ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយហ្វីលីពីន ចុះផ្ទៀងផ្ទាត់ស្ថានភាពព្រំដែននៅភូមិសិលាខ្មែរ ឃុំ​អូរ​បី​ជាន់

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ដឹកនាំ​ដោយ​ប្រធាន​បេសកកម្ម​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (HOM AOT) ហ្វី​លី​ពី​ន ដើម្បី​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់…

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ដឹកនាំ​ដោយ​ប្រធាន​បេសកកម្ម​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (HOM AOT) ហ្វី​លី​ពី​ន ដើម្បី​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​ព្រំដែន​នៅ​តំបន់​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​១៧ ខែឧសភា ឆ្នាំ​២០២៦ វេលា​ម៉ោង​០៩:០០​នាទី ក្រុម​អ្នកសម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្របសម្រួល​ជូន​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ដឹកនាំ​ដោយ​ប្រធាន​បេសកកម្ម​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (HOM AOT) ហ្វី​លី​ពី​ន ដើម្បី​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​រាយការណ៍​អំពី​ស្ថានភាព​ព្រំដែន​នៅ​តំបន់​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ដែល​ជាទី​តាំង​ប្រជាពលរដ្ឋ​កម្ពុជា​បង្កបង្កើន និង​អាស្រ័យ​ផល​ជា​យូរណាស់​មក​ហើយ និង​ជាទី​តាំង​ដែល​កម្ពុជា​បន្តកាន់កាប់ ក្រោយ​បទ​ឈប់​បាញ់​បន្ទាន់​រវាង​កម្ពុជា និង​ថៃ បាន​ចូល​ជា​ធរមាន​ចាប់តាំងពី​វេលា​ម៉ោង​១២:០០​នាទី ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥​មក​ម្ល៉េះ និង​ធ្វើការ​ពិនិត្យ​លើ​ការ​គោរព និង​ការ​អនុវត្ត​វិធានការ​ទាំងអស់ ក្នុង​សេចក្តី​ប្រកាស​រួម ក្រោយ​បទ​ឈប់​បាញ់​ចូល​ជា​ធរមាន​ផង​ដែរ ។

ឆ្លៀត​ក្នុង​ឱកាស​នេះ ភាគី​កម្ពុជា សូម​បញ្ជាក់​សារ​ជា​ថ្មី​នូវ​ជំហរ​មិន​ងាករេ​របស់​ខ្លួន​ថា ការងារ​វាស់វែង និង​ខណ្ឌសីមា​លើ​ដី ជាក់ស្តែង​ជា​សមត្ថកិច្ច​ដាច់​មុខ​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) ។ ក្នុង​ន័យ​នេះ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ រួម​ទាំង​យោធា ក៏​ដូច​ជា អាជ្ញាធរ​មូលដ្ឋាន​ពុំ​មាន​សមត្ថកិច្ច​ចង្អុលបង្ហាញ​ខ្សែ​ព្រំដែន​នៅ​លើ​ដី​ជាក់ស្តែង​នោះ​ទេ ។

លោក​ជំទាវ​បាន​លើក​ឡើង​ថា ការងារ​ផ្ទៀងផ្ទាត់ និង​បញ្ជាក់​ខ្សែ​ព្រំដែន​អន្តរជាតិ នៃ​ប្រទេស​ទាំង​ពីរ​នៅ​លើ​ដី​ជាក់ស្តែង គឺជា​សមត្ថកិច្ច​របស់​ក្រុម​វាស់វែង​ចម្រុះ (JSTs) ដែល​ស្ថិត​នៅ​ក្រោម​រចនាសម្ព័ន្ធ​របស់​គណៈកម្មការ JBC នៃ​ភាគី​ទាំង​ពីរ ។ ភាគី​កម្ពុជា តែងតែ​បញ្ជាក់​ជំហរ​មិន​ទទួលស្គាល់​ដាច់ខាត​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ ដែល​ផ្ទុយ​ពី​អនុសញ្ញា​សន្ធិសញ្ញា​បារាំង​-​សៀម​, ផែនទី ដែល​ជា​លទ្ធផល​ការងារ​ខណ្ឌសីមា​របស់​គណៈកម្មការ​កំណត់ព្រំដែន​ឥណ្ឌូចិន​-​សៀម​, កំណត់ហេតុ​កិច្ចប្រជុំ និង​កំណត់ហេតុ​បោះបង្គោល​របស់​គណៈកម្មការ​ឥណ្ឌូចិន​-​សៀម​, កំណត់ហេតុ​របស់​គណៈកម្មការ JBC, MOU 2000 និង​TOR 2003 ជាដើម ។

លើស​ពី​នេះ ភាគី​កម្ពុជា​ប្រកាស​មិន​ទទួលស្គាល់​ជា​ដាច់ខាត​នូវ​ការ​កែប្រែ​ខ្សែ​ព្រំដែន​ណាមួយ ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​ទាំង​ពេល​កន្លង​មក ទាំង​បច្ចុប្បន្ន និង​អនាគត និង​ស្នើ​ជំរុញ​ភាគី​ថៃ​ឯកភាព​ក្នុង​ការ​ចាត់​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ (JSTs) ចុះ​លើ​ដី​ជាក់ស្តែង ដើម្បី​បន្តការងារ ព្រមទាំង​ស្នើ​ជំរុញ​ការ​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ JBC នៃ​ភាគី​ទាំង​ពីរ​ឱ្យ​បាន​ឆាប់​បំផុត ។

រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ​កម្ពុជា នៅ​តែ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិត​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា និង​ថៃ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឆ្ពោះទៅ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់រហ័ស និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព សន្តិភាព​និង​ស្ថិរភាព​យូរអង្វែង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ