ទីក្រុងវ៉ាស៊ីនតោន៖ លោកដូណាល់ត្រាំថ្លែងថាលោកអស់ភាពអត់ធ្មត់តទៅទៀតហើយជាមួយអ៊ីរ៉ង់ និងថាលោកស៊ីជីនពីងក៏យល់ស្របដូចលោកដែរថាអ៊ីរ៉ង់ត្រូវតែបើកច្រកសមុទ្រហ័រម៉ូស។ លោកថ្លែងបន្តទៀតថាកំពុងពិចារណាលុបចោលទណ្ឌកម្មលើក្រុមហ៊ុនប្រេងរបស់ចិនមួយចំនួនដែលនៅបន្តទិញប្រេងពីអ៊ីរ៉ង់។ ប្រទេសចិនជាអ្នកទិញប្រេងឆៅរបស់អ៊ីរ៉ង់ច្រើនជាងគេ។ ការថ្លែងរបស់លោកត្រាំដូចខាងលើនេះអាចឱ្យគេយល់បានថាប្រទេសចិនមិនទាន់សន្យាដោយប្រាកដប្រជាថាខ្លួននឹងប្រើប្រាស់ឥទ្ធិពលដើម្បីឱ្យអ៊ីរ៉ង់បញ្ចប់សង្គ្រាមទេ។

លោកត្រាំថ្លែងថាលោកមិនបានស្នើសុំឱ្យប្រទេសចិនធ្វើអ្វីមួយជាប្រយោជន៍សម្រាប់អាមេរិកទេព្រោះបើលោកធ្វើដូច្នេះ ប្រាកដជាត្រូវតបស្នងទៅគេវិញជាមិនខាន។ លោកថ្លែងដូច្នេះនៅពេលអ្នកសារព័ត៌មានសួរថាតើលោកស៊ីជីនពីងប្ដេជ្ញាដាក់សម្ពាធលើប្រទេសអ៊ីរ៉ង់ដើម្បីបើកច្រកសមុទ្រហ័រម៉ូសឡើងវិញដែឬទេ។ លោកស៊ីជីនពីងមិនបានធ្វើអត្ថាធិប្បាយអ្វីទេពាក់ព័ន្ធនឹងការពិភាក្សាគ្នាជាមួយលោកត្រាំអំពីបញ្ហាអ៊ីរ៉ង់។ ប៉ុន្តែក្រសួងការបរទេសចិនបានចេញសេចក្ដីប្រកាសមួយគូសបញ្ជាក់អំពីការខឹងសម្បារចំពោះសង្គ្រាមអ៊ីរ៉ង់។ ក្រសួងថាសង្គ្រាមនេះមិនសមកើតមានទេ ហើយក៏មិនគួរកើតមានជាបន្តទៀតនោះដែរ។

លោកត្រាំថ្លែងថាយើងមិនចង់ឱ្យពួកគេមានអាវុធនុយក្លេអ៊ែរទេ យើងចង់ឱ្យពួកគេបើកច្រកសមុទ្រហ័រម៉ូស។ លោកថ្លែងដូច្នេះនៅចំពោះមុខលោកស៊ីជីនពីង។ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ថ្លែងថារដ្ឋាភិបាលរបស់លោកបានទទួលសារនយោបាយពីអាមេរិករួចហើយ។ លោកថាអាមេរិកមានចេតនាចង់បន្តការចរចាគ្នា។ លោកថ្លែងដោយក្ដីសង្ឃឹមថានៅពេលចរចាគ្នាជាបន្តទៀត យើងនឹងឈានដល់ការចេញជាលទ្ធផលល្អដើម្បីឱ្យច្រកហ័រម៉ូសមានសុវត្ថិភាពទាំងស្រុង ហើយអាចធ្វើឱ្យការធ្វើនាវាចរណ៍កាត់ច្រកនេះជាធម្មតាឡើងវិញ។

អ៊ីរ៉ង់នៅតែប្រកែកមិនព្រមបោះបង់ចោលការស្រាវជ្រាវនុយក្លេអ៊ែររបស់ខ្លួនឡើយ ហើយក៏មិនបោះបង់ចោលសារធាតុអ៊ុយរ៉ាញ៉ូមដែលខ្លួនបានចម្រាញ់រួចហើយដែរ។ ចំណុចនេះហើយដែលធ្វើឱ្យលោកត្រាំខឹងសម្បារ។ លោកថាភាពអត់ធ្មត់របស់លោកនៅមានកម្រិតតិចតួចជាទីបំផុត។ ពួកគេត្រូវតែចរចាឱ្យមានកិច្ចព្រមព្រៀងជាមួយគ្នា។ បន្ទាប់ពីលោកត្រាំជួបថ្នាក់ដឹកនាំចិនប៉ុន្តែមិនទទួលបានលទ្ធផលអ្វីពាក់ព័ន្ធនឹងអ៊ីរ៉ង់ ប្រេងឆៅឡើងថ្លៃ៣% លក់ចេញមួយបារ៉ែលតម្លៃ១០៩ដុល្លារ៕ ប្រភព៖ Reuters
ចែករំលែកព័តមាននេះ