ខេត្តព្រះវិហារ៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីជូនដំណឹងបំភ្លឺជាសាធារណៈ កាលពីថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ២០២៦ ជុំវិញករណីតវ៉ារបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការចុះអនុវត្តការធ្វើ «អត្តសញ្ញាណកម្មដីធ្លី» នៅអមសងខាងផ្លូវថ្មី តភ្ជាប់ពីភូមិក្រឡាពាស (ឃុំព្រីងធំ) មកកាន់ស្រះម្លិះ (ឃុំទឹកក្រហម) ក្នុងស្រុកជាំក្សាន្ត។
ការចេញសេចក្តីបំភ្លឺជាផ្លូវការនេះ បានធ្វើឡើងបន្ទាប់ពីមានការតវ៉ាមួយពីសំណាក់ប្រជាពលរដ្ឋ កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ចំពោះចំណាត់ការរបស់អាជ្ញាធរស្រុកជាំក្សាន្ត។
ក្រុមប្រជាពលរដ្ឋដែលមានដីធ្លីចាប់ពីចំណុចអូរឆ្អេះ រហូតដល់ស្ពានក្រឡាពាស បានបង្ហាញការមិនយល់ស្របចំពោះការ វាស់វែង និងការតម្រូវឱ្យធ្វើកិច្ចសន្យាសុំអាស្រ័យផលលើដីធ្លីរបស់ខ្លួន។
យោងតាមការបញ្ជាក់ពីអាជ្ញាធរខេត្ត នៅក្នុងការចុះអនុវត្តផ្ទាល់នៅលើទីតាំងដីសងខាងផ្លូវនោះ គឺមានការចូលរួមសម្របសម្រួល និងធ្វើបទបង្ហាញដោយផ្ទាល់ពីសំណាក់មន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីបរិស្ថាន មន្ត្រីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងតំណាងសហគមន៍ផងដែរ។
ដើម្បីជៀសវាងការយល់ច្រឡំពីសាធារណជន រដ្ឋបាលខេត្តព្រះវិហារ បានគូសបញ្ជាក់យ៉ាងច្បាស់ពីគោ លបំណងពិតប្រាកដ និងអត្ថប្រយោជន៍គន្លឹះចំនួន ៣ នៃការចុះធ្វើអត្តសញ្ញាណកម្មដីធ្លីនេះ រួមមាន៖
១-ធានាប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ៖អាជ្ញា ធរចុះស្រង់ទិន្នន័យចំនួនគ្រួសារ និងទំហំដីដែលប្រជា ពលរដ្ឋកំពុងអាស្រ័យផលជាក់ស្តែង ដើម្បីធានាឱ្យ បាននូវការបង្កបង្កើនផលដោយស្របច្បាប់ និងជៀស វាងការរំលោភបំពាននានា។
២-ការពារធនធានធម្មជាតិ និងព្រៃអភិរក្ស៖ ដើម្បីទប់ ស្កាត់ជាដាច់ខាតនូវសកម្មភាពកាប់ទន្ទ្រានដីព្រៃអភិ រក្សខុសច្បាប់ ដែលមានចែងយ៉ាងច្បាស់នៅក្នុងព្រះរា ជក្រឹត្យ។
៣-រៀបចំផែនការសម្រាប់អនាគត៖ ដើម្បីគ្រប់គ្រង និងរៀបចំផែនការដាំស្តារព្រៃឈើឡើងវិញ ក្នុងគោល ដៅរក្សាធនធានធម្មជាតិទុកជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយ។
សេចក្តីជូនដំណឹងដដែលបានសង្កត់ធ្ងន់ថា ការអនុវត្តវិធានការនេះ គឺធ្វើឡើងក្នុងឆន្ទៈការពារទាំងផល ប្រយោជន៍ប្រជាពលរដ្ឋមូលដ្ឋាន និងធនធានធម្មជាតិរបស់រដ្ឋក្នុងពេលតែមួយ។
អាស្រ័យហេតុនេះ រដ្ឋបាលខេត្តព្រះវិហារ សូមអំពាវ នាវដល់សាធារណជន ពិសេសបងប្អូនអ្នកសារព័ត៌មានទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងសូមចូលរួមសហការជាមួយអាជ្ញាធរជំនាញ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍ និងការពារព្រៃឈើប្រកបដោយនិរន្តរ ភាព។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕






ចែករំលែកព័តមាននេះ