ជំនឿ៖ យោងតាមការចុះផ្សាយពីប្រភពបរទេស ដើមឫស្សីហុងស៊ុយមិនត្រឹមតែជាប្រភេទរុក្ខជាតិលម្អដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែវាក៏ត្រូវបានគេចាត់ទុកជា «យ័ន្តនាំសំណាង» ជួយឱ្យសិស្សនិស្សិតមានអារម្មណ៍មូលដៅ បង្កើនបញ្ញាស្មារតី និងជួយឱ្យការសិក្សាស្រឡះទូលាយ។ ការមានវត្តមានរបស់រុក្ខជាតិនេះនៅលើតុរៀនបាននាំមកនូវអត្ថប្រយោជន៍សំខាន់ៗជាច្រើន។
ដំបូងបង្អស់ ឫស្សីហុងស៊ុយមានសមត្ថភាពជួយកែលម្អបរិយាកាសសិក្សា ដោយវាជួយចម្រោះធូលីដី និងសារធាតុពុលក្នុងអាកាស ធ្វើឱ្យលំហជុំវិញតុរៀនមានភាពស្រស់ស្រាយ ដែលជួយឱ្យខួរក្បាលដំណើរការបានល្អ និងកាត់បន្ថយភាពងងុយដេក។ ការដាំរុក្ខជាតិនេះក្នុងទឹកក៏ជួយបង្កើនសំណើមក្នុងបន្ទប់ កាត់បន្ថយការស្ងួតស្បែក និងការហត់នឿយភ្នែកសម្រាប់អ្នកដែលអង្គុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរ។ ផ្នែកចិត្តសាស្ត្រ ពណ៌បៃតងរបស់វាមានប្រសិទ្ធភាពជួយសម្រាលប្រព័ន្ធសរសៃប្រសាទ បង្កើតអារម្មណ៍ស្ងប់ចិត្ត និងផ្ដល់ជា «កន្លែងសម្រាក» ដ៏មានតម្លៃសម្រាប់ភ្នែកក្នុងអំឡុងពេលប្រឡងដ៏តានតឹង។
ផ្នែកហុងស៊ុយ ដើមឫស្សីហុងស៊ុយតំណាងឱ្យលាភសក្ការៈ សំណាងល្អ និងការរីកចម្រើនទៅមុខ ដោយកង់នៅលើដើមរបស់វាជានិមិត្តរូបនៃការឡើងឋានៈម្ដងមួយជំហានយ៉ាងរឹងមាំក្នុងវិថីសិក្សាអប់រំ។ នៅក្នុងក្បួនហុងស៊ុយ គេជឿថាការដោតដើមឫស្សីនេះចំនួន ៤ ដើមទៅក្នុងថូទឹក គឺតំណាងឱ្យ «ផ្កាយសំណាង»ដែលជាផ្កាយគ្រប់គ្រងលើការប្រឡង និងវិទ្យាសាស្ត្រ ដែលជួយឱ្យសិស្សមានប្រាជ្ញាភ្លឺថ្លា រៀនមួយដឹងដប់។
អត្ថប្រយោជន៍ចុងក្រោយគឺការថែទាំដ៏ងាយស្រួល និងស្អាតស្អំ ដោយគ្រាន់តែដាំក្នុងថូទឹកថ្លា មិនបាច់ប្រើដី មិនបារម្ភរឿងសត្វល្អិត ហើយការលូតលាស់រឹងមាំរបស់វាក៏ជាមេរៀនរំលឹកចិត្តឱ្យសិស្សានុសិស្សខិតខំប្រឹងប្រែងជម្នះរាល់ឧបសគ្គដើម្បីភាពជោគជ័យ។ ដើមរុក្ខជាតិនេះគួរតែដាក់នៅប៉ែកខាងឆ្វេងនៃតុរៀន ឬក្បែរបង្អួច ដើម្បីទាញយកថាមពលវិជ្ជមានបានល្អបំផុត៕
ចែករំលែកព័តមាននេះ