ទីក្រុងហូជីមិញ ៖ ប្រទេសវៀតណាមបានពង្រឹងការគ្រប់គ្រង និងត្រួតពិនិត្យលើបណ្តាជនបរទេស បន្ទាប់ពីចំនួនអ្នកដំណើរអន្តរជាតិដែលចូលមកកាន់ប្រទេសនេះ បានហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានពីមុនមក។ នេះបើតាមប្រភពពីសារព័ត៌មាន VnExpress កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។
ក្រសួងសន្តិសុខសាធារណៈវៀតណាមបានឱ្យដឹងថា ខ្លួននឹងពង្រឹងការគ្រប់គ្រងលើជនបរទេសដែលរស់នៅ និងធ្វើដំណើរក្នុងប្រទេសវៀតណាម ខណៈពេលដែលនៅបន្តរក្សាការបន្ធូរបន្ថយគោលនយោបាយពាក់ព័ន្ធទិដ្ឋាការ និងអន្តោប្រវេសន៍ ដើម្បីគាំទ្រដល់វិស័យទេសចរណ៍ ការវិនិយោគ និងកំណើនសេដ្ឋកិច្ចជាតិ។
ថ្លែងក្នុងសន្និសីទស្តីពីបញ្ហាគ្រប់គ្រងជនបរទេស ដែលធ្វើឡើងនៅទីក្រុងហូជីមិញនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ អនុរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈវៀតណាម លោក ផាម ថឺទុង (Pham The Tung) បានឱ្យដឹងថា ប្រទេសវៀតណាមបានកត់ត្រាចំនួនភ្ញៀងបរទេសជាង ២២,៨ លាននាក់ក្នុងឆ្នាំ ២០២៥ ដែលជាតួលេខខ្ពស់បំផុតដែលបានកត់ត្រា និងកើនឡើងប្រហែល ១៨% ធៀបនឹងឆ្នាំ ២០២៤។
ក្រឡេកមកឆ្នាំ២០២៦វិញ គិតចាប់ពីដើមឆ្នាំមក ប្រទេសវៀតណាមបានកត់ត្រា ចំនួនភ្ញៀវបរទេសជាង ៩ លាននាក់រួចទៅហើយ ដែលជាការកើនឡើង ២២,៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ចំពេលដែលវៀតណាមនឹងបន្តអនុវត្តការបន្ធូរបន្ថយគោលនយោបាយអន្តោប្រវេសន៍របស់ខ្លួន ក្រសួងបានព្រមានថា ជនបរទេសមួយចំនួនត្រូវបានចោទប្រកាន់ថាបានកេងប្រវ័ញ្ចលើការបន្ធូរបន្ថយគោលនយោបាយទិដ្ឋាការ ដើម្បីចូលរួមនៅក្នុងសកម្មភាពខុសច្បាប់ ដែលបង្កឱ្យមានការព្រួយបារម្ភខ្លាំងអំពីបញ្ហាប្រឈមនៃការអនុវត្តច្បាប់ និងសន្តិសុខកាន់តែស្មុគស្មាញ។
ទោះអាជ្ញាធរមិនបានបញ្ជាក់លម្អិតអំពីប្រភេទនៃបទល្មើសជាក់លាក់ណាមួយដែលកំពុងតែកើនឡើងក៏ពិតមែន ប៉ុន្តែការប្រកាសនាថ្មីៗនេះរបស់ប៉ូលិសបានបង្ហាញពីករណីនានា ដែលពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកអនឡាញ បទល្មើសអន្តោប្រវេសន៍ ការបង្កការរំខានដល់សណ្តាប់ធ្នាប់សាធារណៈ និងជនបរទេសដែលស្នាក់នៅហួសទិដ្ឋាការ ឬធ្វើការដោយគ្មានឯកសារស្របច្បាប់។
ក្រសួងបានបញ្ជាក់ថា អង្គភាពប៉ូលិសទូទាំងប្រទេសត្រូវបានណែនាំឱ្យកែលម្អវិធានការមួយចំនួន រួមទាំងការសម្របសម្រួល និងការអនុវត្តទាក់ទងនឹងជនបរទេសដែលរស់នៅក្នុងប្រទេសវៀតណាមជាដើម។ ប៉ូលិសឃុំ និងសង្កាត់ នឹងត្រូវដើរតួនាទីកាន់តែធំក្នុងការគ្រប់គ្រងជនបរទេស ស្របតាមការជំរុញរបស់រដ្ឋាភិបាលសម្រាប់ការធ្វើវិមជ្ឈការ និងកំណែទម្រង់រដ្ឋបាល។
បច្ចុប្បន្នប្រទេសវៀតណាមផ្តល់ជូនទិដ្ឋាការអេឡិចត្រូនិក ឬ e-Visa ដល់ពលរដ្ឋមកពីគ្រប់ប្រទេស និងដែនដី ខណៈគោលនយោបាយលើកលែងទិដ្ឋាការក៏ត្រូវបានពង្រីកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះផងដែរ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារវិស័យទេសចរណ៍ និងទាក់ទាញអាជីវកម្មអន្តរជាតិ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩៕
ចែករំលែកព័តមាននេះ