិញ» ។
ទី២, ហ្វេសប៊ុកឈ្មោះ សុខហេង លាងឃុន បានខមិនថា «បងនៅមួយក្រុមគ្រួសារខ្ញុំមែន បាននិយាយចឹង ? អាស្លាប់នឹងមែនប្តីទេ វាស្រលាញ់អ៊ីខ្ញុំ៣ខែហើយ វាឃើញអ៊ីខ្ញុំ និយាយមួយប្តីដើមរឿងកូន វាប្រចណ្ឌ វាកាប់ វាមិនបានការ រឺសែនមួយអ៊ីខ្ញុំ ទេមិនដឹងរឿងកុំខមិនប្រយ័ត្នបាបធ្លាក់គ្រួសារ បងអ្នកព័ត៌មានមិនច្បាស់ការ ។
ទី៣, ហ្វេសប៊ុកឈ្មោះ តែទឹកកក បានខមិនដូចអ្នក ទី១ ដែរថា«ព័ត៌មានមិនច្បាស់ ក៏ហ៊ានផ្សាយដែរ បញ្ជាក់ជនរងគ្រោះនឹង ជនសង្ស័យមិនមែនជាប្តីប្រពន្ធទេ ជនសង្ស័យតាមស្រឡាញ់អ៊ីខ្ញុំ ទើបតែ៣ខែមិនទាន់ក្រាបក្បាលដល់កន្ទេលទេ មិនមែនជាប្តីប្រពន្ធទេ សូមលុបចេញ ព្រោះប៉ះពាល់ដល់គ្រួសារខ្ញុំខ្លាំង ហើយអ្នកខមិន ក៏ចឹងដែរ ដឹងរឿងច្បាស់ចាំខមិនប្រយ័ត្នត្រូវគ្រួសារអ្នកឯងវិញ» ។
ទី៤, ហ្វេសប៊ុកឈ្មោះ កញ្ញា ស៊ឹម បានខមិនថា «ព័ត៌មានមិនច្បាស់ ក៏ហ៊ានផ្សាយដែរ បញ្ជាក់ជនរងគ្រោះ និងជនសង្ស័យមិនមែនជាប្តីប្រពន្ធទេ ជនសង្ស័យតាមស្រឡាញ់អ៊ីខ្ញុំ ទើបតែ១ខែ មិនទាន់ក្រាបក្បាលដល់កន្ទេលទេ មិនមែនជាប្តីប្រពន្ធទេ សូមលុបចេញព្រោះប៉ះពាល់ដល់គ្រួសារខ្ញុំខ្លាំង ហើយអ្នកខមិន ក៏ចឹងដែរ ដឹងរឿងច្បាស់ចាំខមិន ប្រយ័ត្នត្រូវគ្រួសារអ្នកឯងវិញ» ។
សូមរម្លឹកផងដែរថា ហេតុការណ៍បានកើតឡើង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅបន្ទប់ផ្ទះជួល ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសដែលជាជនដៃដល់ខាងលើនោះឈ្មោះ ប៉ែន ស៊ីណាត អាយុ៤០ឆ្នាំមុខរបរជាងកញ្ចក់ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ ស៊ឹម គឹមរស់ អាយុ៣៦ឆ្នាំ រងរបួសក្បាលធ្ងន់ធ្ងរ ស្នាក់នៅកន្លែងកើតហេតុខាងលើ ។
ជនដៃដល់ខាងលើ បានប្រាប់ឲ្យសមត្ថកិច្ចដឹងថា ខ្លួន និងនាងរងគ្រោះ គឺជាប្ដីប្រពន្ធនឹងគ្នា ដែលទើបតែយកគ្នាជាប្ដីប្រពន្ធ បានរយៈពេល៣ខែប៉ុណ្ណោះ ដោយមិនបានរៀបការត្រឹមត្រូវនោះទេ គឺបានត្រឹមតែសែនព្រេនផ្ដាច់ខ្មោចប៉ុណ្ណោះ ហើយកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នាងជាប្រពន្ធ បានទៅដើរលេងជាមួយអតីតប្ដីមុន ហើយពេលបាត់មិនឃើញប្រពន្ធ ខ្លួនក៏បានខលសួរថា កំពុងនៅឯណា ? ពេលនោះនាងប្រាប់ថា កំពុងដើរលេងជាមួយអតីតប្ដី ។
ជននោះ ប្រាប់សមត្ថកិច្ចទៀតថា ក្រោយពេលបាន ឮបែបនេះ បានធ្វើឲ្យខ្លួនផ្ទុះកំហឹង និងប្រចណ្ឌយ៉ាងខ្លាំង លុះដល់ព្រឹកថ្ងៃកើតហេតុ ខណៈនាងជាប្រពន្ធកំពុងដេក ខ្លួនក៏យកកាំបិតបុ័ងតោកាប់តែម្ដង ប៉ុន្តែត្រូវបានកូនៗរបស់ប្រពន្ធ២នាក់ និងកូនប្រសារម្នាក់ជួយទាន់ ។ បន្ទាប់មក ខ្លួនបានបានបិទទ្វារផ្ទះ ខ្ទាស់គន្លឹះពីខាងក្នុង ហើយបង្ហូរប្រេងសាំងពីបេនម៉ូតូ ប៉ងដុតសម្លាប់ទាំងប្រពន្ធ ទាំងកូនចុង និងកូនប្រសារព្រមទាំងខ្លួនឯងថែមទៀត តែត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ទទួលដំណឹងបានរហ័ស និងចេញជួយអន្តរាគមន៍បានទាន់ពេលវេលា និងឃាត់ខ្លួនតែម្ដង ៕






ចែករំលែកព័តមាននេះ