ទីក្រុងប៉េកាំង ៖ ក្រសួងពាណិជ្ជកម្មចិន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ពោលគឺបន្ទាប់ពីកិច្ចប្រជុំកំពូលសប្តាហ៍នេះនៅទីក្រុងប៉េកាំងនោះ បានឱ្យដឹងថា ប្រទេសចិន និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាពង្រីកពាណិជ្ជកម្មកសិកម្ម តាមរយៈការកាត់បន្ថយពន្ធគយ និងដោះស្រាយរបាំងមិនមែនពន្ធគយ ព្រមទាំងបញ្ហាលើការទទួលបានសិទ្ធិចូលទីផ្សារ។ នេះបើតាមប្រភពពី Reuters បានចេញផ្សាយ។
ការបញ្ជាក់របស់ក្រសួងធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ថា កិច្ចព្រមព្រៀងទាំងនេះ គឺជាជំហានបឋម ហើយនឹងត្រូវបញ្ចប់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
យោងតាមទិន្នន័យរបស់ក្រសួងកសិកម្មអាមេរិក បច្ចុប្បន្នកសិផលអាមេរិកដែលនាំចេញទៅចិននៅតែបន្តប្រឈមមុខនឹងពន្ធបន្ថែម ១០% បន្ទាប់ពីការដំឡើងពន្ធសងសឹកគ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លា កាលពីឆ្នាំមុន ដោយបានធ្វើឱ្យទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរធ្លាក់ចុះយ៉ាងខ្លាំង ពោល ៦៥,៧% មកនៅត្រឹម ៨,៤ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន។
ក្រសួងពាណិជ្ជកម្មចិនបានបន្តថា ភាគីទាំងពីរមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី រួមទាំងផលិតផលកសិកម្ម តាមរយៈវិធានការដូចជា ការកាត់បន្ថយពន្ធទៅវិញទៅមកលើទំនិញជាច្រើនប្រភេទ។ ប៉ុន្តែក្រសួងមិនបានបញ្ជាក់ថា ផលិតផលមួយណានោះទេ។ ជាមួយគ្នានោះ ក្រសួងក៏បានបន្ថែមថា ភាគីទាំងពីរបានយល់ព្រមដោះស្រាយ ឬធ្វើឱ្យមានវឌ្ឍនភាពជាក់ស្តែងលើរបាំងមិនមែនពន្ធ និងបញ្ហាទទួលបានសិទ្ធិចូលទីផ្សារផងដែរ។
មិនតែប៉ុណ្ណោះ ប្រទេសចិននឹងធ្វើការងារដើម្បីដោះស្រាយកង្វល់របស់អាមេរិកលើការចុះបញ្ជីរោងចក្រផលិតសាច់គោ និងការនាំចេញសាច់បក្សីពីរដ្ឋមួយចំនួនរបស់ខ្លួនថែមទៀតផង។ ជាក់ស្តែង កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ប្រទេសចិនបានសម្រេចចិត្តបានផ្តល់ការបន្តរយៈពេលចុះបញ្ជី៥ឆ្នាំ ដល់រោងចក្រផលិតសាច់គោចំនួន ៤២៥ របស់អាមេរិក ដែលភាគច្រើនត្រូវបានបិទ បន្ទាប់ពីការចុះឈ្មោះផុតសុពលភាពកាលពីឆ្នាំមុន និងបានអនុម័តការចុះឈ្មោះថ្មីរយៈពេល៥ឆ្នាំ សម្រាប់រោងចក្រចំនួន ៧៧ បន្ថែមទៀតរបស់អាមេរិក៕

ចែករំលែកព័តមាននេះ