រាជធានីភ្នំពេញ ៖ បន្ទាប់ពីសង្ស័យថា មានការលបលួចប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចជំនាញបានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងចំនួន ២កន្លែងផ្សេងគ្នា គឺនៅអគារ A និងអគារ B ក្នុងមជ្ឈមណ្ឌល ព្រីសន៍ផ្លាហ្សា ជាប់មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ នេះបើតាមការឱ្យដឹងពីលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ។
ប្រភពបានលើកឡើងថា ប្រតិបត្តិការបង្ក្រាបនេះដឹកនាំដោយ ឯកឧត្តម ប៉ាង ណារ៉េន អនុប្រធានប្រចាំការលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងដោយមានការចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញក្រោមការបញ្ជាពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ , ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, សម្របសម្រួលនីតិវិធីច្បាប់ពីសំណាក់ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ ។
ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសសរុបចំនួន១០៤ នាក់ (ស្រី០៧ នាក់) មាន០៦ សញ្ជាតិផ្សេងគ្នា ក្នុងនោះរួមមានៈ ជនសង្ស័យពាក់ព័ន្ធបទល្មើសឆបោក Online Scams ចំនួន៨៣ នាក់ (ជនជាតិចិន ៨២នាក់ និងវៀតណាម០១នាក់) និងជនបរទេសពាក់ព័ន្ធការស្នាក់នៅខុសច្បាប់ចំនួន២១ នាក់ (មាន០៥សញ្ជាតិ) ។
ទន្ទឹមនឹងការឃាត់ខ្លួនជនសង្ស័យ មន្ត្រីជំនាញបានដកហូតសម្ភារៈវត្ថុតាងសរុបរួមមានៈ កុំព្យូទ័រលើតុចំនួន ៧៧ គ្រឿង, កុំព្យូទ័រយួរដៃចំនួន ៣៦គ្រឿង,IPAD ចំនួន០៥ គ្រឿង, ម៉ូនីទ័រចំនួន០៤ គ្រឿង,ទូរសព្ទដៃចំនួន ៨០០ គ្រឿង និងធុង CPU ចំនួន ០៦ គ្រឿង ។
តាមរយៈការធ្វើកោសល្យវិច្ច័យបច្ចេក ទេសបឋម ជនសង្ស័យបានប្រើប្រាស់ទីតាំងខាងលើ ដើម្បីធ្វើសកម្មភាពឆបោកជនរងគ្រោះតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាព«ការអូសទាញឱ្យវិនិយោគ» ដើម្បីបោកបញ្ឆោតយកប្រាក់ពីសាធារណជនក្នុង និងក្រៅប្រទេស ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងទាំងអស់ត្រូវបានបញ្ជូនទៅកាន់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីបន្តអនុវត្តនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់ ។
សូមរម្លឹកថា ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានអនុម័តកាល ពីថ្ងៃទី៦ ខែមេសា និងបានកំពុងអនុវត្តន៍ចាប់តាំងពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ មកបានកំណត់ដាក់ទោសជនល្មើស ត្រូវប្រឈមនឹងការជាប់ពន្ធនាគារខ្ពស់បំផុតរហូតដល់១ជីវិត និងពិន័យជាប្រាក់ ដល់ទៅ១ ០០០លានរៀលថែមទាំងការរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសផងដែរ៕




ចែករំលែកព័តមាននេះ