ទីក្រុងវ៉ាស៊ីនតោន៖ លោកដូណាល់ត្រាំចោទប្រកាន់ថាប្រទេសចិនបានជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០២០ដែលធ្វើឱ្យលោកចាញ់ឆ្នោតនៅក្នុងពេលនោះ។ នេះមិនមែនជាលើកទីមួយទេដែលលោកចោទប្រកាន់ថាមកពីមូលហេតុនេះ ឬមូលហេតុនោះនាំឱ្យលោកចាញ់ឆ្នោត។ ជួនកាលលោកថាមកពីមានការលួចបន្លំសន្លឹកឆ្នោត ឬមានភាពមិនប្រក្រតីជាច្រើនកើតឡើងនៅអំឡុងពេលនោះ។ ទោះជាយ៉ាងណាក្ដី សំណុំរឿងនេះនៅពេលឡើងដល់ដៃរបស់តុលាការមិនត្រូវបានតុលាការរកឃើញភស្តុតាងជាក់លាក់ណាមួយដូចការចោទប្រកាន់ទាំងនោះទេ។

ក្រុមអ្នករិះគន់យល់ថាលោកត្រាំកំពុងព្យាយាមក្រឡុកស្ថានការណ៍ធ្វើឱ្យមនុស្សវិលវល់មុនការបោះឆ្នោតសភានាខែវិច្ឆិកាខាងមុខនេះដែលគេព្យាករថាគណបក្សសាធារណរដ្ឋអាចនឹងចាញ់ឆ្នោតនៅរដ្ឋសភា ឬព្រឹទ្ធសភា។ នៅក្នុងការចោទប្រកាន់ចុងក្រោយនេះ លោកត្រាំអះអាងថាប្រទេសចិនបានធ្វើសកម្មភាពដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រក្នុងការកែប្រែតួលេខនៃលទ្ធផលបោះឆ្នោត។ លោកថាប្រទេសចិនបានទទួលទិន្នន័យស្ដីពីអ្នកមានសិទ្ធិបោះឆ្នោតនៅអាមេរិក២២០លាននាក់តាំងពីមុនការបោះឆ្នោតឆ្នាំ២០២០ទៅទៀត។

លោកថាលោកនឹងចេញបញ្ជាឱ្យអាជ្ញាធរស៊ើបអង្កេតសំណុំរឿងនេះដើម្បីចង់ដឹងថាតើប្រទេសចិនពិតជាបានជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតនេះ ឬយ៉ាងណា។ លោកក៏ត្រៀមបញ្ចេញឯកសារសម្ងាត់ជាច្រើនដែលលោកអះអាងថានឹងបង្ហាញអំពីចំណុចខ្សោយនៅក្នុងប្រព័ន្ធបោះឆ្នោតនៅអាមេរិក។ លោកត្រាំមិនបានបញ្ជាក់ឱ្យបានច្បាស់ថាតើការដែលប្រទេសចិនអាចចូលគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោតនោះបានជួយឱ្យលោកចូបៃដិនឈ្នះឆ្នោតនៅក្នុងគ្រានោះយ៉ាងដូចម្ដេចទេ។ នៅក្នុងការថ្លែងសុន្ទរកថារយៈពេល២៤នាទីនោះ លោកក៏មិនបានប្រកាសថាបានរកឃើញភស្តុតាងស្ដីពីការចូលគ្រប់គ្រងទិន្នន័យអ្នកបោះឆ្នោត ឬក៏ការកែប្រែលទ្ធផលឆ្នោតនោះដែរ។ ប៉ុន្តែលោកថាលោកបានបញ្ជាឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ និងអែហ្វប៊ីអាយស៊ើបអង្កេតរឿងនេះដើម្បីកំណត់ថាតើការជ្រៀតចូលគ្រប់គ្រងទិន្នន័យនោះមានទំហំប៉ុណ្ណា។

នៅក្នុងព្រឹត្តិការណ៍មួយទៀតពាក់ព័ន្ធនឹងការចោទប្រកាន់នេះ ប្រទេសចិនបានបដិសេធទាំងស្រុងថាខ្លួនមិនបានប្រព្រឹត្តរឿងនេះទេ។ ប្រទេសចិនថានោះជាការចោទប្រកាន់ដែលគ្មានមូលដ្ឋាន និងដែលមានចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់ខ្លួនតែប៉ុណ្ណោះ។ លោកលីនចៀនថ្លែងថាប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ហើយក៏គ្មានចំណូលចិត្តក្នុងការធ្វើរឿងនេះដែរ។ បើនិយាយអំពីការបោះឆ្នោតនៅអាមេរិកទៀតរឹតតែសូន្យតែម្ដង។ លោកក៏សូមឆ្លៀតឱកាសនេះអំពាវនាវឱ្យអាមេរិកមុននឹងចោទប្រកាន់គេត្រូវឆ្លុះកញ្ចក់មើលខ្លួនឯងសិន ហើយត្រូវឈប់ដើរចោទប្រកាន់ចិនតែផ្ដេសតែផ្ដាស និងឈប់យកចិនធ្វើជាចំណាប់ខ្មាំងនៅក្នុងការឃោសនារកសំឡេងឆ្នោត។ ជាចុងបញ្ចប់ លោកស្នើសុំឱ្យអាមេរិកធ្វើអ្វីដែលជាប្រយោជន៍ដល់ការអភិវឌ្ឍទំនាក់ទំនងចិន-អាមេរិកកាន់តែប្រសើរ៕ ប្រភព៖ DW និង CGTN

ចែករំលែកព័តមាននេះ