ទីក្រុងម៉ាយអាមី៖ ក្រសួងយុត្តិធម៌អាមេរិកកំពុងត្រៀមប្ដឹងអតីតប្រធានាធិបតីគុយបា លោករ៉ាអ៊ូល កាស់ស្ត្រូ ឡើងតុលាការ។ ចំណាត់ការនេះធ្វើឡើងនៅពេលដែលលោកត្រាំព្រមានប្រើកម្លាំងយោធាទៅលើប្រទេសកុម្មុយនិស្តមួយនេះ។ ប្រភពម្នាក់ប្រាប់ថាសំណុំរឿងប្ដឹងលោកកាស់ស្ត្រូមួយករណីពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្តហោះ៤គ្រឿងកាលពីឆ្នាំ១៩៩៦ដែលយន្តហោះទាំងនោះដំណើរការដោយក្រុមជនជាតិគុយបានិរទេសខ្លួនមានទីស្នាក់ការនៅទីក្រុងម៉ាយអាមី រដ្ឋផ្លរីដា។ កាលនោះ លោកកាស់ស្ត្រូជារដ្ឋមន្ត្រីការពារជាតិគុយបា។

ដំណឹងស្ដីពីការត្រៀមកាត់ទោសលោករ៉ាអ៊ូល កាស់ស្ត្រូនេះផ្សព្វផ្សាយដំបូងគេតាមទូរទស្សន៍ស៊ីប៊ីអែស។ ទីភ្នាក់ងារព័ត៌មានអេភីរាយការណ៍កាលពីខែមីនាថារដ្ឋអាជ្ញាអាមេរិកប្រចាំទីក្រុងម៉ាយអាមីបានបង្កើតក្រុមការងារពិសេសដែលប្រមូលផ្ដុំដោយរដ្ឋអាជ្ញាជាច្រើនរូប និងមន្ត្រីអនុវត្តច្បាប់ដើម្បីរៀបចំសំណុំរឿងប្ដឹងមន្ត្រីរដ្ឋាភិបាលគុយបា។ ជាមួយគ្នានោះដែរក៏មានសំឡេងអំពាវនាវពីក្រុមអ្នកសាធារណរដ្ឋនិយមនៅរដ្ឋផ្លរីដាដើម្បីបើកការស៊ើបអង្កេតទៅលើសំណុំរឿងលោករ៉ាអ៊ូល កាស់ស្ត្រូពាក់ព័ន្ធនឹងការបាញ់ទម្លាក់យន្តហោះ៤គ្រឿងកាលពីឆ្នាំ១៩៩៦។

នៅពេលលោកត្រាំចង់ងាកចេញពីសង្គ្រាមអ៊ីរ៉ង់ មានពាក្យចចាមអារ៉ាមថាលោកចង់ផ្ដោតការយកចិត្តទុកដាក់ទៅលើប្រទេសគុយបាវិញម្ដង។ នាយកទីភ្នាក់ងារសម្ងាត់ស៊ីអាយអេ លោកចន រ៉េតគ្លីហ្វបានជួបមន្ត្រីរដ្ឋាភិបាលគុយបា រួមទាំងចៅប្រុសរបស់លោកកាស់ស្ត្រូផងដែរនៅពេលលោកបំពេញទស្សនកិច្ចនៅទីនោះកាលពីថ្ងៃព្រហស្បតិ៍។ លោករ៉ាអ៊ូល កាស់ស្ត្រូសព្វថ្ងៃនេះមានអាយុ៩៤ឆ្នាំ។ លោកឡើងកាន់អំណាចបន្តពីបងប្រុស លោកហ្វ៊ីដែលកាស់ស្ត្រូកាលពីឆ្នាំ២០១១។ ក្រោយមក លោកផ្ទេរអំណាចទៅឱ្យលោកមីហ្គេល ឌីយ៉ាស់ ខានែលកាលពីឆ្នាំ២០១៩។

ទោះបីលោកព្យាយាមមិនចេញមុខមាត់ជាសាធារណៈចាប់តាំងពីឆ្នាំ២០២១ ប៉ុន្តែគេជឿជាក់ថាលោកជាអ្នកនៅពីក្រោយវាំងនននយោបាយដើម្បីបញ្ជាពីក្រោយខ្នង។ ករណីដែលគុយបាបាញ់យន្តហោះកាលពីឆ្នាំ១៩៩៦នោះគឺជាចំណុចរសើបនៃអរិភាពរវាងអាមេរិក និងគុយបាអស់រយៈពេលជាច្រើនទសវត្សកន្លងទៅនេះ។ កាលនោះ ប្រធានាធិបតីគ្លីនតុនព្យាយាមធ្វើអ្វីដោយប្រយ័ត្នប្រយែងដើម្បីកាត់បន្ថយភាពតានតឹងជាមួយប្រទេសបច្ចាមិត្តមួយនេះដែលស្ថិតនៅចម្ងាយតែ៩០ម៉ាយពីគ្នាតែប៉ុណ្ណោះ៕ ប្រភព៖ AP
ចែករំលែកព័តមាននេះ