ខេត្តកំពង់ឆ្នាំង ៖ នៅទីបំផុត ប្រតិកម្មភ្លូកទឹកភ្លូកដីតាមបណ្ដាញសង្គមក្ដៅដូចបាយពុះជុំ
វិញការចាប់ខ្លួនបុរសម្នាក់ឃុំខ្លួន តំណាងអយ្យការអមសាលាដំបូងខេត្ត នៅថ្ងៃទី១៦ ខែឧសភា
ឆ្នាំ២០២៦ បានសម្រេចដោះលែងបុរសជាប់ចោទឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយការចាប់ខ្លួន ក្នុងហេតុការណ៍អំពើហិង្សា នៅស្រុកកំពង់ត្រឡាច បណ្ដាលឲ្យភាគីម្ខាងទៀតស្លាប់ ដោយសារតែការប្រើប្រាស់សិទ្ធិការពារខ្លួន ពេលអ្នកដែលស្លាប់បានចូលទៅកាប់គាត់ដល់ក្នុងផ្ទះ។ គួររំលឹកថា ជម្លោះពាក្យសម្ដីក្នុងវង់ផឹកស៊ី ឈានដល់ការកា.ប់សម្លា.ប់គ្នា ស្លា.ប់ម្នាក់ និងរបួសម្នាក់ នៅស្រុកកំពង់ត្រឡាច
បុរសខាងលើឈ្មោះ នី រ៉វី ជាខ្មែរអ៊ិស្លាមរស់នៅភូមិច្រករមៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ហើយអំពើហិង្សានេះបានកើតឡើងកាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦កន្លងទៅ នៅក្នុងផ្ទះរបស់បុរសរូបនេះ ។
យោងតាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុបុរសដែលស្លាប់ឈ្មោះ សុះ អាលី បានផឹកស៊ីនៅផ្ទះទល់មុខផ្ទះរបស់ឈ្មោះ នី រ៉វី ហើយបានបោះពាក្យសម្ដីឌឺដងទៅឈ្មោះ នី រ៉វី ។ ក្រោយមក ប្រជាការពារបានមកបំបែកកុំឲ្យឈ្លោះប្រកែកគ្នា ប៉ុន្ដែឈ្មោះ សុះ អាលី បានកាន់ពូថៅដើរចូលទៅកាប់ឈ្មោះ នី រ៉វី ដល់ក្នុងផ្ទះចំកណ្ដាលក្បាល ទើបឈ្មោះ នី រ៉វី រត់ទៅយកពូថៅនៅផ្ទះបាយ មកកាប់វិញបណ្ដាលឲ្យឈ្មោះ សុះ អាលី ស្លាប់ភ្លាមនៅក្នុងផ្ទះតែម្ដង ។
បន្ទាប់ពីកើតហេតុ បុរសឈ្មោះ នី រ៉វី ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំយកទៅសាកសួរ និងបញ្ជូនទៅសាលាដំបូងខេត្ត បន្ដនីតិវិធី។ ការឃាត់ខ្លួននេះ ក៏មានប្រតិកម្មជាបន្ដបន្ទាប់ពីមហាជននៅលើបណ្ដាញសង្គម ដោយចាត់ទុកថា បុរសខាងលើគ្រាន់តែប្រើសិទ្ធិការពារខ្លួនពីការកាប់ប្រហាររបស់អ្នកស្លាប់ប៉ុណ្ណោះ ។ អ្វីដែលធ្វើឲ្យបណ្ដាញសង្គមកាន់តែពុះកញ្ជ្រោលនោះ គឺកូនប្រុសស្រីរបស់ជនជាប់ចោទអង្គុយមុខចម្រឹងដែកឃុំខ្លួនឪពុក ដែលមើលទៅគួរឲ្យក្ដុកក្ដួលបំផុត ។
ក្រោយពេលជ្រាបពីព័ត៌មាននេះ ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានបញ្ជាឲ្យតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ពិនិត្យនិងសិក្សាទិដ្ឋភាពច្បាប់ អង្គហេតុជាក់ស្ដែងលើករណីបុរសនោះ គឺពិតជាប្រើប្រាស់សិទ្ធិការពារខ្លួនមែន ដែលត្រូវបានធានាដោយច្បាប់។
លុះនៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ តំណាងអយ្យការអមសាលាដំបូងខេត្ត ក៏បានសម្រេចដោះលែងបុរសខាងលើ ដោយសំអាងហេតុថា នេះជាការប្រើប្រាស់សិទ្ធិការពារខ្លួនដែលមានចែងក្នុងក្រមព្រហ្មទណ្ឌ ៕


ចែករំលែកព័តមាននេះ