ចំណេះដឹង៖ យោងតាមការចុះផ្សាយពីប្រភពបរទេស នៅពេលមាននរណាម្នាក់សុំទោស ការប្រញាប់តបទៅវិញដោយស្វ័យប្រវត្តិនូវពាក្យថា «មិនអីទេ» ជួនកាលជាការគេចវេសពីអារម្មណ៍ពិត និងមិនបានដោះស្រាយបញ្ហាឱ្យដាច់ស្រឡះឡើយ ខណៈមនុស្សដែលមានបញ្ញាអារម្មណ៍ខ្ពស់ (EQ ខ្ពស់) តែងតែមានវិធីសាស្ត្រឆ្លើយតបយ៉ាងវៃឆ្លាតទៅតាមកម្រិតនៃកំហុស។
ចំពោះកំហុសឆ្គងបន្តិចបន្តួចដែលកើតឡើងដោយអចេតនា ការឆ្លើយតបដោយភាពទន់ភ្លន់ និងកំប្លុកកំប្លែងបន្តិចដូចជា «មិនអីទេ រឿងតូចតាចតើ ថ្ងៃក្រោយប្រយ័ត្នជាងនេះទៅបានហើយ» គឺជាវិធីដ៏ល្អបំផុតក្នុងការរំលាយភាពអៀនខ្មាស និងបង្កើតបរិយាកាសជជែកគ្នាប្រកបដោយភាពស្និទ្ធស្នាលឡើងវិញ។
ប៉ុន្តែចំពោះកំហុសធ្ងន់ធ្ងរល្មមដែលធ្វើឱ្យខូចចិត្ត ឬខកសន្យា មនុស្សដែលមាន EQ ខ្ពស់នឹងជ្រើសរើសការទទួលស្គាល់ការពិតនៃអារម្មណ៍ខ្លួនឯង រួមទាំងរក្សាភាពម៉ឺងម៉ាត់ដោយហេតុផល តាមរយៈការនិយាយថា «រឿងនេះពិតជាធ្វើឱ្យខ្ញុំពិបាកចិត្តខ្លាំងណាស់ ប៉ុន្តែខ្ញុំទទួលយកការសុំទោសរបស់អ្នក» ដើម្បីបង្ហាញពីការគោរពតម្លៃខ្លួនឯង និងបើកឱកាសឱ្យមានការជជែកគ្នាដោយត្រង់ទៅត្រង់មក។
ដោយឡែក ចំពោះកំហុសធ្ងន់ធ្ងរដែលប៉ះពាល់ដល់គោលការណ៍ ការក្បត់ទំនុកចិត្ត ឬអសីលធម៌ ការឆ្លើយតបត្រូវតែមានភាពច្បាស់លាស់ និងកំណត់ព្រំដែនដាច់ខាតដោយប្រើពាក្យថា «ខ្ញុំសប្បាយចិត្តដែលអ្នកដឹងកំហុសខ្លួនឯង ប៉ុន្តែខ្ញុំត្រូវការពេលវេលាមើលការកែប្រែជាក់ស្តែងរបស់អ្នក ដើម្បីបន្តទំនាក់ទំនងទៅមុខទៀត»។
ជារួមមក ចំណុចរួមនៃការឆ្លើយតបប្រកបដោយ EQ ខ្ពស់ គឺស្ថិតលើអាកប្បកិរិយាផ្ដល់តម្លៃឱ្យគ្នា ការមិនគុំកួនទោសចាស់ និងការរង់ចាំមើលការផ្លាស់ប្តូរទង្វើជាក់ស្តែងរបស់ភាគីម្ខាងទៀត ដើម្បីឈានទៅរកទំនាក់ទំនងមួយដែលមានសុខភាពល្អនិងរឹងមាំយូរអង្វែង៕
ចែករំលែកព័តមាននេះ