រាជធានីភ្នំពេញ ៖ ក្រោយពីតំណាងអយ្យការបញ្ចប់ការស៊ើបសួរ លើសំណុំរឿងក្មេងស្ទាវទំនើងមួយក្រុមចំនួន១១នាក់ សប្បាយភ្លេចគិត ពពាក់ពពូនគ្នាដេញគប់រថយន្តអ្នកធ្វើដំណើរ ដែលកំពុងបើកបរលើផ្លូវសាធារណៈ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ដែលបទល្មើសនេះ ជនត្រូវចោទប្រឈមជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងរួមគ្នាសងជំងឺចិត្តទៅដើមបណ្តឹងរដ្ឋប្បវេណី ពោលគឺការខូចខាតទ្រព្យសម្បត្តិអ្នកដទៃថែមទៀតផង ។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់លោក ស សំណាង ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានដាក់ជនត្រូវចោទទាំង១១នាក់ឲ្យស្ថិតនៅក្រោមការពិនិត្យ ពីបទធ្វើឲ្យខូចខាតដោយ ចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខហាងម៉ាស្សាយីហោ ម៉ាយូរ៉ា ផ្លូវលេខ៤៧ ក្រុម១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា ៤១១នៃក្រមព្រហ្មទណ្ឌ ។ មាត្រា ៤១១ ស្តីពីស្ថានទម្ងន់ទោស ៖
បទល្មើសដែលមានចែងក្នុងមាត្រា ៤១០ (បទធ្វើឲ្យខូចខាតដោយចេតនា) នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី៤លានទៅ១០លានរៀល ។

សូមជម្រាបថា ដោយអនុវត្តតាមអនុសាសន៍របស់លោកនាយឧត្តមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ និងអនុវត្តន៍តាមបទបញ្ជាពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំដោយលោកឧត្តសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ព្រមទាំងដឹកនាំកម្លាំងផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ សរុបចំនួន១១នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ។
ពួកគេបានប្រើដុំថ្ម មួកសុវត្ថិភាព ដៃ ជើង គប់ វាយលើរថយន្តម៉ាក AVATAR ០៧ ព៌ណខ្មៅ ពាក់ផ្លាកលេខ កម្ពុជាMUSTAFA បណ្តាលឲ្យបែកកញ្ចក់រថយន្តខាងមុខ និងខាងក្រោយ បែកកញ្ចក់ទ្វារមុខខាងស្តាំ បែកកញ្ចក់ទ្វារក្រោយខាងឆ្វេង បាក់កញ្ចក់មើលក្រោយខាងឆ្វេង បែកស្តុបខាងក្រោយសងខាង ក្រពិត និងឆ្នូតចំហៀងរថយន្ត និងពីក្រោយ បាត់ផ្លាកលេខរថយន្តកម្ពុជាMUSTAFA ១បន្ទះ ដែលប្រព្រឹត្តនៅចំណុចមុខហាងម៉ាស្សាយីហោ ម៉ាយូរ៉ា ផ្លូវលេខ៤៧ ក្រុម១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង៧យប់ ។

ជនសង្ស័យទាំង១១នាក់រួមមាន ៖
១-ឈ្មោះ ម៉ាន់ ឡុងថាដា ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យ ព្រះស៊ីសុវត្ថិ ។
២-ឈ្មោះ សុខ ជា ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករតម្លើងឧបករណ៍ហាត់ប្រាណ ។
៣-ឈ្មោះ ឆុន រ៉ាយុទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យ វត្តភ្នំ ។
៤-ឈ្មោះ ឯក សុខមាន់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរដឹកម្ហូបក្រុមហ៊ុនWOWNOW ។
៥-ឈ្មោះ នី សាគី ហៅភ្លោះ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់ដូរ ។
៦-ឈ្មោះ នី រ៉វី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរលក់ដូរ ។
៧-ឈ្មោះ មឿន ពិសី ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មកររោងចក្រ ។
៨-ឈ្មោះ ញ៉ ឆាលី ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករសិប្បកម្មប្រេងខ្យង ។
៩-ឈ្មោះ សូរ្យ វិសុទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ។
១០-ឈ្មោះ ភឹម វិសាល ភេទប្រុស អាយុ១៩ឆ្នាំ ។
១១-ឈ្មោះ ហូសាន់ សើហ្វីអី ភេទប្រុស អាយុ១៧ឆ្នាំ ។
សមត្ថកិច្ចបានចាប់យកវត្ថុតាងមាន ដុំថ្ម៤ដុំ និងផ្លាកលេខរថយន្ត១បន្ទះ ។ អ្វីដែលគួរឱ្យសោកស្ដាយនោះ គឺសិស្ស២នាក់ដែលកំពុងរៀន ត្រូវបានផ្អាក ធ្វើឱ្យប៉ះពាល់អនាគតផងដែរ។ នេះជាគំរូសម្រាប់យុវជនឈាមរាវ គួរតែគិតពីលទ្ធផលរបស់ខ្លួន ក្រោយការប្រព្រឹត្តិអំពើមិនគប្បី ៕

ចែករំលែកព័តមាននេះ