កសិករដាំម្រេចមួយរូបនៅខេត្តរតនៈគីរីបានអះអាងថា ម្រេចនៅឆ្នាំនេះ ថ្វីត្បិតតែតម្លៃវាស្រុតចុះបន្តិច ប៉ុន្តែវានៅតែមានតម្លៃសមរម្យ ដែលកសិករអាចទប់ទល់ និងបានប្រាក់ចំណេញខ្លះ ។
លោក នួន គឹមស្រ៊ី មានអាយុ៥៤ ឆ្នាំ ជាកសិករ រស់នៅក្រុងបានលុង ខេត្តរតនគិរី បានប្រាប់ក្រុមការងារព័ត៌មាននៅខេត្តនោះកាលពីពេលថ្មីៗនេះថា នៅក្នុងផ្ទៃដីចម្ការ២០ហិកតា លោកកំពុងតែដាំម្រេច ១០ហិកតា ហើយម្រេចកំពុងប្រមូលផល គឺមានរង្វង់ពី៤ទៅ៥ហិកតា ។
លោកបានអះអាងថា ផលម្រេចឆ្នាំនេះប្រសើរ ហើយតម្លៃក៏សមរម្យ ដែលលោកអាចបានតម្លៃប្រមាណជា ២៣.០០០ ទៅ២៤.០០០ រៀល ។ លោកបានបន្តថា តម្លៃនេះវាថោកជាងឆ្នាំមុនទេ ពីព្រោះឆ្នាំមុនមួយគីឡូក្រាម អាចលក់បានដល់២៦.៥០០ ប៉ុន្តែសំខាន់ផលម្រេច ដែលយើងប្រមូលបានវានៅតែមានទីផ្សារ ។
លោកបានបន្តថា ក្រៅពីម្រេចលោកនៅដាំស្វាយចន្ទី និងកាហ្វេជាដើម ។ បច្ចុប្បន្ននេះ ម្រេចជាដំណាំដែលគេដាំបានទូលំទូលាយ ហើយក្រៅពីរតនៈគីរី និងខេត្តភូមិភាគឥសាន្តផ្សេងទៀត នៅកម្ពុជាគេអាចដាំដំណាំនេះបានរហូតដល់២០ខេត្តឯណោះ ។
នៅក្នុងរង្វង់ ១ត្រីមាសដំបូង ឆ្នាំ២០២៦នេះ ម្រេចកម្ពុជាអាចនាំចេញបានជាង៩,៤០ លានដុល្លារ មានកំណើនកើនឡើងរហូតដល់ទៅ៨៥,៧៨ភាគរយ បើធៀបនឹងរយៈពេលដដែល កាលពីឆ្នាំ២០២៥កន្លងទៅ ៕
ចែករំលែកព័តមាននេះ