រាជធានីភ្នំពេញ ៖ សម្រាប់មនុស្សមួយចំនួន ការធ្វើការពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច អាចជារបៀបរស់នៅធម្មតា ប៉ុន្តែសម្រាប់លោក យួស សាវុធ ការធ្វើការពេលយប់ជាសន្តិសុខ ហើយបន្តទៅរៀនជំនាញជាមួយកម្មវិធីបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(TVET) នៅពេលថ្ងៃ គឺជាជម្រើសតែមួយគត់ ដើម្បីផ្លាស់ប្តូរជីវភាពគ្រួសាររបស់លោក ។

មុនពេលក្លាយជាម្ចាស់អាជីវកម្ម លោក សាវុធ ធ្លាប់ចាកចេញពីស្រុកកំណើត ទៅធ្វើការជាពលករនៅក្រៅប្រទេស ដោយសង្ឃឹមថា នឹងអាចរកប្រាក់មកជួយគ្រួសារ ប៉ុន្តែជីវិតមិនបានដូចការរំពឹងទុកឡើយ ។ ក្រោយត្រឡប់មកប្រទេសកំណើតវិញ ការងារដំបូងដែលលោកចាប់ផ្ដើមនោះ គឺចូលធ្វើជាសន្ដិសុខនៅស្ថាប័នមួយកន្លែង ដោយទទួលបានប្រាក់ខែត្រឹម ១៨០ដុល្លាក្នុងមួយខែប៉ុណ្ណោះ ។

លោករំឭកទៅអតីតកាលដ៏លំបាកមួយនោះថា៖ «ប្រាក់ខែប៉ុណ្ណេះ មិនអាចផ្គត់ផ្គង់គ្រួសារបានឡើយ ពេលខ្លះ សូម្បីតែលុយទិញទឹកដោះឱ្យកូន ក៏មិនគ្រប់ផង ។ បើខ្ញុំនៅតែធ្វើការមួយថ្ងៃ ៨ម៉ោងបែបនេះ ជីវភាពគ្រួសារខ្ញុំមិនអាចប្រសើរឡើយ» ។
ការលំបាកក្នុងជីវិតនេះ បានជំរុញឲ្យលោក សាវុធ ចាប់ផ្ដើមស្វែងរកជំនាញបច្ចេកទេសមួយមកដាក់ក្នុងខ្លួន ។ ថ្ងៃមួយ មិត្តរួមការងារម្នាក់បានណែនាំឱ្យលោកទៅរៀនជំនាញជួសជុលម៉ាស៊ីនត្រជាក់ តាមរយៈការបណ្តុះបណ្តាលបច្ចេកទេស វិជ្ជាជីវៈ (TVET) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។
លោកនិយាយថា ៖ «ខ្ញុំមិនទាន់ទៅរៀនភ្លាមៗទេ ខ្ញុំជិះម៉ូតូដើរមើលតាមផ្ទះសិន ថាមានអ្នកប្រើច្រើនអត់។ បន្ទាប់ពីមើលឃើញ និងជឿជាក់ថា ជំនាញនេះមានអនាគត ខ្ញុំក៏សម្រេចចិត្ដចូលរៀននៅវិទ្យាស្ថានអភិវឌ្ឍមុខជំនាញកម្ពុជា» ។

ការសម្រេចចិត្តរៀនជំនាញម៉ាស៊ីនត្រជាក់ បានក្លាយជាចំណុចរបត់នៃជីវិតលោក ។ ពេលយប់ លោកធ្វើការជាសន្តិសុខ ខណៈពេលថ្ងៃ លោកទៅសិក្សាជំនាញ ដោយមិនដែលទុកពេលទំនេរចោលឡើយ។ លោកនៅចាំមិនភ្លេចថា មានថ្ងៃមួយ ពេលធ្វើដំណើរទៅសាលា លោកបានដួលម៉ូតូតាមផ្លូវ ប៉ុន្តែលោកមិនបានត្រឡប់ទៅផ្ទះទេ ហើយនៅតែបន្តទៅរៀនដដែល ។
លោកបានលើកឡើងថា៖ «ពេលខ្លះ ខ្ញុំស្ទើរតែបោះបង់ហើយ តែខ្ញុំគិតថាមានតែចំណេះ ជំនាញទេ ដែលអាចផ្លាស់ប្ដូរជីវិតខ្ញុំ និងគ្រួសារបាន» ។

ខណៈពេលកំពុងសិក្សា លោកចាប់ផ្ដើមមានអតិថិជនជាបណ្ដើរៗ ។ ក្រោយបញ្ចប់ការសិក្សា លោកបន្តទទួលការងារជាជួសជុល និងថែទាំម៉ាស៊ីនត្រជាក់ចល័ត និងនៅបន្តធ្វើការជាសន្តិសុខពេលយប់ ដើម្បីរកប្រាក់បន្ថែម។ ពេលការងារជាជាងចាប់ផ្ដើមមានស្ថិរភាព និងអាចរកចំណូលបានច្រើនជាងមុន លោកក៏បានសម្រេចចិត្ត លាឈប់ពីការងារសន្តិសុខ ហើយបើកអាជីវកម្មជួសជុល និងថែទាំម៉ាស៊ីនត្រជាក់ដោយខ្លួនឯង ។
ថ្ងៃនេះ លោកគឺជាម្ចាស់អាជីវកម្មជួសជុល និងថែទាំម៉ាស៊ីនត្រជាក់ ដែលអាចរកចំណូលជាមធ្យមប្រមាណ ២,០០០ ដុល្លារក្នុងមួយខែ ប៉ុន្តែជោគជ័យមួយនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ។ វាកើតចេញពីទឹកញើស ការលះបង់ និងការតស៊ូមិនបោះបង់ចោលក្ដីស្រមៃ ។

លោកនិយាយដោយស្នាមញញឹមថា៖ «សព្វថ្ងៃ ជីវភាពគ្រួសារលែងសូវលំបាកដូចមុនទៀតហើយ បើចង់ហូបអី ឬចង់ទៅណាក៏បានដែរ យើងលែងបារម្ភពីបញ្ហាលុយកាត់ដូចមុន» ។
លោកក៏បានលើកទឹកចិត្តឱ្យយុវជនគួរតែមានជំនាញពីរក្នុងខ្លួន ដើម្បីបង្កើនឱកាសការងារ និងចំណូលនាពេលអនាគត ។ សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍លើជំនាញជួសជុលម៉ាស៊ីនត្រជាក់ អាចចុះឈ្មោះសិក្សាដោយមិនគិតថ្លៃនៅវិទ្យាស្ថានអភិវឌ្ឍមុខជំនាញកម្ពុជា ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ