ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ដុក​ទ័​រ​ម្នាក់ ​វះកាត់​សង្គ្រោះ​អ្នកជំងឺ​អត់​បាន​ដេក​ពេញ​១​យប់ ​បើករថយន្ត​ទៅ​ផ្ទះ ​ងោក​១​ភាំង បុក​ក្បាល​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ

2 នាទី មុន

រាជធានី​ភ្នំពេញ ​៖ លោក​ដុក​ទ័​រម្នាក់ ​ផ្នែក​វះកាត់ នៃ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ ដោយសារ​តែ​ជាប់រវល់​វះកាត់​សង្គ្រោះ​អ្នកជំងឺ លោកអត់​បាន​ដេក​ពេញ​១​យប់ ខណៈ​ពេល​គាត់​បើករថយន្ត​ ១​គ្រឿង​ ម៉ាក​BYD…

រាជធានី​ភ្នំពេញ ​៖ លោក​ដុក​ទ័​រម្នាក់ ​ផ្នែក​វះកាត់ នៃ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ ដោយសារ​តែ​ជាប់រវល់​វះកាត់​សង្គ្រោះ​អ្នកជំងឺ លោកអត់​បាន​ដេក​ពេញ​១​យប់ ខណៈ​ពេល​គាត់​បើករថយន្ត​ ១​គ្រឿង​ ម៉ាក​BYD ទៅ​ផ្ទះ​ងងុយដេក​ខ្លាំង​ពេក ក៏​ងោក​១​ភាំង។ ពេល​នោះ ក៏​រេ​ ចង្កូត​ជ្រុល​ទៅ​បុក​ក្បាល​របាំ​ពុះ​ចែក​បុក​ទ្រូងផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​របស់​គាត់​រង​ការ​ខូចខាត​ខ្ទេច​មុខ​យ៉ាងដំណំ នេះ​បើ​តាម​ការ​អះអាង​ប្រាប់​ឲ្យ​ដឹង​ពី​សំណាក់​លោកឪពុក​របស់​លោក​ដុក​ទ័​រ​រូប​នោះ ដែល​បាន​ទៅ​កាន់​កន្លែង​កើតហេតុ​ខាងលើ ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើងកាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៦ នៅ​តាម​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ស្ថិត​នៅ​ខាងលិច​អតីត​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

លោក​ដុក​ទ័​រ​រូប​នោះ​ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ នៅ​មុន​ពេល​កើតហេតុ​ គាត់​បាន​បើកបរ​រថយន្ត ​១​គ្រឿង ​ម៉ាក ​BYD ព​ណ៍​ស ពាក់​ស្លាក​លេខ​កម្ពុជា​ RDR. 3699 ។ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់តែ​រេ​ ចង្កូត​ជ្រុល​ទៅ​បុក​ក្បាល​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង បណ្ដាល​ឲ្យ​រថយន្ត​ខ្ទេច​មុខ​យ៉ាងដំណំ។ ដោយឡែក​ក្បាល​របាំ​ថ្ម​នោះ ​ខូចខាត​បន្តិចបន្តួច​ប៉ុណ្ណោះ ហើយ​គាត់​មិន​បាន​រង​របួស​ទេ បន្ទាប់​មក​ក៏​បាន​ទុក​រថយន្ត​ចោល រួច​បាន​ចាកចេញ​ទៅ​បាត់ និង​បាន​ប្រាប់​ឲ្យ​ឪពុក​របស់​គាត់​ទៅ​កាន់​កន្លែង​កើតហេតុ​មើល​រថយន្ត ។

បើ​តាម​បុរស​ ដែល​ជា​ឪពុក​របស់​លោក​ដុក​ទ័​រ​រូប​នោះ​បាន​និយាយ​ថា កូនប្រុស​គាត់​គឺជា​ដុក​ទ័​រ​ ផ្នែក​វះកាត់​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ (​ពេទ្យ​លោកសង្ឃ​) ដោយឡែក ​ពេញ​១​យប់​ថ្ងៃ​ទី​១៧ ខែឧសភា កូនប្រុស​គាត់​(​ដុក​ទ័​រ​)​បាន​វះកាត់​ជួយ​សង្គ្រោះ​អ្នកជំងឺ​ មិន​បាន​ដេក​នោះ​ទេ ជា​ហេតុ​ងងុយដេក​ខ្លាំង។ លុះដល់​វេលា​រសៀល​ថ្ងៃ​កើតហេតុ ទើប​បើករថយន្ត​ ១​គ្រឿង​ខាងលើ ​ត្រលប់​ទៅ​ផ្ទះ​នៅ​តាម​ផ្លូវ​លេខ​ជាតិ​៥១​ ទាំង​ងងុយដេក ប៉ុន្តែ​បុរស​នោះ​ ពុំ​បាន​បញ្ជាក់​ថា ផ្ទះ​គាត់​ស្ថិត​នៅ​ក្នុងស្រុក​អង្គស្នួល ខេត្តកណ្ដាល ឬនៅ​ក្នុងស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​នោះ​ទេ ។ ខណៈ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ កូនប្រុស​គាត់ ក៏​បាន​ងោក​ ១​ភាំង ហើយ​ក៏​បាន​រេ ​ចង្កូតរថយន្ត​ជួប​គ្រោះថ្នាក់​បុក​ទ្រូងផ្លូវ​បែប​នេះ​តែ​ម្ដង ។

ក្រោយ​ពេល​កើតហេតុ​ កម្លាំងនគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ និង​នគរបាល​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​កាន់​ទីនោះ រួច​រាយការណ៍​ជូន​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឲ្យ​ចុះ​ទៅ​ស្ទូច​នាំ​យក​រថយន្ត​ខាងលើ​ទៅ​រក្សា​ទុក​ រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ