ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​បន្ត​ផ្ដល់ជំនួយ​​ជាង​១១​លាន​ដុល្លារ ​សម្រាប់​បោសសម្អាត​មីន និង​ជន​ពិការ​ដោយសារ​មីន ​នៅ​ខេត្តចំនួន​៣​របស់​កម្ពុជា

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​រាជរដ្ឋាភិបាល​ជប៉ុន​ បាន​បន្ត​ផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា ​សម្រាប់​គម្រោង​បោសសម្អាត​មីន និង​ជន​ពិការ​ដោយសារ​មីន ​ដែល​ជា​គម្រោង​ថ្មី​ដំណាក់កាល​ទី​៣ ដែល​មានថវិកា​ចំនួន ១,៧០០លាន​យ៉េន ប្រមាណ​ជាង១១​លានដុល្លារ​អាម៉េរិក…

រាជធានី​ភ្នំពេញ ​៖ ​រាជរដ្ឋាភិបាល​ជប៉ុន​ បាន​បន្ត​ផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ដល់​កម្ពុជា ​សម្រាប់​គម្រោង​បោសសម្អាត​មីន និង​ជន​ពិការ​ដោយសារ​មីន ​ដែល​ជា​គម្រោង​ថ្មី​ដំណាក់កាល​ទី​៣ ដែល​មានថវិកា​ចំនួន ១,៧០០លាន​យ៉េន ប្រមាណ​ជាង១១​លានដុល្លារ​អាម៉េរិក នៅ​ខេត្ត​ពោធិ៍​សាត់ ខេត្តបាត់ដំបង និង​ខេត្តកោះកុង​ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ​២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រីការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ផ្ទេរ​-​ប្រគល់​សមិទ្ធផល នៃ​គម្រោង​សមាហរណកម្ម​ការ​បោសសម្អាត​មីន និង​ជួយសង្គ្រោះ​ជន​ពិការ ដោយសារ​មីន ដំណាក់កាល​ទី​២ និង​ការ​បើក​គម្រោង ដំណាក់កាល​ទី​៣ ក្រោម​ហិរញ្ញប្បទាន ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន នៅ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ស៊ី​ម៉ាក់ “​មរតក​តេ​ជោ​” នៅ​ស្រុក​គាស់​ក្រឡ ខេត្តបាត់ដំបង​ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាល ជ្រៅ​ចំពោះ​ជំនួយ​ដ៏​ថ្លៃថ្លា​នេះ ពី​សំណាក់​ប្រជាជន និង​រដ្ឋាភិបាល​ជប៉ុន សម្រាប់​គាំទ្រ​គម្រោង​សមា​ហរណកម្ម​ការ​បោស សម្អាត​មីន និង​ជួយសង្គ្រោះ​ជន​ពិការ​ដោយសារ​មីន ដំណាក់កាល​ទី​២ ដែល​មាន​ថវិកា​ចំនួន​២,០០០​លាន​យ៉េន ប្រមាណ​ជាង​១៧ លានដុល្លារ​អាម៉េរិក សម្រាប់​គាំទ្រ​ប្រតិបត្តិការ​បោសសម្អាត​មីន និង​សំណល់​យុទ្ធភណ្ឌ​សង្គ្រាម ព្រមទាំង​ជួយ សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន​តាម​រយៈ​ការ​ជួយ​កសាង​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្លូវថ្នល់​ជនបទ ដោយ​ផ្តល់​អាទិភាព លើ​ខេត្ត​ចំនួន​៣​គឺ ខេត្ត​ពោធិ៍​សាត់ ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន និង​គម្រោង​ថ្មី​ដំណាក់កាល​ទី​៣ ដែល​មាន ថវិកា​ចំនួន ១,៧០០ លាន​យ៉េន ប្រមាណ​ជាង ១១​លាន ដុល្លារ​អាម៉េរិក នៅ​ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង​ខេត្តកោះកុង ​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​យ៉ាង​ស្មោះស្ម័គ្រ​ដល់ អង្គភាព​បោសសម្អាត​មីន​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បោសសម្អាត​ផ្ទៃដី​បាន​ចំនួន​ជាង​៣,៥៤២គីឡូម៉ែត្រ​ក្រឡា​និង​រុករក​ឃើញ និង​កម្ទេច​ចោល​គ្រាប់​មីន​ប្រឆាំង​មនុស្ស​គ្រប់​ប្រភេទ​បាន​ចំនួន​ជាង​៤.៥ លាន​គ្រាប់ អង្គភាព CMAC បោសសម្អាត​ផ្ទៃដី ​បាន​ចំនួន​ប្រមា ណ​២,១៣៦​គីឡូម៉ែត្រ​ក្រឡា សម្រាប់ប្រជាជន​ធ្វើស្រែ​ចម្ការ​ដើម្បី​ចិញ្ចឹមជីវិត ​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​រំលឹក​ពី​ពលិកម្ម​របស់​អ្នក​ដោះ​មីន ដែល​បាន​រង​របួស និង​បាត់បង់​ជីវិត ក្នុង​អំឡុងពេល​ប្រតិបត្តិការ​បោសសម្អាត​មីន​របស់​ពួក​គេ​ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុង​នាម​ជា​ប្រទេស​ដែល​រង​គ្រោះ​ពី​បញ្ហា​គ្រាប់ មិន​ធ្ងន់ធ្ងរ​បំផុត​មួយ​ក្នុង​ពិភពលោក និង​ជា​រដ្ឋ​ភាគី នៃ​អនុសញ្ញា​មីន​អន្តរជាតិ​អូ​តា​វ៉ា កម្ពុជា​ប្រកាន់​ជំហរ​យ៉ាង ម៉ឺងម៉ាត់​ក្នុង​ការ​បំពេញ​តាម​គ្រប់​កាតព្វកិច្ច និង​ស្មារតី​នៃ​អនុសញ្ញា​អន្តរជាតិ​នេះ​។

កម្ពុជា​ក៏​មាន​មោ​ន​ទ​នភា​ព ដែល​បាន​បញ្ជូន​កងកម្លាំង​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការ​សហ ប្រជាជាតិ (UN)​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ដៃគូ​អ្នក ផ្តល់​ជំនួយ​ផ្សេង​ៗ​ទៀត ដែល​បាន ហើយនឹង​បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​សកម្មភាព​បោសសម្អាត​មីន​នៅ​កម្ពុជា ក្នុង​នោះ​ក្រៅពី​ជប៉ុន គឺ​មាន​ចិន សហរដ្ឋ​អាម៉េរិក អូស្ត្រាលី ប៊ែ​ល​ហ្ស៊ិ​ក កា​ណា​ដា សហគមន៍​អឺរ៉ុប អា​ល្លឺ​ម៉​ង់ ន័​រវេ​ស្ស ស៊ុ​យ​អ៊ែ​ត ចក្រភព​អង់គ្លេស និង​អង្គការ​ជា​ដៃគូ​រួម​មាន UNDP អង្គការ NPA ទីភ្នាក់ងារ JICA អង្គការ​យេ​ម៉ាស់ (JMAS) អង្គការ អា​ប៉ូ​ប៉ូ (APOPO) អង្គការ Golden West, Japan International Cooperation System ក្រុមហ៊ុន Japan Crown Agents Japan Limited ក្រុមហ៊ុន Komatsu និង​ក្រុមហ៊ុន Nikken Corporation៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ