ខេត្តកំពង់ស្ពឺ ៖ ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់បានស្លាប់ ក្រោយពេលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ហើយឪពុកបានរងរបួសធ្ងន់ធ្ងរ ត្រូវបានដឹកបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺភ្លាមៗ ខណៈដែលម្តាយកំពុងតែធ្វើម្ហូប ក៏ស្រាប់តែផ្ទុះធុងហ្គាសបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជួយអន្តរាគមន៍។
ករណីផ្ទុះធុងហ្គាសបណ្ដាលឲ្យមានស្លាប់និងរងរបួសបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅក្នុងភូមិឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកសំរោងទងបាននិយាយដឹងថា នៅមុនពេលកើតហេតុឈ្មោះ ទេស ពៅ ភេទស្រី អាយុ៥៨ឆ្នាំស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិឧកញ៉ាទេព ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វេីម្ហូប ក្នុងបន្ទប់ជួល ស្រាប់តែផ្ទុះធុងហ្គាសឆេះសម្ភារ: បណ្តាលឱ្យឈ្មោះព្រីម សារុណ ភេទប្រុស អាយុ ៦១ឆ្នាំ (ជាប្តី) រងរបួស និងឈ្មោះ ទេស ស្រីពីន ភេទស្រី អាយុ ១៥ឆ្នាំ (ជាកូន)ស្លាប់ក្រោយពេលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
នគរបាលស្រុកសំរោងទងបានបន្តដឹងទៀតថាករណីផ្ទុះហ្គាសបណ្ដាឲ្យមានមនុស្សស្លាប់និងរោងរបួសនេះបណ្តាលឱ្យខូចខាតសម្ភារៈដូចជា៖
-ឆេះកង្ហាចំនួន ១
-ឆេះពូកចំនួន ១
-ឆេះទូរទឹកកកចំនួន១
-ខូចខាតសម្ភារៈប្រេីប្រាស់មួយចំនួនទៀត។
នគរបាលស្រុកសំរោងទងបានបញ្ជាក់ដឹងថាក្រោយកើតហេតុចំពោះសពក្មេងស្រីរងគ្រោះ ត្រូវបានសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យនៅក្នុងវត្តចែងមែង ស្ថិតនៅភូមិចែងមែង ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ៕



ចែករំលែកព័តមាននេះ