ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាតវ៉ាដាច់ខាត​ ចំពោះសកម្មភាពរបស់ថៃធ្វើនៅលើទឹកដី«ប្រាសាទខ្នារ ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី»

1 នាទី មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ យោងតាមក្រសួងវិប្បធម៌ និង​​វិចិត្រសិល្បៈ បាន​ចេញ​សេចក្តីថ្លែងការណ៍​ដែល​មាន​អត្ថន័យ​សង្ខេប​ដូច​ខាងក្រោម​ថា៖ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈនៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ធ្វើការ​តវ៉ា​យ៉ាង​ខ្លាំងក្លា​បំផុត និង​ជំទាស់​ជា​ដាច់ខាត​ចំពោះ​ការ​រៀបចំ​ព្រឹត្តិការណ៍ និង​ពិធី​សាសនា…

រាជធានីភ្នំពេញ ៖ យោងតាមក្រសួងវិប្បធម៌ និង​​វិចិត្រសិល្បៈ បាន​ចេញ​សេចក្តីថ្លែងការណ៍​ដែល​មាន​អត្ថន័យ​សង្ខេប​ដូច​ខាងក្រោម​ថា៖

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈនៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ធ្វើការ​តវ៉ា​យ៉ាង​ខ្លាំងក្លា​បំផុត និង​ជំទាស់​ជា​ដាច់ខាត​ចំពោះ​ការ​រៀបចំ​ព្រឹត្តិការណ៍ និង​ពិធី​សាសនា ព្រមទាំង​ការ​បើក​ប្រាសាទខ្នារ​ឱ្យ​ចូល​ទស្សនា​ជា​សាធារណៈដោយ​ភាគី​ថៃ ដែល​ទីតាំង​បេតិកភណ្ឌ​នេះ ​គឺ​ស្ថិត​ក្រោម​អធិបតេយ្យភាព​របស់​កម្ពុជា​។

ក្រសួង​សូម​បញ្ជាក់​ជា​ថ្មី​ថា ប្រាសាទខ្នារ រួម​ជាមួយ​ប្រាសាទតាមាន់ធំ និង​ប្រាសាទ​តា​ក្របី គឺជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ និង​វប្បធម៌​ដែល​ស្ថិត​ទាំងស្រុង​ក្នុង​ដែន​អធិបតេយ្យ​នៃ​ព្រះរា​ជា​ណាចក្រ​កម្ពុជា ដូច​មានការ​កំណត់​យ៉ាង​ច្បាស់​ដោយ​សន្ធិសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៤ និង​ឆ្នាំ​១៩០៧ ព្រមទាំង​ឯកសារ​ពាក់ព័ន្ធ​នៃ​ការ​កំណត់ព្រំដែន ដែល​ត្រូវ​បាន​ទទួលស្គាល់​ក្រោម​ច្បាប់​អន្តរជាតិ​។

ការ​រៀបចំ​ពិធី​ផ្លូវការ ការ​ជួបជុំ​ជា​សាធារណៈ សកម្មភាព​ទេសចរណ៍​នានា ក៏​ដូច​ជា​ទម្រង់​ណាមួយ​ក៏​ដោយ នៃ​ការ​អនុវត្ត​អំណាច​បែប​រដ្ឋបាល ឬ​សកម្មភាព​ជា​និមិត្តរូប​ដើម្បី​កំណត់​អធិបតេយ្យភាព​របស់​ខ្លួន ដោយ​អាជ្ញាធរ​ថៃ នៅ​តាម​ទីតាំង​វប្បធម៌​របស់​កម្ពុជា​ទាំងនេះ គឺជា​ទ​ង្វើ​ខុសច្បាប់ និង​ជា​ការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​។

ទ​ង្វើ​ទាំងនេះ គឺជា​ការ​ប៉ុនប៉ង​ដោយ​ចេតនា ដើម្បី​បង្កើត​ស្ថានភាព​ជាក់ស្តែង​នៅ​លើ​ដី (fait accompli) ដើម្បី​ពង្រឹង​ការ​កាន់កាប់​ទឹកដី​ដោយ​ប្រើប្រាស់​កម្លាំង ការ​បង្កើត​នូវ​អង្គហេតុ និង​ក្រប​ខណ្ឌ​គតិ​យុ​ត្ត​ក្លែងក្លាយ​ដើម្បី​ការ​កាន់កាប់​ទឹកដី​របស់​កម្ពុជា តាម​សកម្មភាព​កាន់កាប់​ជាក់ស្តែង (de facto) និង​តាម​រូបភាព​ផ្លូវច្បាប់ (de jure) គឺជា​អំពើ​ខុសច្បាប់​។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​សូម​ធ្វើការ​បដិសេធ​យ៉ាង​ដាច់ខាត​ចំពោះ​ការ​ប៉ុនប៉ង​ណាមួយ ក្នុង​ការ​ធ្វើ​ឱ្យ​ការ​កាន់កាប់​ខុសច្បាប់​ទាំងនេះ មាន​លក្ខណៈ​ស្របច្បាប់ ឬ​មានការ​ទទួលស្គាល់​តាម​រយៈ​សកម្មភាព​ឯកតោភាគី តាម​រយៈ​សកម្ម​សាធារណៈ សាសនា រដ្ឋបាល វប្បធម៌ ។​ល​។

ក្រោម​ច្បាប់​អន្តរជាតិ រួម​ទាំង​មាត្រា ២(៤) នៃ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​គោលការណ៍​ស្តី​ពី​ការ​មិន​អនុញ្ញាត​ឱ្យ​ទទួល​បាន​ទឹកដី​តាម​រយៈ​ការ​ប្រើ​កម្លាំង ទ​ង្វើ ឬ​សកម្មភាព​ឯកតោភាគី​ណាមួយ ដែល​អនុវត្ត​ក្រោម​ការ​កាន់កាប់ មិន​អាច​ផ្លាស់​ប្តូរ​អធិបតេយ្យភាព​ស្របច្បាប់​របស់​កម្ពុជា​លើ​តំបន់​ទាំងនេះ​បាន​ឡើយ​។

រាជាណាចក្រ​កម្ពុជា ចាត់​ទុក​សកម្មភាព​ទាំងនេះ​ថា ជា​ការ​ធ្វើ​ឱ្យ​ស្ថានការណ៍​កាន់តែ​ធ្ងន់ធ្ងរ និង​សូម​កត់ត្រា​ទុកជា​ផ្លូវការ​នូវ​ការ​មិន​ទទួលស្គាល់ និង​ការ​មិន​យល់ព្រម​ទាំងស្រុង​ចំពោះ​ទ​ង្វើ​ទាំង​អស់នេះ​។ សកម្មភាព​ទាំងនេះ គឺជា​អំពើ​គ្មាន​សុពលភាព និង​គ្មាន​អានុភាព​ផ្លូវច្បាប់ ហើយ​មិន​អាច​បង្កើត ឬ​ផ្តល់​សិទ្ធិ កម្មសិទ្ធិ ឬ​ការ​អះអាង​ណាមួយ​ដល់​ប្រទេស​ថៃ​បាន​ឡើយ​។

ក្រសួង​សូម​អំពាវនាវ​ដល់​រាជរដ្ឋាភិបាល​ថៃ ឱ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ទាំងអស់​នៅ​តាម​តំបន់​បេតិកភណ្ឌ​វប្បធម៌​របស់​កម្ពុជា ដោយ​ដក​ចេញ​នូវ​វិធានការ​ខុសច្បាប់​ទាំងអស់ និង​ចៀសវាង​សកម្មភាព​បន្ថែម​ណាមួយ ដែល​អាច​ធ្វើ​ឱ្យ​ភាព​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ ឬ​ប៉ះពាល់​ដល់​ការ​ដោះស្រាយ​បញ្ហា​នេះ​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ​។


ព្រះរាជាណាចក្រ​កម្ពុជា នៅ​តែ​ប្តេជ្ញា​យ៉ាង​មុតមាំ ក្នុង​ការ​ការពារ​អធិបតេយ្យភាព ថែរក្សា​បេតិ​កភណ្ឌ​វប្បធម៌​របស់​ខ្លួន និង​បន្ត​អនុវត្ត​គ្រប់​វិធានការ​ផ្លូវច្បាប់ និង​ការទូត​ដោយ​សន្តិវិធី ដែល​សម​ស្រប ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​ខ្លួន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ