ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស មនុស្សដែលមានកម្រិត EQ ទាប ជារឿយៗតែងតែធ្វើឱ្យទំនាក់ទំនងជុំវិញខ្លួនមានភាពតានតឹង និងរកាំរកូស ដោយសារតែទម្លាប់និយាយស្តីមិនល្អចំនួន ៦ យ៉ាងដែលពួកគេបង្កើតឡើងដោយមិនដឹងខ្លួន។
ទម្លាប់ដំបូងគេគឺ ការនិយាយតែពីខ្លួនឯង និងចូលចិត្តបង្អួតពីសមិទ្ធផលផ្ទាល់ខ្លួន ដោយតែងតែនិយាយកាត់សម្តីអ្នកដទៃ និងប្រែក្លាយកិច្ចសន្ទនាឱ្យទៅជាឆាកសម្តែងរបស់ខ្លួនម្នាក់ឯង។ បន្ទាប់មកគឺ ទម្លាប់ចូលចិត្តបដិសេធអ្នកដទៃ ដោយបើកមាត់ឡើងតែងតែប្រើពាក្យ «អ្នកខុសហើយ» ដើម្បីចង់ឈ្នះនិងចង់បង្ហាញថាខ្លួនឯងត្រឹមត្រូវជានិច្ច។ បន្ថែមពីនេះ ពួកគេចូលចិត្តនិយាយស្តីមិនមើលកាលៈទេសៈ ដោយតែងតែយកលេសថាខ្លួនជាមនុស្ស «ត្រង់ទៅត្រង់មក» មកបិទបាំងសម្តីអសុរោះដែលធ្វើឱ្យអ្នកដទៃបាក់មុខនៅចំពោះមុខមនុស្សម្នា។ ទម្លាប់អាក្រក់មួយទៀតគឺ ការប្រែក្លាយអ្នកដទៃឱ្យទៅជា «ធុងសំរាមអារម្មណ៍» តាមរយៈការជួបមុខពេលណាក៏រអ៊ូរទាំ មួម៉ៅ និងទម្លាក់តែថាមពលអវិជ្ជមានដាក់គេឯងមិនចេះចប់មិនចេះហើយ។ ជាងនេះទៅទៀត ពួកគេចូលចិត្តនិយាយប្រដៅ និងបង្រៀនធម៌វិន័យជីវិតដល់អ្នកដទៃ ដោយព្យាយាមយកបទពិសោធន៍ផ្ទាល់ខ្លួនទៅដាក់សម្ពាធ និងបង្ខំឱ្យគេធ្វើតាមទស្សនៈរបស់ខ្លួន។ ចុងក្រោយ គឺការយកសម្តីឌឺដង ចំអក និងចាក់ដោតចំណុចខ្សោយរបស់អ្នកដទៃ (ដូចជា រូបរាង ឋានៈ ឬរឿងផ្ទាល់ខ្លួន) មកធ្វើជា រឿងកំប្លែងសើចលេង ហើយនៅពេលដែលដៃគូសន្ទនាអន់ចិត្ត ពួកគេតែងតែដោះសារថា «គ្រាន់តែជារឿងកំប្លែងសោះ ប្រកាន់ធ្វើអី»។
សរុបមកវិញ ការប្រាស្រ័យទាក់ទងល្អមិនមែនជាការនិយាយដើម្បីតែរំភាយអារម្មណ៍ផ្ទាល់ខ្លួននោះទេ ប៉ុន្តែវាគឺជាការចេះបង្កើតភាពស្និទ្ធស្នាល ផ្តល់ការគោរព និងធ្វើឱ្យអ្នកដទៃមានអារម្មណ៍កក់ក្តៅនិងមានតម្លៃពេលនិយាយជាមួយយើង៕
ចែករំលែកព័តមាននេះ