ខេត្តបាត់ដំបង៖ ចិត្តក្ដៅដូចភ្លើង ក្រាន់តែបុរសម្នាក់ស្រែក«មើលមុខអីអ្ហា» ក្រុមជនអន្ធពាលដែលកំពុងជិះម៉ូតូឌុបគ្នា០៤នាក់ ហក់ចុះពីលើម៉ូតូស្ទុះទៅវាយប្រាវ បើកឆាកប្រយុទ្ធគ្នាយ៉ាងសាហាវគឺ «០៤ទល់នឹង១» ប៉ុន្តែទីបំផុតត្រូវសមត្ថកិច្ចក្របួច.ក វ៉ៃខ្នោះយកទៅសួរនាំទាំងអស់ នៅវេលាម៉ោង៣រសៀលថ្ងៃទី ១៦ ឧសភា នៅចំណុចភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
តាមរយៈរបាយការណ៏មន្ត្រីផ្នែកព្រហ្មទណ្ឌ នៃអធិការក្រុងបាត់ដំបង បានឲ្យដឹងថា ក្រុមចាស់អន្ធពាលទាំង០២ក្រុម ដែលប្រយុទ្ធគ្នាទាំងថ្ងៃ ចំកណ្ដាលក្រុងបាត់ដំបងនេះ គឺ ភាគីម្ខាងមានគ្នា០៤នាក់ រីឯម្ខាងទៀតមានតែម្នាក់ឯងទេ។ កម្លាំងសមត្ថកិច្ច បានចុះអន្តរាគមន៏ភ្លាមៗ ហើយឃាត់ខ្លួនភាគីទាំង០២បានចំនួន០៤នាក់ ខណៈមានម្នាក់រត់រួច។ ជនទាំង០៤នាក់ដែលត្រូវកម្លាំងអធិការក្រុងបាត់ដំបង ឃាត់ខ្លួនមាន៖ ១.ឈ្មោះ ម៉ី សុវណ្ណគិរី ភេទប្រុសអាយុ៣៦ឆ្នាំ (ភាគីម្នាក់ឯង) នៅភូមិ សង្កាត់កើតហេតុ។
ដោយឡែកភាគីម្ខាងទៀតមានគ្នា០៤នាក់ រត់រួចម្នាក់ និង ឃាត់ខ្លួនបាន០៣នាក់ មាន ១.ឈ្មោះ អៀង ឧត្តមសុផានិត ភេទប្រុសអាយុ២៥ឆ្នាំ ២.ឈ្មោះ វន សិលា ភេទប្រុសអាយុ២៨ឆ្នាំ និង ៣.ឈ្មោះ ទឹម សំនាង ភេទប្រុសអាយុ៤១ឆ្នាំ ចាស់ទំនើងទាំង០៣នាក់នេះ រស់នៅភូមិទូលតាឯក សង្កាត់ទូលតាឯក ក្រុងបាត់ដំបង។
អធិការក្រុងបាត់ដំបង លោក ពេជ្រ សារ៉ែន បានប្រាប់ថា អំពើហឹង្សាដ៏កំរោលនេះ បានផ្ដើមចេញពីស្រែកគំរាមគ្នា ពេលភាគី០៤នាក់កំពុងជិះម៉ូតូតាមផ្លូវ។ គ្មានអ្វីធំដុំទេ តែភាគីមម្ខាងដែលមានគ្នាច្រើន ហាក់ទប់កំហឹងមិនបាន នៅពេលឮជនម្នាក់ឈ្មោះ សុវណ្ណគិរី ស្រែកគំរាមក្រុមអ្នកជិះម៉ូតូថា «មើលអីអ្ហា»។
ក្រោយឮដូច្នេះ ក្រុមចាស់ទំនើងទាំង០៤នាក់ ក៏ឈប់ម៉ូតូស្ទុះចុះទៅព្រូតគ្នាវាយឈ្មោះ គីរី តែម្ដង។ លោក ពេជ្រ សារ៉ែន បានបញ្ជាក់ថា ភាគីទាំង០២នាក់ បានវាយគ្នាទៅវិញទៅមក (០៤ទល់១) ដោយប្រើដុំថ្ម។
បើតាមការបំភ្លឺពីសាក្សីនានា ភាគីទាំង០២គ្នាប្រយុទ្ធគ្នាយ៉ាងសាហាវ នៅកណ្ដាលផ្លូវ។ លុះប៉ុន្មាននាទី ក្រោយកម្លាំងជំនាញរបស់លោកក៏ចំអន្តរាគមន៏ ឃាត់ខ្លួនភាគីទាំង០៣២នាក់បានចំនួន០៤នាក់ តែមានម្នាក់រត់រួច។ បើតាមចម្លើយសារភាព ភាគីទាំង០២នាក់ គ្មានភាគីណាជាជនរងគ្រោះតេ។
ពួកគេសុទ្ធតែជាចាស់ទំនើងដូចគ្នា ។ ក្រោយពីបញ្ចប់ការសាកសួរ មន្ត្រីជំនាញបានបញ្ជុនពួកគេទាំង០៤នាក់ ទៅកាន់ស្នងការខេត្ត ចាត់ការតាមនីតិវិធីហើយ៕



ចែករំលែកព័តមាននេះ