ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ៊ីស្រាអែលបើកការវាយប្រហារតាមអាកាសសម្លាប់មេបញ្ជាការយោធាកំពូលរបស់ក្រុមហាម៉ាសនៅហ្គាហ្សា

12 ម៉ោង មុន

ទីក្រុងគែរ៖ កងទ័ពអ៊ីស្រាអែលបានប្រកាសនៅថ្ងៃសៅរ៍នេះថា ខ្លួនបានបើកការវាយប្រហារតាមអាកាសយ៉ាងចំគោលដៅមួយនៅក្នុងទីក្រុងហ្គាហ្សា កាលពីថ្ងៃសុក្រ ដោយបានសម្លាប់លោក Izz al-Din al-Haddad ដែលជាមេបញ្ជាការកងពលតូចយោធារបស់ក្រុមហាម៉ាស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន…

ទីក្រុងគែរ៖ កងទ័ពអ៊ីស្រាអែលបានប្រកាសនៅថ្ងៃសៅរ៍នេះថា ខ្លួនបានបើកការវាយប្រហារតាមអាកាសយ៉ាងចំគោលដៅមួយនៅក្នុងទីក្រុងហ្គាហ្សា កាលពីថ្ងៃសុក្រ ដោយបានសម្លាប់លោក Izz al-Din al-Haddad ដែលជាមេបញ្ជាការកងពលតូចយោធារបស់ក្រុមហាម៉ាស។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។

លោក Haddad គឺជាមន្ត្រីជាន់ខ្ពស់បំផុតរបស់ក្រុមហាម៉ាស ដែលត្រូវបានអ៊ីស្រាអែលសម្លាប់ ចាប់តាំងពីមានកិច្ចព្រមព្រៀងបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាម៉េរិកកាលពីខែតុលា កន្លងទៅ។ មន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រុមហាម៉ាស និងអ្នកនាំពាក្យប្រចាំតំបន់ហ្គាហ្សា លោក Hazem Qassem បានចេញមុខបញ្ជាក់ពីមរណភាពរបស់លោក Haddad ផងដែរ ប៉ុន្តែមិនបានបញ្ជាក់ពីព័ត៌មានលម្អិតជុំវិញការស្លាប់នេះឡើយ។

ប្រភពពីប៉ាឡេស្ទីនបានឱ្យដឹងថា លោក Haddad ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារលើអគារស្នាក់នៅមួយកន្លែង ដែលការទម្លាក់គ្រាប់បែកកាលពីថ្ងៃសុក្រនោះ ក៏បានសម្លាប់ភរិយា និងកូនស្រីអាយុ ១៩ ឆ្នាំរបស់លោក ព្រមទាំងប្រជាជនប៉ាឡេស្ទីនដទៃទៀតសរុបចំនួន ៧ នាក់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានលើកឡើងថា លោក Haddad គឺជាអ្នករៀបចំផែនការនៅពីក្រោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ហើយរូបគេបានឡើងមកកាន់តំណែងជាមេបញ្ជាការយោធាកំពូលនេះ បន្ទាប់ពីលោក Mohammad Sinwar ត្រូវបានសម្លាប់កាលពីខែឧសភា ឆ្នាំ២០២៥។

បើទោះបីជាមានបទឈប់បាញ់ក៏ដោយ ប៉ុន្តែការវាយប្រហាររបស់អ៊ីស្រាអែលនៅតែបន្តកើតមាន ដោយបានសម្លាប់ប្រជាជនប៉ាឡេស្ទីនអស់ប្រមាណ ៨៥០ នាក់ហើយ ចាប់តាំងពីខែតុលាកន្លងមក ខណៈដែលកិច្ចចរចាសន្តិភាពរវាងភាគីទាំងពីរនៅតែស្ថិតក្នុងភាពទាល់ច្រកនៅឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ