ខណៈដែលទុរេនវៀតណាមធ្លាក់ថ្លៃ ហើយទុរេននៅក្នុងស្រុកក៏ចាប់ផ្តើមប្រមូលផល អ្នកលក់ទុរេនមួយរូប បានបង្ហាញការព្រួយបារម្ភខ្លាចទុរេនក្រៅហូរចូលស្រុក ។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន VN Express បានឲ្យដឹងថា តម្លៃទុរេនវៀតណាមនៅពេលនេះ កំពុងតែធ្លាក់ចុះយ៉ាងគំហុក ខណៈផលកំពុងប្រមូល ហើយការនាំចេញមានបញ្ហានៅទីផ្សារចិន ។
ប្រភពដដែលបានឲ្យដឹងថា តម្លៃទុរេនវៀតណាម ដែលឈ្មួញចុះទិញដល់មាត់ទ្វារចម្ការ គឺធ្លាក់ដល់រង្វង់ពី ០,៨-១,១ ដុល្លារប៉ុណ្ណោះ ខណៈដែលតម្លៃកាលពីខែមករា គឺវាថ្លៃជាងនេះដល់ទៅ ៦៦ភាគរយឯណោះ ។ ដោយសារតែការធ្លាក់ចុះបែបនេះ កសិករវៀតណាមកំពុងតែត្អូញត្អែ ស្របពេលដែលអ្នកលក់ទុរេនម្នាក់នៅម្តុំផ្សារទួលទំពូង បានសំដែងការព្រួយបារម្ភថា នេះអាចជាព័ត៌មានមួយដែលពលរដ្ឋយើងគួរប្រុងប្រយ័ត្ន ។
ស្ត្រីអ្នកលក់វ័យប្រមាណជា ៤០ ឆ្នាំរូបនោះ បានឲ្យដឹងថា រឿងទុរេននៅស្រុកយើងមិនបារម្ភរឿងទីផ្សារទេ ប៉ុន្តែអ្វីដែលយើងខ្លាចអ្នករកស៊ីមិនស្មោះត្រង់យកទុរេនពីវៀតណាមមកបន្លំថា ជាទុរេននៅក្នុងស្រុកយើង លក់ថ្លៃដូចទុរេនស្រុកយើង ។
ស្ត្រីដដែលបានបន្តថា «ពលរដ្ឋចូលចិត្តហូបណាស់ ទុរេន ហើយអ្នកខ្លះគ្នាចង់ហូបតែវាថ្លៃ » ។ ស្ត្រីអ្នកលក់ដដែលបានបន្តថា នៅពេលនេះទុរេន នៅក្នុងស្រុក បើយកទាំងមូលមួយគីឡូក្រាម១២.០០០ រៀល តែបើបកយកតែសាច់ គឺមួយគីឡូក្រាម៨០.០០០ រៀល ប៉ុន្តែបើទុរេននាំចូល គឺអត់ដល់នោះទេ ។ តម្លៃទុរេននាំចូលធូរច្រើន រង្វង់ក្រោម១ម៉ឺនរៀលទេ នៅក្នុងមួយគីឡក្រាមសម្រាប់អាមូល បើយកតែសាច់ គឺរង្វង់ ៥០.០០០ទៅ ៦០.០០០ ដូច្នេះហើយយើងខ្លាចមានអ្នកបន្លំ ៕
ចែករំលែកព័តមាននេះ