ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អាជីវករ​ទម្លាយ​ថា រថយន្ត​ខ្សែ​លោក ចាន់ ប៊ុ​ន​អែម ចេញ​-​ចូល​ច្រកព្រំដែន​កម្ពុជា​-​ឡាវ ក្នុង​នាម​ជា VIP ដោយ​គ្មាន​ការ​ត្រួតពិនិត្យ

9 ម៉ោង មុន

ខេត្តស្ទឹងត្រែង ៖ ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល ជុំវិញ​ករណី​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​ឆែកឆេរ​លំនៅ​ឋាន​ថៅកែ​រថយន្ត​ដឹក​ទំនិញ និង​តាក់ស៊ី ដ៏​ល្បីឈ្មោះ​ម្នាក់ ប្រចាំ​ខេត្តស្ទឹងត្រែង រួច​មក ក្រុម​រថយន្ត​អាជីវកម្ម​នៅ​តំបន់​ព្រំដែន…

ខេត្តស្ទឹងត្រែង ៖ ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល ជុំវិញ​ករណី​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះ​ឆែកឆេរ​លំនៅ​ឋាន​ថៅកែ​រថយន្ត​ដឹក​ទំនិញ និង​តាក់ស៊ី ដ៏​ល្បីឈ្មោះ​ម្នាក់ ប្រចាំ​ខេត្តស្ទឹងត្រែង រួច​មក ក្រុម​រថយន្ត​អាជីវកម្ម​នៅ​តំបន់​ព្រំដែន បាន​ទម្លាយ​ឱ្យ​ដឹង​ថា ក្បួន​រថយន្ត​ខ្សែ​របស់​លោក ចាន់ ប៊ុ​ន​អែម តែងតែ​ចេញ​-​ចូល​ឆ្លងកាត់​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ត្រពាំង​គ្រៀល (​កម្ពុជា​-​ឡាវ​) ដោយ​ពុំ​មានការ​ត្រួតពិនិត្យ​ល្អិតល្អន់​នោះ​ឡើយ​។ ពួកគេ​និយាយ​បែប​ចំអក​ថា លក្ខណៈ​ពិសេស​ចឹ​ង​សុទ្ធតែ​ខ្នាត​ប្រភេទ​រថយន្ត VIP ហើយ​។

ប្រភព​ពី​សមត្ថកិច្ច​ម្នាក់ ប្រចាំការ​នៅ​ច្រក​ទ្វារ​ខាងលើ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ថា ជា​ទូទៅ​រថយន្ត​របស់​លោក ចាន់ ប៊ុ​ន​អែម ចំនួន​៣ គ្រឿង តែងតែ​រត់​ក្នុង​មួយ​ថ្ងៃ ២​ជើង ។

សមត្ថកិច្ច​ដដែល​បង្ហើប​ថា រយៈពេល ២​ឆ្នាំ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​មានការ​ផ្លាស់​ប្តូរ​ស៊េរី​រថយន្ត​ទំនើប រាល់ពេល​រថយន្ត​នីមួយ​ៗ មក​ដល់​ប៉ុស្តិ៍​ត្រួតពិនិត្យ គឺ​គ្រាន់តែ​បើកទ្វារ​ក្រោយ និង​ទ្វារ​ចំហៀង ដើម្បី​លំអោន​បំពេញ​កិច្ច ចំពោះ​មុខ​កាមេរ៉ា​សុវត្ថិភាព​របស់​ប៉ុស្តិ៍​តែ​ប៉ុណ្ណោះ ដោយ​ពុំ​មានការ​ឆែកឆេរ​ម៉ត់ចត់​នោះ​ឡើយ ។

ឆ្លើយ​តប​នឹង​ករណី​នេះ ក្រុម​អ្នក​រត់​រថយន្ត​អាជីវកម្ម​ដឹក​ទំនិញ និង​ភ្ញៀវ​ទេសចរ​មួយ​ចំនួន បាន​ថ្លែងប្រាប់​តាម​ទូរ​សព្ទ​ជា​បន្តបន្ទាប់ ដោយ​សម្តែង​ការ​មិន​ពេញចិត្ត ចំពោះ​ស្តង់ដារ​ពីរ​នេះ​ថា ៖ «​សម្រាប់​រថយន្ត​របស់​ពួក​ខ្ញុំ ពេល​ដឹក​ទំនិញ ឬ​ភ្ញៀវ​ឆ្លងកាត់ គឺ​ត្រូវ​សមត្ថកិច្ច​រុក​រើ ឆែកឆេរ ស្ទើរតែ​គាស់​តាប់​ឡូ​ឡាន​ទៅ​ហើយ ប៉ុន្តែ​សម្រាប់​ក្រុម​រថយន្ត​ខ្សែ​បែប VIP នោះ​វិញ គឺ​មិន​ដែល​ឃើញ​មានការ​ត្រួតពិនិត្យ​ល្អិតល្អន់​អី​ឡើយ​។ ពួក​ខ្ញុំ​មិនដឹង​ថា គេ​មាន​ខ្សែ​ឥទ្ធិពល​កម្រិត​ណា​ទេ តែ​លោក ចាន់ ប៊ុ​ន​អែម គាត់​រកស៊ី​លើ​ទឹកដី​ឡាវ​-​ស្ទឹង​ត្រែង ជិត​មួយ​ជីវិត​ទៅ​ហើយ ទើបតែ​ពេល​នេះ​មានការ​ឆែកឆេរ ឃើញ​ទំនិញគេចពន្ធ នៅ​ក្នុងផ្ទះ​របស់​គាត់​» ។

ដើម្បី​ធានា​បាន​នូវ​តម្លាភាព និង​តុល្យភាព​ព័ត៌មាន ក្រុម​អ្នក​សារព័ត៌​មានបាន​ព្យាយាម​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក អ៊ូច មាន នាយ​ប៉ុស្តិ៍​នគរបាល​អន្តរជាតិ ត្រពាំង​គ្រៀល ចំនួន ៣​លើក ៖ លើក​ទី​១ នៅ​វេលា​ម៉ោង​១០:៤០​នាទី​ព្រឹក លោក​បាន​ទទួល​ទូរ​សព្ទ ប៉ុន្តែ​នៅ​ពេល​ដឹង​ថា ជា​អ្នក​សារព័ត៌មាន លោក​បាន​ឆ្លើយ​ថា «​ជាប់រវល់​» រួច​ក៏​ផ្តាច់​ទូរ​សព្ទ​ទៅ​។ លើក​ទី​២ នៅ​វេលា​ម៉ោង ១១:៤២ នាទី​ថ្ងៃត្រង់ ក្រុមការងារ​បាន​ទូរ​សព្ទ ចូល​ចំនួន ៣​ដង តែ​ពុំ​មាន​អ្នក​ទទួល​។ លើក​ទី​៣ នៅ​វេលា​ម៉ោង ២:០៧ នាទី​រសៀល ក្រុមការងារ​បន្ត​ទូរ​សព្ទ​ចូល ចំនួន ២ ដង​ទៀត តែ​នៅ​តែ​ពុំ​មានការ​ឆ្លើយ​តប​ដដែល ។

ដោយឡែក លោក ដែង ឧត្តម ភ្នាក់ងារ​គយ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ត្រពាំង​គ្រៀល ក៏​មិន​បាន​បកស្រាយ​បំភ្លឺ​អ្វី​ដែរ កាលពី​ល្ងាច​ថ្ងៃ​ទី ១៦ ខែឧសភា ឆ្នាំ​២០២៦​នេះ​។ នៅ​ពេល​ក្រុម​អ្នក​សារព័ត៌មាន​ចោទសួរ​ថា ៖ «​យោង​តាម​ប្រភព​ពី​សមត្ថកិច្ច​ប្រចាំការ​ទីនោះ​ថា រាល់ពេល​រថយន្ត​លោក ចាន់ ប៊ុ​ន​អែម ដឹក​ទំនិញ​ឆ្លងកាត់​ប៉ុស្តិ៍​ច្រក គឺ​មិនសូវ ដែល​ឃើញ​មន្ត្រី​គយ​មក​ពិនិត្យ​នោះ​ទេ តើ​នេះ​ជា​ការ​ពិត​ដែរ​ឬទេ ?​» ភ្លាម​ៗ​នោះ លោក ដែង ឧត្តម ក៏​បាន​ផ្តាច់​ប្រព័ន្ធ​ទូរ​សព្ទ តែ​ម្តង ។

សមត្ថកិច្ច​មួយ​រូប ស្ថិត​ក្នុង​ប្រតិបត្តិការ​ចុះ​ឆែកឆេរ​ផ្ទះ​លោក ចាន់ ប៊ុ​ន​អែម ក្រុមហ៊ុន​ស្ទឹង​ត្រែង​សេ​កុង អឹ​ម​ផត អិ​ច​ផត ឯ​.​ក ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង កាលពី​ថ្ងៃ​ទី​៩ ឧសភា ២០២៦​កន្លង​ទៅ និយាយ​នៅ​ល្ងាច​ថ្ងៃ​ទី​១៦ ឧសភា ២០២៦​នេះ​ថា នៅ​ពេល​ឆែកឆេរ​បាន​រក​ឃើញ​ទំនិញគេចពន្ធ នៅ​លើ​រថយន្ត​ទំនើប​មួយ​គ្រឿង ហើយ​ត្រូវ​រឹបអូស​ទាំង​ទំនិញ​ទាំង​រថយន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ