ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឧស្សាហកម្មប្រេងដូងកម្ពុជាវាយលុកទីផ្សារអន្តរជាតិ​រហូតដល់ ៨០% ខណៈ ២០% សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក

51 វិនាទី មុន

(ខេត្តព្រះសីហនុ)៖ ឧស្សាហកម្មប្រេងដូងរបស់ប្រទេសកម្ពុជា បាននិងកំពុងបោះជំហានយ៉ាងមានឥទ្ធិពលនៅលើឆាកអន្តរជាតិ តាមរយៈការជំរុញខ្សែច្រវាក់ផលិតកម្មកែច្នៃកម្រិតឧស្សាហកម្មធុនធ្ងន់ ដែលធ្វើឱ្យសមត្ថភាពផលិតកម្មបច្ចុប្បន្នមានលទ្ធភាពវាយលុក និងនាំចេញទៅកាន់ទីផ្សារពិភពលោកក្នុងទំហំរហូតដល់ទៅ ៨០ភាគរយ នៃផលិតផលសរុប ជាពិសេសគឺការផ្គត់ផ្គង់ទៅកាន់ប្រទេស​ប្រើប្រាស់ប្រេងដូងធំៗ ដូចជាប្រទេសម៉ាឡេស៊ី…

(ខេត្តព្រះសីហនុ)៖ ឧស្សាហកម្មប្រេងដូងរបស់ប្រទេសកម្ពុជា បាននិងកំពុងបោះជំហានយ៉ាងមានឥទ្ធិពលនៅលើឆាកអន្តរជាតិ តាមរយៈការជំរុញខ្សែច្រវាក់ផលិតកម្មកែច្នៃកម្រិតឧស្សាហកម្មធុនធ្ងន់ ដែលធ្វើឱ្យសមត្ថភាពផលិតកម្មបច្ចុប្បន្នមានលទ្ធភាពវាយលុក និងនាំចេញទៅកាន់ទីផ្សារពិភពលោកក្នុងទំហំរហូតដល់ទៅ ៨០ភាគរយ នៃផលិតផលសរុប ជាពិសេសគឺការផ្គត់ផ្គង់ទៅកាន់ប្រទេស​ប្រើប្រាស់ប្រេងដូងធំៗ ដូចជាប្រទេសម៉ាឡេស៊ី និងប្រទេសឥណ្ឌា ខណៈការផ្គត់ផ្គង់តម្រូវការទីផ្សារនៅក្នុងស្រុកមានប្រមាណ ២០ភាគរយ។

យោងតាមការថ្លែងពន្យល់ពីមុំបច្ចេកទេស និងខ្សែច្រវាក់ផលិតកម្មរបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមហ៊ុន «ម៉ុង ឫទ្ធី វិនិយោគទុន ដំណាំដូងប្រេងកម្ពុជា» នៅក្នុងពិធីសំណេះសំណាលកាលពីព្រឹកថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ការបោះជំហានទៅកាន់ទីផ្សារអន្តរជាតិនេះ គឺផ្អែកលើគ្រឹះស្ថានផលិតកម្មដ៏រឹងមាំ ដោយបច្ចុប្បន្នក្រុមហ៊ុនកំពុងដំណើរការរោងចក្រផលិតប្រេងដូងឆៅ ​ ចំនួន ២កន្លែងដ៏ធំ ដែលមានសមត្ថភាពខ្ពស់ក្នុងការកិនផ្លែដូងស្រស់ ​សរុបបានរហូតដល់ ៩៥តោនក្នុងមួយម៉ោង ស្មើនឹង ២.០៩០តោនក្នុងមួយថ្ងៃ និងអាចចម្រាញ់ចេញជាប្រេងដូងឆៅបានដល់ទៅ ៩.១៩៦តោននៅក្នុងរយៈពេលតែមួយខែ។

ឯកឧត្តមបណ្ឌិត បានបន្ថែមថា ដើម្បីពង្រីកសក្តានុពលប្រកួតប្រជែងបន្ថែមឱ្យកាន់តែខ្លាំងក្លា ក្រុមហ៊ុនទើបតែបានសម្រេចការសាងសង់ និងដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រថ្មីសន្លាងមួយកន្លែងទៀត គឺរោងចក្រផលិតប្រេងសាច់ដូង។ ម៉ាស៊ីននៃរោងចក្រថ្មីនេះ មានសមត្ថភាពអាចផលិតប្រេងសាច់ដូងបន្ថែមបានពី ២៧ ទៅ ៣០តោននៅក្នុងមួយថ្ងៃ ដែលនេះជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយក្នុងការបង្កើនតម្លៃបន្ថែមដល់កសិ-ឧស្សាហកម្មកម្ពុជា ព្រមទាំងជួយបង្កើតឱកាសការងារកាន់តែទូលំទូលាយជូនដល់ប្រជាពលរដ្ឋក្នុងតំបន់។

បើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត វឌ្ឍនភាពផ្នែកឧស្សាហកម្ម​នៅលើទឹកដីស្រុកព្រៃនប់ ខេត្តព្រះសីហនុនេះ គឺកើតចេញពីការលះបង់ និងការប្រែក្លាយវាលដីដាច់ស្រយាលកាលពីឆ្នាំ១៩៩៤ ដែលកាលនោះមានប្រជាពលរដ្ឋរស់នៅត្រឹមតែ ៨គ្រួសារ ឱ្យទៅជាចក្រភពបៃតងដ៏ធំធេងដែលមានផ្ទៃដីសរុបជាង ២ម៉ឺនហិកតានៅក្នុងពេលបច្ចុប្បន្ន។ ជាមួយនឹងការឈានចូលដល់យុគសម័យថ្មីនៃការបើកយុទ្ធនាការដាំដុះជុំទី២ លើផ្ទៃដីប្រមាណជិត៦០០ហិកតា នៅក្នុងឆ្នាំ២០២៦ នេះ ការបំពាក់បច្ចេកវិទ្យាកែច្នៃកម្រិតខ្ពស់ និងការបង្កើតរោងចក្រថ្មីៗជាបន្តបន្ទាប់ មិនត្រឹមតែជួយទ្រទ្រង់ និងលើកកម្ពស់ជីវភាពពលរដ្ឋក្នុងតំបន់ជិត ៣ពាន់នាក់ដោយផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិយ៉ាងច្បាស់លាស់ តាមរយៈការនាំចេញផលិតផលពាក់កណ្តាលសម្រេច និងសម្រេចប្រកបដោយស្តង់ដាខ្ពស់បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ