ទីក្រុងហ្សឺណែវ៖ អង្គការសុខភាពពិភពលោកប្រកាសអំពីការផ្ទុះឡើងជាថ្មីនូវជំងឺអេបូឡានៅសាធារណរដ្ឋកុងហ្គោ និងប្រទេសអ៊ូហ្កង់ដា។ អង្គការចាត់ទុកថានេះជាគ្រោះអាសន្នផ្នែកសុខភាពសាធារណៈដែលជាកង្វល់ជាអន្តរជាតិ។ WHO ថ្លែងថាការផ្ទុះឡើងនូវជំងឺនេះបណ្ដាលមកពីមេរោគឈ្មោះប៊ុនឌីបាក់យ៉ូ (Bundibugyo) ហើយមិនទាន់ឈានដល់ដំណាក់កាលរីករាលដាលកម្រិតពិភពលោកនៅឡើយទេ។

អង្គការដដែលនេះរកឃើញថាមានសេចក្ដីរាយការណ៍ថាមនុស្ស៨០នាក់បានស្លាប់បណ្ដាលមកពីជំងឺអេបូឡា។ មន្ទីរពិសោធចំនួន៨បញ្ជាក់ថាពួកគេស្លាប់ដោយសារអេបូឡាពិតមែន។ ក្រៅពីនេះ មនុស្ស២៤៦នាក់ទៀតសង្ស័យថាបានឆ្លងមេរោគនេះនៅប្រទេសកុងហ្គោដូចជានៅខេត្តអ៊ីធូរី (Ituri) ជាដើម។ ក្រសួងសុខាភិបាលកុងហ្គោអះអាងកាលពីថ្ងៃសុក្រថាមនុស្ស៨០នាក់បានស្លាប់ហើយនៅខេត្តភាគខាងកើតមួយនេះ។

នៅរដ្ឋធានីខាំផាឡា (Kampala) នៃប្រទេសអ៊ូហ្កង់ដា មន្ទីរពិសោធ២កន្លែងដាច់ដោយឡែកពីគ្នាបានធ្វើតេស្តឃើញអ្នកឆ្លងមេរោគនេះ។ ក្នុងនោះម្នាក់បានស្លាប់ហើយបន្ទាប់ពីពួកគេវិលត្រឡប់ពីធ្វើដំណើរទៅប្រទេសកុងហ្គោ។ នេះបើយោងតាមអង្គការសុខភាពពិភពលោក។ នៅរដ្ឋធានីគីនសាសា (Kinshasa) នៃប្រទេសកុងហ្គោ មានករណីអ្នកឆ្លងមេរោគអេបូឡាដែលបញ្ជាក់ដោយមន្ទីរពិសោធ។

មេរោគអេបូឡាត្រូវគេរកឃើញដំបូងបង្អស់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោកាលពីឆ្នាំ១៩៧៦។ គេមានជំនឿថាមេរោគនេះចម្លងមកមនុស្សតាមរយៈការប៉ះពាល់សត្វជ្រឹង ឬប្រចៀវ។ករណីឆ្លងពីមនុស្សទៅមនុស្សតាមរយៈការប៉ះពាល់វត្ថុរាវសរីរៈ និងតាមរយៈស្បែកដែលដាច់រលាត់។ ក្រោយពេលឆ្លងមេរោគនេះ អ្នកជំងឺចាប់ផ្ដើមហូរឈាមមិនព្រមបាត់ និងខូចគ្រឿងក្នុងអស់រលីង។ រោគសញ្ញាបឋមមានដូចជាក្ដៅខ្លួន ឈឺសាច់ដុំ អស់កម្លាំង ឈឺក្បាល និងឈឺបំពង់ក។ បន្ទាប់មក មានអាការៈក្អួត រាគរូស ចេញកន្ទួលនៅលើស្បែក និងហូរឈាម៕ ប្រភព៖ Channel News Asia និង BBC
ចែករំលែកព័តមាននេះ