ខេត្តស្វាយរៀង ៖ កម្លាំងសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Scam Online) ចំនួនពីរទីតាំងស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ដោយឃាត់ខ្លួនជនសង្ស័យចំនួន១១១នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ ។
បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៤និង៤០នាទីរសៀល បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ពេជ វីរៈ ស្នងការនគរបាលខេត្ត កម្លាំងជំនាញ នៃស្នងដ្ឋានការនគរបាលខេត្ត សហការជាមួយរដ្ឋាបាលក្រុងបាវិត និងកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងបាវិត ក្រោមការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន២ទីតាំង ស្ថិតក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត។
ក្នុងប្រតិបត្តិការនេះ នគរបាល បានឃាត់ខ្លួនជនសង្ស័យបានចំនួន១១១នាក់ (ស្រី១៥នាក់) ក្នុងនោះ ជនជាតិចិនចំនួន៣៦នាក់ (ស្រី៣នាក់) ជនជាតិវៀតណាមចំនួន៥០នាក់ (ស្រី១១នាក់) ជនជាតិប៉ាគីស្ថានចំនួន១៣នាក់ ស្ត្រីជនជាតិថៃម្នាក់ ជនជាតិមីយ៉ាន់ម៉ាម្នាក់ ចិនតៃវ៉ាន់ម្នាក់ និងជនជាតិខ្មែរម្នាក់ ព្រមទាំងដកហូតវត្ថុតាងបម្រើសកម្មភាពឆបោករួមមាន ៖ ទូរស័ព្ទដៃចម្រុះចំនួន១១៣គ្រឿង កុំព្យូទ័រលើតុ ១៥២គ្រឿង Monitor ចំនួន ៤គ្រឿង ធុងCPU ៥គ្រឿង និងលេបថបចំនួន ៩គ្រឿង រថយន្ត ០៦គ្រឿង និងម៉ូតូ០៣គ្រឿង។
បន្ទាប់ពីធ្វើការត្រួតពិនិត្យរួច សមត្ថកិច្ចចម្រុះសម្រេចបិទទីតាំងខាងលើ ជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធី។ បច្ចុប្បន្ន ជនសង្ស័យ រួមនឹងសម្ភារវត្ថុតាងខាងលើ បានបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕



ចែករំលែកព័តមាននេះ