រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសពីការការពារខ្លួនពីការឆ្លងជំងឺអេបូឡា (Ebola) ខណៈមកដល់ពេលនេះ កម្ពុជាមិនទាន់រកឃើញករណីជំងឺអេបូឡានៅឡើយទេ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦បានលើកឡើងថា អង្គការសុខភាពពិភពលោក (WHO) បានរាយការណ៍ពីការផ្ទុះជំងឺអេបូឡា (Ebola) នៅសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ និងបានប្រកាសជាភាពអាសន្នសុខភាពសាធារណៈអន្តរជាតិ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦។
ក្រសួងបានបញ្ជាក់ថា «ជំងឺនេះក៏បានឆ្លងរាលដាលទៅប្រទេសអ៊ូហ្គង់ដា និងបណ្តាលឱ្យមានអ្នកឆ្លង និងស្លាប់ផងដែរ។ រហូតមកដល់ពេលនេះកម្ពុជា មិន ទាន់រកឃើញករណីជំងឺអេបូឡានៅឡើយទេ» ។
លើសពីនេះ ក្រសួងសុខាភិបាលបាននិងកំពុងតាមដានស្ថានការណ៍យ៉ាងជិតស្និទ្ធ ព្រមទាំងបានផ្សព្វផ្សាយចំណេះដឹង និងណែនាំដល់ក្រុមឆ្លើយតបបន្ទាន់ បុគ្គលិកសុខាភិបាលទូទាំងប្រទេស អ្នកទទួលទូរសព្ទ១១៥ និងសាធារណជនតាមបណ្តាញទំនាក់ទំនងសង្គម។ ជាមួយនេះ ក្រសួងបានត្រៀម វិធានការចាំបាច់សម្រាប់ការពារ និងឆ្លើយតបបន្ទាន់ ប្រសិនបើមានករណីសង្ស័យកើតឡើងនៅកម្ពុជា ។
សូមរំលឹកថា ជំងឺអេបូឡា គឺជាជំងឺឆ្លងធ្ងន់ធ្ងរ បង្កដោយក្រុមវីរុសអេបូឡា ដែលអាចបណ្តាលឱ្យស្លាប់ក្នុងអត្រាខ្ពស់រហូតដល់៨០-៩០ភាគរយ ប្រសិនបើមិនទទួលបានការព្យាបាលទាន់ពេលវេលា ។ វីរុសនេះ ត្រូវបានគេរកឃើញនៅឆ្នាំ១៩៧៦ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយភាគច្រើនត្រូវបានរកឃើញនៅតំបន់សាហារ៉ានៃទ្វីបអាហ្វ្រិក ។
ក្រុមវីរុសអេបូឡា ដែលអាចបង្កជំងឺលើមនុស្សមាន៤ប្រភេទ រួមមានអេបូឡា (Ebola) ស៊ូដង់ (Sudan) តែហ្វ័ររេស (Tai Forest) និង ប៊ុនឌីប៊ូហ្គីយូ (Bundibugyo) ។
បច្ចុប្បន្ន មានវ៉ាក់សាំងសម្រាប់បង្ការជំងឺអេបូឡាមួយចំនួន ដែលត្រូវបានប្រើនៅក្នុងតំបន់មានផ្ទុះជំងឺ ឬក្នុងក្រុមហានីភ័យខ្ពស់ ។ មិនមានឱសថព្យាបាលជាក់លាក់ ដែលអាចសម្លាប់វីរុសបានទាំងស្រុងទេ មានតែការព្យាបាលថែទាំគាំទ្រទៅតាមទម្រង់នៃជំងឺប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ