រាជធានីភ្នំពេញ ៖ បុរសម្នាក់ពុំដឹងថា គាត់ងងុយដេក ឬក៏មានបញ្ហាសុខភាពនោះទេ បានបើកបររថយន្តលាយបេតុង ១គ្រឿង រេចង្កូតធ្លាក់ផ្លូវ រួចក៏ក្រឡាប់ចូលទៅក្នុងប្រឡាយទឹកជ្រៅមួយកន្លែង បណ្ដាលឲ្យគាត់ឈ្លក់ទឹកស្លាប់ ទាំងព្រឹកតែម្ដង ។
ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅតាមផ្លូវលំខ្នងប្រឡាយ ស្ថិតនៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បុរសខាងលើនោះមានឈ្មោះ កាក ចន្ថា អាយុ២៧ឆ្នាំ មុខរបរបើកបររថយន្តខាងលើ មានស្រុកកំណើតនៅឯឃុំអង្គប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ និងមានទីលំនៅបច្ចុប្បន្នភូមិរួចចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ។ ចំណែករថយន្ត ដែលគាត់បើកនោះមិនអាចមើលឃើញម៉ាក និងស្លាកលេខនោះទេ ព្រោះវាបានលិចទៅក្នុងទឹកប្រឡាយ មើលឃើញតែកង់ផ្នែកខាងឆ្វេងចំនួន៥គ្រាប់ និងបំពង់ស៊ីម៉ាំង១កំណាត់ប៉ុណ្ណោះ ។
សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា នៅវេលាម៉ោងខាងលើ រថយន្តនោះបុរសរងគ្រោះរូបនោះបានបើកបររថយន្តលាយបេតុង ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនគួរសមដែរ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ពុំដឹងថា គាត់ងងុយដេកហើយងោក ១ភាំង ឬក៏គាត់មានបញ្ហាសុខភាពនោះទេ ស្រាប់តែរេចង្កូតទៅខាងស្ដាំដៃ រួចក្រឡាប់ចូលប្រឡាយទឹកទាំងកំរោលតែម្ដង ។
សាក្សីដដែល បាននិយាយបន្តទៀតថា ខណៈនោះរថយន្តបានលិចទៅក្នុងទឹកស្ទើរតែទាំងស្រុង ហើយពេលឃើញបែបនេះ អ្នកនៅជិតនោះបាននាំក្នុងចូលទៅជួយយកអ្នកបើកបរចេញដែរ។ ប៉ុន្តែភ្លាមៗនោះ មិនអាចជួយបាននោះទេ ព្រោះរថយន្តលិចបាត់ក្នុងទឹកស្ទើរទាំងស្រុង មិនអាចមើលគាត់ឃើញនោះទេ មិនតែប៉ុណ្ណោះទ្វាររថយន្តខាងលើជាប់គន្លឹះថែមទៀត ហើយទំរាំតែគាស់យកចេញបានបុរសអ្នកបើករថយន្តរូបនោះបានស្លាប់បាត់ទៅហើយ ។
ក្រោយកើតហេតុ នគរបាលប៉ុស្តិ៍ព្រៃស បានសហការជាមួយនគរបាលចរាចរាចរខណ្ឌដង្កោ ចុះពិនិត្យជាក់ស្តែង និងស្វែងរកសាច់ញាតិ មកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី និងស្ទូចយកខាលើទៅរក្សាទុកបណ្តោះអាសន្ន ៕







ចែករំលែកព័តមាននេះ