សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី ៖ ប្រធានាធិបតីអ៊ុយក្រែន លោកវ៉ូឡូឌីមៀរហ្ស ឡេនស្គី កាលពីថ្ងៃទី១៧ឧសភាបានចាត់ទុកថា ជារឿងត្រឹមត្រូវ ការវាយប្រហារដ៏ធំបំផុតមួយលើរុស្ស៊ី ពុំធ្លាប់មានតាំងពីចាប់ផ្ដើមសង្គ្រាមមក ដោយតាមអាជ្ញាធររុស្ស៊ីថា ការវាយប្រហារនេះ ប្រើហ្វូងដ្រូនដល់៦០០គ្រឿងបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច៤នាក់ ។

តាមបណ្ដាញសង្គមប្រធានាធិបតីអ៊ុយក្រែនសរសេរថា ចម្លើយតបរបស់យើងចំពោះការបន្តអូសបន្លាយសង្គ្រាមរបស់រុស្ស៊ី និងការវាយប្រហារបណ្ដាទីក្រុងយើងព្រមទាំងសហគមន៍យើងពិតជាត្រឹមត្រូវទាំងស្រុង ។ ការវាយប្រហារដោយហ្វូងដ្រូនដ៏ច្រើនរបស់អ៊ុយក្រែនប្រឆាំងរុស្ស៊ីកើតមាន៣ថ្ងៃ បន្ទាប់ពីរុស្ស៊ីវាយប្រហារទ្រង់ទ្រាយធំលើក្រុងគៀវបណ្ដាលឲ្យមនុស្សស្លាប់ជាង២០នាក់ ហើយអាជ្ញាធរអ៊ុយក្រែនសន្យាពីការតបតវិញ ។
សាររបស់លោកហ្សេឡេនស្គី អមដោយដោយរូបភាពវីដេអូបង្ហាញនូវអ្វីដែលហាក់ដូចជារោងចក្រចម្រាញ់ប្រេងកាតមួយ ដែលមានភ្លើងកំពុងឆេះ ។ ក្នុងបទសម្ភាសន៍មួយមុនការវាយប្រហារលើក្រុងមូស្គុនិងតំបន់ក្រុងនេះ មេបញ្ជាការកងកម្លាំងដ្រូននៃកងទ័ពអ៊ុយក្រែន ឧត្ដមសេនីយរ៉ូប៊ែតប្រូវឌីហៅម៉ាដយ៉ាថ្លែងថា អាជ្ញាធរក្រុងគៀវនៅតែពង្រឹងជាប់ជានិច្ច ការប្រើប្រាស់សមត្ថភាពវាយប្រហាររយៈឆ្ងាយ ។

តាមក្រុងគៀវថា ការវាយប្រហារនេះរបស់អ៊ុយក្រែនលើរដ្ឋធានីរុស្ស៊ី គឺជាការវាយប្រហារសំខាន់បំផុត ពុំធ្លាប់មានចាប់តាំងពីកើតសង្គ្រាមមក។ អ៊ុយក្រែនប្រើហ្វូងដ្រូនហោះឆ្ងាយមានសណ្ឋានដូចជាយន្តហោះតូចៗ ។ ទោះជាតំបន់រដ្ឋធានីរុស្ស៊ី ជាកម្មវត្ថុនៃការវាយប្រហារជាប់រដឹកដោយដ្រូនអ៊ុយក្រែនក្ដី តែក្រុងមូស្គូផ្ទាល់ សិ្ថតនៅចម្ងាយដល់ជាង៤០០គីឡូម៉ែតពីព្រំដែនអ៊ុយក្រែនកម្ររងការវាយប្រហារណាស់ ។
ក្រសួងការពារប្រទេសរុស្ស៊ីអះអាងថា កងការពារអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ដល់៥៥៦គ្រឿងនាពេលយប់ក្នុងតំបន់១៤ បន្ទាប់មកដ្រូន៣០គ្រឿងទៀតបាញ់ទម្លាក់នាពេល
ព្រឹក។

អភិបាលតំបន់ក្រុងមូស្គូលោកអានដ្រេវ៉ូរ៉ូប៊ីអូវគូសបញ្ជាក់ថា នារីម្នាក់និងបុរស២នាក់បានត្រូវស្លាប់នៅតំបន់ជុំវិញក្រុងមូស្គូ។ ជនរងគ្រោះម្នាក់ជាជនជាតិឥណ្ឌាដែលមកធ្វើការនៅរុស្ស៊ី។ នេះបើតាមការអះអាងរបស់ស្ថានទូតឥណ្ឌាប្រចាំក្រុងមូស្គូ ក្នុងសេចក្ដីប្រកាសមួយ។ នៅក្រុងមូស្គូផ្ទាល់ការវាយប្រហារមួយ បណ្ដាលឲ្យមនុស្ស១២នាក់រងរបួស ពិសេសកម្មករនៃការដ្ឋានមួយ ស្ថិតនៅក្បែររោងចក្រចម្រាញ់ប្រេងកាតមួយ។
ដំណើរការផលិតកម្មនៃរោងចក្រចម្រាញ់ប្រេងកាតនោះ មិនត្រូវបានស្ទះឡើយ។ ចំណែកអគារស្នាក់នៅ៣រងការខូចខាត។ នៅតំបន់ក្រុងបែលហ្គោរ៉ូដជិតព្រំដែនអ៊ុយក្រែន បុរសម្នាក់បានត្រូវស្លាប់នាពេលយប់ ដោយសារការវាយប្រហារពីសំណាក់ដ្រូនអ៊ុយក្រែនប្រឆាំងរថយន្តកាំមីញ៉ុងមួយគ្រឿង។

ចំណែកកងទ័ពអាកាសអ៊ុយក្រែនវិញ អះអាងនាថ្ងៃទី១៧ ឧសភា ថា បានបាញ់ទម្លាក់ដ្រូនរុស្ស៊ី២៧៩គ្រឿង ក្នុងចំណោមដ្រូនទាំង២៨៧គ្រឿង ដែលបង្ហោះនមកនាពេលយប់។ មនុស្សយ៉ាងតិច២៤នាក់បានត្រូវស្លាប់ ក្នុងការវាយប្រហារដោយដ្រូននិងមីស៊ីលរុស្ស៊ីលើក្រុងគៀវ កាលពីយប់ថ្ងៃទី១៣ មក ១៤ ឧសភា ។ ចំណែកមនុស្ស៥០នាក់ទៀតរងរបួស ។
តាមសេនាធិការដ្ឋានកងទ័ពអ៊ុយក្រែនថា រោងចក្រមួយមានឯកទេសក្នុងការផលិត បណ្ដាផលិតផលបច្ចេកវិទ្យាខ្ពស់ និងPUCES អេឡិចត្រូនិកសម្រាប់អាវុធបាញ់ចំគោលដៅ ស្ថិតក្នុងតំបន់ក្រុង
មូស្គូ រងការប៉ះពាល់ដោយការវាយប្រហារ៕
ចែករំលែកព័តមាននេះ