ខេត្តស្ទឹងត្រែង ៖ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នេះ រដ្ឋបាលក្រុងស្ទឹងត្រែង បានបើកយុទ្ធនាការចុះរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ នៅតាមដងផ្លូវជុំវិញផ្សារសាមគ្គីស្ទឹងត្រែង ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង និងកាត់បន្ថយការកកស្ទះចរាចរណ៍ ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការសហការយ៉ាងជិតស្និទ្ធ រវាងអាជ្ញាធរក្រុងស្ទឹងត្រែង ជាមួយកម្លាំងជំនាញមកពីទីចាត់ការអន្តរវិស័យសាលាខេត្តមន្ទីរសាធារណការ និងដឹកជញ្ជូន.មន្ទីរអធិការកិច្ច មន្ទីរទេសចរណ៍ខេត្ត។

គួរបញ្ជាក់ផងដែរថា មុននឹងឈានដល់ការចុះអនុវត្តវិធានការរៀបចំសណ្តាប់ធ្នាប់នាពេលនេះ រដ្ឋបាលក្រុងស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹងជាមុនផ្សព្វផ្សាយ និងណែនាំដល់បងប្អូនអាជីវករ ក៏ដូចជាអ្នកលក់ដូរទាំងអស់ ដោយបានកំណត់ឱសានវាទត្រឹមថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ រួចរាល់ហើយ ។

ទន្ទឹមនឹងនេះ អាជ្ញាធរក្រុងក៏បានអំពាវនាវយ៉ាងទទូចដល់បងប្អូនអាជីវករ ប៉ូលិសចរាចរណ៍ និងប្រជាពលរដ្ឋទាំងអស់ មេត្តាចូលរួមសហការខ្ពស់ក្នុងការរក្សា និងមិនត្រូវរំលោភយកចំណីផ្លូវសាធារណៈធ្វើជាកន្លែងលក់ដូរឡើយ ដើម្បីរួមគ្នាកសាងទីក្រុងស្ទឹងត្រែងឱ្យមានបរិស្ថានស្អាត សណ្តាប់ធ្នាប់ល្អ និងរបៀបរៀបរយគួរជាទីមោទនៈ ៕




ចែករំលែកព័តមាននេះ