ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាំ​កាហ្វេ​មណ្ឌលគិរី​ពី​លក្ខណៈ​គ្រួសារ ឈាន​ទៅ​រក​ទីផ្សារ​កសិឧស្សាហកម្ម ខណៈ​តម្រូវ​ការ​កើនឡើង​រាល់ថ្ងៃ

3 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ក្រោម​ការ​ដឹកនាំ និង​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​រដ្ឋបាល​ខេត្តមណ្ឌលគិរី ដំណាំ​កាហ្វេ​ដែល​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​មួយ​នៃ​តំបន់​ខ្ពង់រាប កំពុង​មាន​សន្ទុះ​គាំទ្រ​ច្រើន តាម​រយៈ​កិច្ច​ប្រឹងប្រែង​រួម​គ្នា​រវាង​អាជ្ញាធរ​ខេត្ត​មន្ត្រី​ជំនាញ និង​ផ្នែក​ឯកជន ។ ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​កោះសន្តិភាព…

ខេត្តមណ្ឌលគិរី ៖ ក្រោម​ការ​ដឹកនាំ និង​ការ​យកចិត្តទុកដាក់​ខ្ពស់​ពី​រដ្ឋបាល​ខេត្តមណ្ឌលគិរី ដំណាំ​កាហ្វេ​ដែល​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​មួយ​នៃ​តំបន់​ខ្ពង់រាប កំពុង​មាន​សន្ទុះ​គាំទ្រ​ច្រើន តាម​រយៈ​កិច្ច​ប្រឹងប្រែង​រួម​គ្នា​រវាង​អាជ្ញាធរ​ខេត្ត​មន្ត្រី​ជំនាញ និង​ផ្នែក​ឯកជន ។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​កោះសន្តិភាព ​ឯកឧត្តម ថង សា​វុន អភិបាលខេត្ត​មណ្ឌលគិរី មាន​​ប្រសាសន៍​អំពី​សាវតា​នៃ​ដំណាំ​កាហ្វេ​ថា ខេត្តមណ្ឌលគិរី​ជា​ខេត្ត​ភូមិភាគ​ឦសាន ដែល​មាន​លក្ខណៈ​ពិសេស​ដាច់​គេ ដោយសារ​ជា​តំបន់​ខ្ពង់រាប មាន​អាកាសធាតុ​ត្រជាក់​ពេញ​មួយ​ឆ្នាំ និង​សម្បូរ​ទៅ​ដោយ​ដីក្រហម​មាន​ជីវជាតិ ដែល​ជា​លក្ខខណ្ឌ​ធម្មជាតិ​ដ៏​វិសេសវិសាល​បំផុត ​សម្រាប់​ដំណាំ​កាហ្វេ​។

នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មិន​មាន​តំបន់​ណា​ដែល​អាច​ដាំ​ដុះ​ដំណាំ​កាហ្វេ​ឱ្យ​ទទួល​បាន​​ផល​ល្អ​ឥត​ខ្ចោះ​ដូច​ខេត្តមណ្ឌលគិរី​នោះ​ឡើយ​ ។ ទោះបីជា​តំបន់​ខ្លះ​មាន​ភូមិសាស្ត្រ​ខ្ពស់​ជាង​នេះ ដូច​ជា​ តំបន់​ឱ​រ៉ា​ល់ តំបន់​ភ្នំ​បូកគោ ឬ​ខេត្តរតនគិរី​ក្ដី ក៏​មិន​អាច​ផ្ដល់​អំណោយផល​ល្អ​ដូច​ភូមិសាស្ត្រ​មណ្ឌលគិរី ដែល​មាន​កម្ពស់​ខ្ពស់​បំផុត​រហូត​ដល់​៩០០​ម៉ែត្រ និង​មធ្យម​៧០០​ម៉ែត្រ ពី​កម្រិត​ទឹក​សមុទ្រ​នោះ​ទេ​ ។ កម្ពស់​ដ៏​សម​ស្រប​នេះ​ហើយ ដែល​ធ្វើ​ឱ្យ​គ្រាប់​កាហ្វេ​មណ្ឌលគិរី​មានឱជារស​ឈ្ងុយ​ឆ្ងាញ់​ប្លែក និង​ដក់​ជាប់​ក្នុង​ចិត្ត​មិត្ត​អ្នក​ស្នេហា​កាហ្វេ​គ្រប់​រូប ​។

default

ឯកឧត្តម​បន្ត​ថា បើ​ក្រឡេក​ទៅ​មើល​ប្រវត្តិ​នៃ​ការ​ដាំ​ដុះ​នៅ​ក្នុង​ខេត្ត​វិញ ដំណាំ​កាហ្វេ​បាន​ចាប់ផ្ដើម​មាន​វត្តមាន​តាំងពី​ក្នុង​ទសវត្សរ៍​ទី​៧០ និង​៨០​មក​ម្ល៉េះ ពោល​គឺ​ក្រោយ​សម័យ​រំដោះ​​ឆ្នាំ​១៩៧៩ ប្រជាពលរដ្ឋ​បាន​ចាប់ផ្ដើម​ដាំ​ដុះ​ជា​បន្តបន្ទាប់​ ។ កាល​ណោះ ការ​ដាំ​ដុះ​ធ្វើ​ឡើង​ត្រឹម​ជា​លក្ខណៈ​គ្រួសារ​បែប​ធម្មជាតិ មិន​ទាន់​មាន​បច្ចេកទេស​ទំនើប ហើយ​ក៏​មិន​ទាន់​មាន​ទីផ្សារ​ទូលំទូលាយ ឬ​ការ​សហការ​ណាមួយ​ជាមួយ​ប្រទេស​ជិតខាង ដើម្បី​បង្កើន​ការ​នាំ​ចេញ​នៅឡើយ​ទេ ​។

បច្ចុប្បន្ន​នេះ ក្រោម​ការ​ជំរុញ​បន្ថែម និន្នាការ​នៃ​ការ​ដាំ​ដុះ​ដំណាំ​កាហ្វេ​មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ ។ យោង​តាម​តួលេខ​ផ្លូវការ​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បច្ចុប្បន្ន​ផ្ទៃដី​ដាំ​ដុះ​កាហ្វេ​មាន​ចំនួន​៥៨០​ជាង​ហិ​កតា ដោយ​ផ្ដល់​ទិន្នផល​ប្រមូល​ផល​ប្រហែល​១,៦០០​តោន ក្នុង​មួយ​ឆ្នាំ​ ។

ឯកឧត្តម​អភិបាលខេត្ត បាន​បង្ហាញ​ការ​រំពឹង​ទុក​យ៉ាង​មុតមាំ​ថា នៅ​ចុងឆ្នាំ​នេះ តាម​រយៈ​ការ​ចូលរួម​វិនិយោគ​យ៉ាង​សកម្ម​ពី​វិស័យ​ឯកជន ផ្ទៃដី​ដាំ​ដុះ​កាហ្វេ​នៅ​ក្នុង​ខេត្ត​ទាំងមូល​អាច​នឹង​ហក់​ឡើង​រហូត​ដល់​ទៅ​ជាង៦០០ហិ​កតា ​។ កាល​អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ (​សង្ក្រាន្ត​សែន​មនោ​រម្យ​) កន្លង​ទៅ​នេះ រដ្ឋបាល​ខេត្តមណ្ឌលគិរី​បាន​បង្កើត​ព្រឹត្តិការណ៍​ដ៏​គួរ​ឱ្យ​ទាក់ទាញ ដោយ​បាន​រៀបចំ​ស្ដង់​តាំង​បង្ហាញ​ផលិតផល​កាហ្វេ​ប្រចាំ​ខេត្ត​យ៉ាង​អធិកអធម ​។ រៀបចំ​ចែក​ជូន​កាហ្វេ​មណ្ឌល​គិរី​ដោយ​ឥត​គិតថ្លៃ សរុប​ចំនួន​រហូត​ដល់ ៦,០០០​កែវ ជូន​ដល់​មហាជន ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​បាន​មក​កម្សាន្ត​។

ដើម្បី​ធានា​បាន​នូវ​និរន្តរភាព​នៃ​វិស័យ​មួយ​នេះ ឯកឧត្តម ថង សា​វុន បាន​សង្កត់ធ្ងន់​លើ​តួនាទី​របស់​វិស័យ​ឯកជន ដោយ​បច្ចុប្បន្ន​មានការ​ចូលរួម​យ៉ាង​សកម្ម​ពី​ក្រុមហ៊ុន​ធំ​ៗ ដែល​បាន​វិនិយោគ​ទាំង​លើ​ការ​ដាំ​ដុះ និង​ការ​បង្កើត​រោងចក្រ​កែ​ច្នៃ​។ ក្រុមហ៊ុន​បាន​រៀបចំ​ប្រព័ន្ធ​ស​ម្ងួ​ត និង​កែ​ច្នៃ​គ្រាប់​កាហ្វេ​ឱ្យ​ស្រប​តាម​ស្តង់ដារ​បច្ចេកទេស រួច​ធ្វើការ​លីង និង​វិច​ខ្ចប់​ជា​ផលិតផល​សម្រេច​លំដាប់​ខ្ពស់​ផ្គត់ផ្គង់​លើ​ទីផ្សារ​។

លើស​ពី​នេះ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម បាន​និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើកទឹកចិត្ត និង​ជួយ​ជ្រោមជ្រែង​ដល់​បងប្អូន​កសិករ​ដែល​មាន​ដី​ទំនេរ ឬ​ដី​ដែល​ដាំ​ដំណាំ​ផ្សេង​ៗ​មិនសូវ​ហុច​ផល ឱ្យ​ងាក​មក​ដាំ​ដុះ​កាហ្វេ​វិញ​។ និង​បណ្ដុះបណ្ដាល​បច្ចេកទេស​ថែទាំ ក្នុង​ទម្រង់​ជា​កសិកម្ម​កិច្ចសន្យា ដែល​ធានា​បាន​ទាំង​ទិន្នផល និង​ស្ថិរភាព​តម្លៃ​ជូន​កសិករ​។

សម្រាប់​ទីផ្សារ​បច្ចុប្បន្ន គ្រាប់​កាហ្វេ​ស្រស់​៖ មាន​តម្លៃ ៤ ០០០ រៀល ក្នុង​មួយ​គីឡូក្រាម​។​គ្រាប់​កាហ្វេ​ស្ងួត មាន​តម្លៃ​ចាប់ពី ៩ ០០០​រៀល ទៅ​ជាង ១០ ០០០ រៀល ក្នុង​មួយ​គីឡូក្រាម (​តម្លៃប្រែប្រួល​ទៅ​តាម​គុណភាព និង​ប្រភេទ​ពូជ​កាហ្វេ​នីមួយ​ៗ) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ