ខេត្តព្រៃវែង ៖ ក្រុមអ្នកបើកបររថយន្តដឹកជញ្ជូនទំនិញធុនធំដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ១ បានសម្តែងនូវការមិនសុខចិត្ត និងរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពរបស់មន្ត្រីប្រចាំការនៅតាមស្ថានីយជញ្ជីងថ្លឹងរថយន្ត និងក្រុមមន្ត្រីជញ្ជីងចល័តក្នុងភូមិសាស្ត្រខេត្តព្រៃវែង ដោយបានអះអាងថា ពួកគេត្រូវបានបង្ខំឱ្យបង់ប្រាក់ក្រោមរូបភាព «ថ្លៃបាយទឹក» ជាកំហិត ទោះបីជារថយន្តផ្ទុកទំនិញត្រឹមត្រូវតាមបច្ចេកទេស ឬលើសទម្ងន់ក៏ដោយ។
យោងតាមប្រភពពីអ្នកបើកបររថយន្តយីឌុបកង់ដប់ និងរថយន្តកូរ៉េដឹកទំនិញជាច្រើនរូប បានទម្លាយឱ្យដឹងថា ក្នុងសកម្មភាពដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ១ ពួកគេតែងតែជួបប្រទះនូវការទាមទារប្រាក់ពីសំណាក់មន្ត្រីជញ្ជីងនៅចំណុចសំខាន់ៗចំនួនពីរ រួមមាន៖ ស្ថានីយជញ្ជីងផ្លូវជាតិលេខ១ ក្នុងឃុំតាកោក ស្រុកព្រះស្តេច ខេត្តព្រៃវែង និងស្ថានីយជញ្ជីងឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ ប្រភពដដែលបានបន្តថា រាល់ពេលឆ្លងកាត់ ពួកគេត្រូវបានតម្រូវឱ្យបង់ប្រាក់ចាប់ពី ៧០,០០០ រៀល ទៅ ៨០,០០០ រៀល ក្នុងមួយគ្រឿងសម្រាប់មួយជើងៗ ដោយគ្មានការចេញវិក្កយបត្រផ្លូវការណាមួយឡើយ ដូចយកជញ្ជីងថ្លឹងសម្រាប់ប្រមូលប្រាក់ផ្ទាល់ខ្លួន ។
អ្វីដែលជាការកត់សម្គាល់ និងបង្កើតឱ្យមានការរិះគន់កាន់តែខ្លាំងនោះគឺថា ប្រសិនបើមានករណីរថយន្តដឹកផ្ទុកលើសទម្ងន់កំណត់ ក្រុមមន្ត្រីទាំងនោះនឹងតម្រូវឱ្យបង់ប្រាក់ផាកពិន័យក្នុងកម្រិតខ្ពស់ ពោលគឺក្នុងទម្ងន់លើស ១ តោន ត្រូវបង់ប្រាក់ចំនួន ១២០,០០០ រៀល។ ប្រសិនបើម្ចាស់រថយន្តមិនព្រមអនុវត្តតាមការទាមទារនេះទេ ក្រុមមន្ត្រីនឹងចាត់វិធានការឃាត់រថយន្តទុកជាបណ្តោះអាសន្នភ្លាមៗ។ ក្រៅពីស្ថានីយជញ្ជីងអចល័ត ក្រុមមន្ត្រីជញ្ជីងចល័តដែលប្រចាំការក្នុងភូមិសាស្ត្រខេត្តព្រៃវែង ក៏ត្រូវបានរាយការណ៍ថា បានអនុវត្តរូបភាពដូចគ្នានេះដែរ ដោយបង្ខំឱ្យបង់ប្រាក់ចន្លោះពី ៧០,០០០ រៀល ទៅ ៨០,០០០ រៀល បន្ថែមទៀត។
សកម្មភាពដែលរងការចោទប្រកាន់ខាងលើនេះ បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់អ្នកដឹកជញ្ជូន ក៏ដូចជាកិត្តិយសរបស់មន្ត្រីរាជការដែលបំពេញការងារតាមច្បាប់។ អ្នកបើកបរបានអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ មេត្តាជួយពិនិត្យ និងមានវិធានការលើភាពមិនប្រក្រតីនេះ ដើម្បីធានាបាននូវតម្លាភាព និងយុត្តិធម៌ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះ ភ្នាក់ងារសារព័ត៌មានយើងមិនទាន់អាចទំនាក់ទំនងទៅកាន់មន្ត្រីពាក់ព័ន្ធ ដើម្បីសុំការបំភ្លឺបាននៅឡើយទេ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕





ចែករំលែកព័តមាននេះ