រាជធានីភ្នំពេញៈទីតាំងលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS) ចំនួន៣ ទីតាំងនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវត្រូវបានកម្លាំងទៅដាក់បញ្ជាការឯកភាពខណ្ឌឬស្សីកែវ ចុះសង្ក្រាបដោយឃាត់ខ្លួនជនបរទេសចំនួន ២៦នាក់ព្រមទាំងដកហូតសម្ភារៈប្រព្រឹត្តបទល្មើសជាច្រើន។
តាមអធិការដ្ឋាននគរបាលខណ្ឌ ឬស្សីកែវបានឲ្យដឹងថា នៅរសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ជាអនុប្រធានក្រុមការងារប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ
បានរៀបចំកម្លាំងក្រុមប្រតិបត្តិការបង្ក្រាប និងក្រុមកសាងនីតិវិធី បន្តចុះធ្វើរដ្ឋបាលត្រួតពិនិត្យ ស៊ើបអង្កេត នៅតាមទីតាំងរស់នៅប្រមូលផ្តុំក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ជាពិសេសទីតាំងដែលមានជនបរទេសស្នាក់នៅ។
នៅក្នុងកិច្ចប្រតិបត្តិការនេះ ប្រើប្រាស់កម្លាំងសរុបនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ដឹកនាំដោយ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌឫស្សីកែវ ជាប្រធានក្រុមការងារប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ។
តាមអធិការដ្ឋានបានឲ្យដឹងថាដោយអនុវត្តយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) និងបទល្មើសផ្សេៗ ដើម្បីធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ជូនប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខ និងសុវត្ថិភាពល្អ។
លទ្ធផលកិច្ចប្រតិបត្តិការ៖ ដោយមានការសម្របសម្រួលពី លោក សេង រិទ្ធី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះធ្វើរដ្ឋបាលត្រួតពិនិត្យ ស៊ើបអង្កេត ទីតាំងរស់នៅប្រមូលផ្តុំក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ចំនួន ០៣ទីតាំង រកឃើញមានពាក់ព័ន្ធប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS), រក្សាទុកសម្ភារៈបម្រើឱ្យសកម្មភាពប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS), និងរស់នៅប្រមូលផ្តុំខុសច្បាប់ ក្នុងនោះ៖ បានធ្វើការឃាត់ខ្លួនជនបរទេសសរុប ២៦នាក់ (ស្រី ០៣នាក់) រួមមាន ជនជាតិវៀតណាម ចំនួន ១៧នាក់ (ស្រី ០២នាក់), ជនជាតិចិន ០៩នាក់ (ស្រី ០១នាក់) និងចាប់យកវត្ថុតាងដែលបម្រើឱ្យសកម្មភាពប្រព្រឹត្តបទល្មើសមួយចំនួន រួមមានដូចជា រថយន្ត, ទូរស័ព្ទ, កុំព្យូទ័រ Laptop, Ipad, កុំព្យូទ័រប្រភេទ All-in-One, ម៉ាស៊ីនកុំព្យូទ័រ CPU, ម៉ូនីទ័រ(Monitor), និងលិខិតឆ្លងដែនមួយចំនួន។
ជនបរទេសទាំង ២៦នាក់ (ស្រី ០៣នាក់) និងវត្ថុតាងចាប់យកខាងលើ ត្រូវបានប្រគល់ជូនជំនាញការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី និងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕










ចែករំលែកព័តមាននេះ