ទីក្រុងសេអ៊ូល៖ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun បានធ្វើការពិភាក្សាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Seyyed Abbas Araghchi កាលពីថ្ងៃអាទិត្យ ដើម្បីជជែកដេញដោលអំពីស្ថានភាពចុងក្រោយនៅតំបន់មជ្ឈិមបូព៌ា ទំនាក់ទំនងទ្វេភាគី ព្រមទាំងបញ្ហាសុវត្ថិភាព និងការធ្វើដំណើររបស់នាវាកូរ៉េខាងត្បូងនៅក្នុងច្រកសមុទ្រ Hormuz។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua។
នៅក្នុងកិច្ចសន្ទនានោះ លោក Cho Hyun បានលើកឡើងថា កូរ៉េខាងត្បូងកំពុងបន្តការស៊ើបអង្កេតបន្ថែមជុំវិញការវាយប្រហារថ្មីៗនេះលើនាវាដឹកជញ្ជូន HMM NAMU ដែលប្រតិបត្តិការដោយក្រុមហ៊ុនកូរ៉េខាងត្បូង។ លោកបានស្នើឱ្យភាគីអ៊ីរ៉ង់បញ្ជាក់ពីជំហររបស់ខ្លួនចំពោះអង្គហេតុនៃករណីនេះ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់គ្រប់នាវាទាំងអស់ រួមទាំងនាវារបស់កូរ៉េខាងត្បូងនៅក្នុងច្រកសមុទ្រ Hormuz ផងដែរ។ កន្លងមក ក្រុមស៊ើបអង្កេតចម្រុះរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងបានបញ្ជាក់ថា មានវត្ថុហោះហើរមិនស្គាល់អត្តសញ្ញាណចំនួនពីរ បានហោះទៅបុកផ្នែកខាងក្រោយនៃនាវាដោតទង់ជាតិប៉ាណាម៉ាមួយគ្រឿងនេះកាលពីថ្ងៃទី៤ ខែឧសភា ប៉ុន្តែសំណាងល្អដែលនាវិកទាំង ២៤ នាក់នៅលើនាវាមិនមាននរណាម្នាក់រងរបួសឡើយ។
ជាការឆ្លើយតប លោក Araghchi បានពន្យល់យ៉ាងក្បោះក្បាយអំពីជំហររបស់ប្រទេសអ៊ីរ៉ង់ចំពោះស្ថានការណ៍បច្ចុប្បន្ននៅមជ្ឈិមបូព៌ា ដោយលោកបានថ្លែងថា ការធ្វើដំណើរដោយសុវត្ថិភាពនៅក្នុងច្រកសមុទ្រគួរតែត្រូវបានស្តារឡើងវិញ ព្រមទាំងបានអំពាវនាវឱ្យមានការបញ្ចប់ភាពទាល់ច្រកនៅទីនោះឱ្យបានឆាប់រហ័ស។
ជារួម រដ្ឋមន្ត្រីការបរទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងការរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធបន្ថែមទៀត ដើម្បីធានាសុវត្ថិភាពដល់នាវា និងសមាជិកនាវិកកូរ៉េខាងត្បូងនៅក្នុងច្រកសមុទ្រយុទ្ធសាស្ត្រមួយនេះ៕
ចែករំលែកព័តមាននេះ