ទីក្រុងព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន បានអំពាវនាវទៅមន្ត្រីកំពូលៗនៅក្នុងជួរកងទ័ពត្រូវតែពង្រឹងកងឯកភាពនៅសមរភូមិមុខ និងប្រែក្លាយព្រំដែនជាមួយកូរ៉េខាងត្បូងទៅជាកំពែងជួរមុខដ៏រឹងមាំ។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋកូរ៉េខាងជើង។ លោកគីមថ្លែងប្រាប់មេបញ្ជាការកងទ័ពទាំងនោះថាយើងនឹងធ្វើឱ្យមានការផ្លាស់ប្ដូរដ៏ធំមួយដើម្បីត្រៀមទប់ទល់នឹងសង្គ្រាម និងថាមេបញ្ជាការទាំងនោះគួរតែបង្កើនការឃ្លាំមើលចំពោះមហាសត្រូវរបស់យើង។ លោកចង់សំដៅទៅលើប្រទេសកូរ៉េខាងត្បូង។

លោកគីមបានកំណត់ផែនការពង្រឹងកងឯកភាពជួរមុខ និងកងឯកភាពសំខាន់ៗដទៃទៀតនៅក្នុងជួរកងទ័ព និងក្រុមបច្ចេកទេសដោយចាត់ទុកជាការសម្រេចចិត្តដ៏សំខាន់ដើម្បីត្រៀមទប់ទល់នៅពេលមានសង្គ្រាម។ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍កូរ៉េខាងជើង ខេស៊ីអឹនអេ (KCNA)។ ផែនការរបស់លោកគីមជុងអ៊ុនកើតមានឡើងនៅក្នុងស្ថានភាពដែលទំនាក់ទំនងរវាងប្រទេសកូរ៉េទាំង២ធ្លាក់ចុះយ៉ាងខ្លាំង។ កូរ៉េខាងត្បូងបានបោះដៃទៅរកកូរ៉េខាងជើងដើម្បីសន្ទនាគ្នា ប៉ុន្តែគ្មានចម្លើយតបនោះទេ។

គួរកត់សម្គាល់ថាអង្គមិទ្ទិញរវាងលោកគីមជុងអ៊ុនជាមួយមេបញ្ជាការធំៗនៃកងទ័ពរបស់លោកលើកនេះកើតមានឡើងចំពេលដែលក្រុមកីឡាការនីបាល់ទាត់កូរ៉េខាងជើងធ្វើដំណើរទៅដល់កូរ៉េខាងត្បូង។ នេះជាករណីដំបូងនៅក្នុងរយៈពេល៨ឆ្នាំចុងក្រោយ។ សកម្មភាពនេះធ្វើឱ្យគេសង្ឃឹមថាទំនាក់ទំនងរវាងបងប្អូនគូសត្រូវទាំង២នឹងបានប្រសើរជាងមុន។ នៅក្នុងពេលជួបគ្នានោះ លោកគីមថ្លែងថាគម្រោងធ្វើទំនើបកមុ្មកងទ័ពគួរតែពន្លឿនដើម្បីជួយរៀបចំផែនការប្រតិបត្តិការសឹកនៅក្នុងគ្រប់ស្ថានភាពទាំងអស់។

លោកហុងមីនជាអ្នកវិភាគជាន់ខ្ពស់អំពីបញ្ហាកូរ៉េថ្លែងថាការណែនាំរបស់លោកគីមទៅកាន់មេបញ្ជាការកងទ័ពរបស់លោកទំនងជាលោកបានដកស្រង់បទពិសោធពីការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែន។ កូរ៉េខាងជើងគាំទ្ររុស្ស៊ី និងបញ្ជូនកងទ័ពទៅជួយរុស្ស៊ីដើម្បីវាយបណ្ដេញកងទ័ពអ៊ុយក្រែនពីតំបន់ខឺស។ អ្នកវិភាគរូបនេះថ្លែងបន្តទៀតថាពាក្យសម្ដីរបស់លោកគីមឆ្លុះបញ្ចាំងអំពីការស្វែងយល់អំពីសង្គ្រាមដ្រូន ការវាយប្រហារឱ្យចំគោលដៅ សង្គ្រាមប្រើប្រព័ន្ធអេឡិចត្រូវនិច និងសង្គ្រាមច្រើនមុខព្រួញដូចដែលកំពុងកើតមាននៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា៕ ប្រភព៖ Euro News
ចែករំលែកព័តមាននេះ