ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហេង សួរ ចូលរួម​អបអរសាទរ​សិស្ស​-​និស្សិត​ជ័យ​លា​ភី TVET ជាង២​ពាន់​នាក់​ដែល​ជា​កម្លាំង​ច​លករ​ថ្មី​រួមចំណែក​លើកកម្ពស់​មុខមាត់​សេដ្ឋកិច្ច និង​ទាក់ទាញ​វិនិយោគ​នៅ​ខេត្តស្វាយរៀង

1 នាទី មុន
  • ស្វាយរៀង

ខេត្តស្វាយ​រៀង​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​សិស្ស​-​និស្សិត​ ទទួល​ជ័យ​លា​ភី ឆ្នាំ​២០២៣-២០២៥…

ខេត្តស្វាយ​រៀង​ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​សិស្ស​-​និស្សិត​ ទទួល​ជ័យ​លា​ភី ឆ្នាំ​២០២៣-២០២៥ ចំនួន​៧៥៨​អង្គ​/​នាក់ (​ស្រី ២៩៣​នាក់​) ក្នុង​ចំណោម​សិស្ស​-​និស្សិត សរុប ២ ៧២៥​នាក់ នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​ស្វាយ​រៀង នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែឧសភា ឆ្នាំ​២០២៦ ដែល​ក្នុង​នោះ​ រួម​មាន​សញ្ញាបត្រ​បច្ចេកទេស​និង​វិជ្ជាជីវៈ​កម្រិត ១, ២, ៣, សញ្ញាបត្រ​ជាន់​ខ្ពស់​បច្ចេកទេស និង​បរិញ្ញាបត្រ​បច្ចេកទេស​។


 
ក្នុង​កម្មវិធី​ដែល​មាន​អ្នកចូលរួម​ជិត​១ ៥០០​នាក់ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​សិស្ស​-​និស្សិត​ ដែល​ទទួល​ជ័យ​លា​ភី​និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ជាទី​មោ​ទ​នៈ​របស់​វិទ្យាស្ថាន​ដែល​បាន​បំពេញការងារ​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់​ ។ ជោគជ័យ​នេះ​កើត​ចេញពី​ការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​ក្នុង​ការ​ចាប់​យក​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​(TVET) ធ្វើ​ជា «​ស្ពាន​ចម្លង​» សម្រាប់​កសាង​អនាគត​របស់​ខ្លួន គ្រួសារ និង​សង្គម​ជាតិ​។

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា ក្មួយ​ៗ មាតាបិតា ក៏​ដូច​ជា​អាណាព្យាបាល​ គឺជា​សាក្សី​រស់ និង​ជា​អ្នក​ផ្សព្វផ្សាយ​ដ៏​មាន​ឥទ្ធិពល​នៅ​ថ្នាក់​មូលដ្ឋាន​ដែល​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​សិក្សា TVET ជា​ពិសេស ​កម្មវិធី ១,៥​លាន​នាក់ គឺជា​ការ​ជ្រើសរើស​ប្រកបដោយ​ភាព​វៃឆ្លាត ដោយសារ​តែ​ការ​សិក្សា​មាន​រយៈពេល​ខ្លី និង​ទទួល​បាន​ប្រាក់ខែ​ឆាប់​ៗ អាច​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ និង​ជួយ​បំពេញតម្រូវការ​កម្លាំង​ពលកម្ម​ជំនាញ​នៅ​កម្ពុជា ក៏​ដូច​ជា​ជួយ​ទាក់ទាញ​ការ​វិនិយោគ​ផង​ដែរ​។

ទន្ទឹម​នេះ ឯកឧត្តម​ក៏​បាន​រំលេច​ពី​អត្ថប្រយោជន៍​ជា​ច្រើន​នៃ​កម្មវិធី ១,៥​លាន​នាក់ ដែល​ជា​អាទិភាព​មួយ​ក្នុង​ការ​កសាង​មូលធន​មនុស្ស​របស់​រាជរដ្ឋាភិបាល​ក្នុង​អាណត្តិ​ទី​៧ ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ក្នុង​ការ​យកចិត្តទុកដាក់​ខ្ពស់​ដើម្បី​ធានា​បាន​នូវ​ជីវភាព​សមរម្យ​ដល់​ពលរដ្ឋ​និង​សម្រេច​គោលដៅ «ពលរដ្ឋ​ម្នាក់​មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត​» និង​អភិក្រម «រៀន​ឱ្យ​ចប់ ឱ្យ​ចេះ ឱ្យ​មានការ​ងារ​ធ្វើ​» ​។

ឯកឧត្តម​រដ្ឋមន្ត្រី​បន្ត​ថា ទោះ​បញ្ចប់​ការ​សិក្សា ក្មួយ​ៗ ​សុទ្ធតែ​នៅ​មានឱកាស​ពង្រឹងសមត្ថភាព ផ្លាស់​ប្តូរ​ជំនាញ និង​ពង្រឹង​ជំនាញ​បន្ថែម​ទៀត​នៅ​វិទ្យាស្ថាន​នេះ​ឬ​សាលា TVET​ផ្សេង​ដើម្បី​បំពេញតម្រូវការ​នៃ​កំណើន​ពលកម្ម​ជំនាញ​ទាំង​ក្នុងស្រុក តំបន់ និង​សកល ដែល​រួមចំណែក​ដល់​ភាព​រីក​ចម្រើន​នៃ​សេដ្ឋកិច្ចជាតិ ជា​ពិស​ស​ជួយ​សម្រេច​ទស្សនវិស័យ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ឆ្នាំ​២០៥០​។

លើស​ពី​នេះ ការ​ទទួល​សញ្ញាបត្រ​នេះ គឺ​គ្រាន់តែ​ជា​ការ​បញ្ចប់​ការ​សិក្សា​នៅ​សាលា​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ក្មួយ​ៗ​នៅ​តែ​បន្ត​ការ​រៀនសូត្រ​បន្ថែម​ទៀត​នៅ​ក្នុង​ពិភព​ការងារ និង​សង្គម ដែល​ឯកឧត្តម​ចាត់​ទុក​ថា«​រៀន​ដោយ​ឥត​គ្រូ ដោយ​គ្មាន​រូបមន្ត​ច្បាស់លាស់»​។ ជាមួយនឹង​អ្នក​រួម​អាជីព​ការងារ ឯក​ឧត្តម ហេង សួរ បាន​ជំរុញ​យុវជន​ត្រូវ​ចេះ​ពី​ការ​ធ្វើ​ទំនាក់ទំនង ការងារ​ជា​ក្រុម និង​សម្រប​សម្រួល ជា​ពិសេស​ត្រូវ​ពូកែ​អង្កេត និង​ច្បិច​យក​ចំណុច​ល្អ​ៗ​របស់​ថ្នាក់ដឹកនាំ​ខ្លួន​មក​កែ​ច្នៃ​ប្រើប្រាស់ ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ​របស់​ខ្លួន​។


 
នៅ​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​ដែល​ទូរស័ព្ទ​ដៃ​ឆ្លាត​វៃ​កំពុង​ក្លាយជា «​ឃ្លាំង​ព័ត៌មាន​» ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ក្រើនរំលឹក​ដល់​យុវជន​កុំ​ចំណាយពេល​ច្រើន​ពេក​លើ​បណ្តាញ​សង្គម ប៉ុន្តែ​ត្រូវ​ប្រើប្រាស់​វា​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ និង​រៀន​ពី​កម្មវិធី​ផ្សេង​ៗ​ដោយ​ខ្លួនឯង​ជា​ពិសេស បញ្ញា​សិប្បនិម្មិត (AI) ដើម្បី​បង្កើន​ចំណេះដឹង​បច្ចេកទេស ដែល​ជួយ​សម្រួល​ដល់​ការ​បំពេញការងារ​ ។

ឯកឧត្តម ហេង សួរ ក៏​បាន​ស្នើ​ឱ្យ​វិទ្យាស្ថាន​ខិតខំ​ពង្រីក​ភាព​ជា​ដៃគូ​ជាមួយនឹង​សហគ្រាស គ្រឹះស្ថាន ក្រុមហ៊ុន កសិដ្ឋាន យានដ្ឋាន និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​បាន​រឹតតែ​ច្រើន​បន្ថែម​ទៀត​។ ជាមួយនឹង​ការ​បង្ហាញ​ពី​សក្តានុពល​សេដ្ឋកិច្ច​នៃ​ខេត្តស្វាយរៀង ដែល​បាន​ក្លាយជា​ខេត្ត​តារា​រះ​មួយ​នៅ​ទិស​ខាងកើត ឯកឧត្តម​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ក្រសួង​ការងារ​នឹង​ខិតខំ​កៀរគរ​ធនធាន​ថវិកា​ដើម្បី​បង្កើត​ជា​វិទ្យាស្ថាន TVET មួយ​នៅ​ក្នុងស្រុក​រមាស​ហែក​នា​ពេល​ខាង​មុខ ដែល​ជា​ការ​ផ្តល់​ឱកាស​និង​ជម្រើស​ថ្មី​ដល់​ប្រជាពលរដ្ឋ​មូលដ្ឋាន ក៏​ដូច​ជា​ជួយ​អភិវឌ្ឍន៍​ធនធានមនុស្ស​ផង​ដែរ​។


 
នា​ឱកាស​នេះ លោក ម៉ែ​ន អេ​ង អភិបាលរង​នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង​មាន​ប្រសាសន៍​ថា ចំណេះដឹង ជំនាញ​របស់​ប្អូន​ៗ​ដែល​ជា​អ្នកបច្ចេកទេស​នេះ គឺ​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការ​ឆ្លើយ​តប​នឹង​តម្រូវការ​ទីផ្សារ​នៅ​ខេត្តស្វាយរៀង ដែល​កំពុង​ក្លាយជា​ប៉ូ​ល​សេដ្ឋកិច្ច​ដ៏​សំខាន់​ដោយ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ច្រើន​ជាងគេ​នៅ​កម្ពុជា​ជាមួយនឹង​បុគ្គលិក កម្មករ​ជាង ១៦​ម៉ឺន​នាក់​។

លោក មុត ចិន្តា នាយក​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​ស្វាយ​រៀង​បាន​បង្ហាញ​ពី​របាយការណ៍​វឌ្ឍនភាព​នៃ​វិទ្យាស្ថាន ដែល​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​សម្របសម្រួល គ្រប់គ្រង និង​ផ្តល់​សេវា TVET ទៅ​តាម​តម្រូវការ​ទីផ្សារ​ការងារ​ ។ វិទ្យាស្ថាន​បាន​ប្តេជ្ញា​ខិតខំ​បង្កើន​ការ​ចុះ​ឈ្មោះ​ចូល​រៀន​របស់​សិស្ស​និស្សិត​ឱ្យ​បាន​គ្រប់​កម្រិតសិក្សា ពង្រឹងគុណភាព និង​ប្រសិទ្ធ​ភាព នៃ​ការ​បណ្តុះបណ្តាល​ឱ្យ​ស្រប​នឹង​តម្រូវការ​ទីផ្សារ​ការងារ និង​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​៕ អត្ថបទ៖ សហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ