សហគមន៍ទេសចរណ៍ភ្នំខ្នងផ្សារ នឹងបើកទទួលភ្ញៀវទេសចរវិញនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ ដែលមានបំណងចង់មកដើរកម្សាន្ត និងបោះតង់
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ ដោយសារតែកត្តាអាកាសធាតុ មេឃធ្លាក់ភ្លៀងជាបន្តបន្ទាប់ ធ្វើឱ្យមានការជន់លិចផ្លូវមួយចំនួនក្នុងស្រុកឱរ៉ាល់ និងតំបន់ភ្នំខ្នងផ្សារកន្លងទៅ ។ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ សហគមន៍ទេសចរណ៍ភ្នំខ្នងផ្សារ បានចេញសេចក្តីជូនដំណឹង និងសូមជំរាបដំណឹងអំពីស្ថានភាពតំបន់ខ្នងផ្សារ ។

ក្នុងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០២៦ នេះ មេឃស្រឡះបើកថ្ងៃធម្មតា និងពេលខ្លះមេឃស្រទុំម្តងម្តាល ប៉ុន្តែមិនមានភ្លៀងធ្លាក់នោះទេ ។ អំពីស្ថានភាពផ្លូវលំហែបៃតង់ និងភ្នំខ្នងផ្សារ៖
១-ចំណុចទំបន់បង្ហៀរដែលធ្លាប់ជន់លិចនាពេលកន្លងទៅ ថ្ងៃនេះត្រឡប់មកសភាពធម្មតាវិញហើយ ដោយអាចធ្វើដំណើរចេញ-ចូលបាន ទាំងដើរថ្មើរជើង ជិះម៉ូតូ ឬឡាន អាចបើកបរឆ្លងកាត់បានដូចដើម ។
២-គោលដៅលំហែបៃតងបច្ចុប្បន្ន នៅមានឡានភ្ញៀវចំនួន២គ្រឿង ដែលម្ចាស់ឡានមិនទាន់មកទទួល ។ (បញ្ជាក់៖ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ ម្ចាស់ឡានម្នាក់បានមកទទួលឡានយកទៅវិញរួចរាល់) ។

៣-ផ្លូវឈូស៖ ក្រោយទទួលរងទឹកភ្លៀងរយៈពេល២យប់ ២ថ្ងៃនាពេលកន្លងទៅ ផ្លូវរងការខូចខាត នៅតាមទីតាំងមួយចំនួនដែលចំផ្លូវទឹកហូរកាត់ បណ្តាលអោយហូរច្រោះដី និងថ្មជាច្រើន និងទីតាំងខ្លះទៀត អាចមានថ្មស្រុតចុះមកជាយថាហេតុ។
៤-ផ្លូវព្រៃថ្មើរជើង៖ ក្រោយរងឥទ្ធិពលភ្លៀងខ្យល់ប៉ុន្មានថ្ងៃកន្លងទៅ មានដើមឈើ និងព្រៃតូចៗដែលដួលរលំបាំងផ្លូវ និងកន្លែងអង្គុយសម្រាករងការខូចខាតខ្លះៗ ។ ក្រោយទទួលបានព័ត៌មានអំពីការរលំដើមឈើបាំងផ្លូវ ព្រឹកថ្ងៃទី១៧ ខែកក្កដា នេះ ក្រុមការងារសហគមន៍ទេសចរណ៍យើងខ្ញុំបានចុះទៅត្រួសត្រាយរៀបចំទីតាំង និងផ្លូវដែលរងការខូចខាត ។ គិតត្រឹមម៉ោង៣រសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមការងារសហគមន៍បានត្រួសត្រាយរាល់ ចាប់ពីទីតាំងលំហែបៃតង រហូតទៅដល់ដានព្រះអង្គរ ។

សហគមន៍ទេសចរណ៍ភ្នំខ្នងផ្សារបានបញ្ជាក់ទៀតថា ចំពោះទីតាំងស្ពានប្ញស្សីឆ្លងអូរ និងកន្លែងអង្គុយសម្រាក សហគមន៍នឹងបន្តជួសជុល និងរៀបចំនូវជំហានបន្តបន្ទាប់ទៀត ។
បច្ចុប្បន្ននេះ យើងខ្ញុំនៅតែបន្តការតាមដានការព្យាករណ៍ឧតុនិយមជាប្រចាំ ដើម្បីត្រៀមបង្ការ និងបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់បន្ថែមទៀត ។ ក្នុងករណីមិនមានការប្រកាសអាសន្ត ឬការជូនដំណឹងថ្មីណាមួយអំពីករណីព្យុះភ្លៀង ឬការព្រមានពីឧតុនិយមបន្ថែមនោះទេ។

សហគមន៍យើងខ្ញុំនឹងបើកទទួលបងៗភ្ញៀវទេសចរ នៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ (ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦) ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរដែលមានបំណងចង់មកដើរកម្សាន្ត បោះតង់នៅគោលដៅលំហែបៃតង់ភ្នំខ្នងផ្សារ ។ ដើម្បីត្រៀម និងបង្ការដល់សុវត្ថិភាពរបស់ភ្ញៀវទេសចរទាំងអស់ ដែលមានបំណងមកដើរកម្សាន្តឡើងភ្នំខ្នងផ្សារប្រកបដោយសុខសុវត្ថិភាព សូមបងៗភ្ញៀវទេសចរចូលរួមគោរពការណែនាំរបស់ក្រសួង មន្ទីរ និងអាជ្ញាធរក្នុងតំបន់ ដោយចូលរួមប្រុងប្រយ័ត្នអោយខ្ពស់បំផុត តាមដានអំពីការព្យាករណ៍ឧតុនិយមអោយបានទៀងទាត់ ។
ខាងក្រោមនេះ គឺជាគោលការណ៍សុវត្ថិភាពខ្លះៗដែលបងៗភ្ញៀវទេសចរគួរយល់ដឹង និងត្រៀមខ្លួនជាមុន មុនពេលកំឡុងពេលនិ ងក្រោយពេលមកលេងកម្សាន្តនៅតំបន់ភ្នំខ្នងផ្សារ។ស្វែងរកព័ត៌មានអំពីឧតុនិយមអោយបានច្បាស់លាស់ មុនពេលរៀបចំផែនការដំណើរកម្សាន្ត ។

ទំនាក់ទំនងមកកាន់ក្រុមការងារសហគមន៍មូលដ្ឋាន ដើម្បីស្វែងរកព័ត៌មានលំអិតអំពីទីតាំង និងស្ថានភាពជាក់ស្តែងនៅក្នុងតំបន់។ (លេខទំនាក់ទំនងក្រុមការងារសហគមន៍ក្នុងខមិន)ត្រៀមសម្ភារៈឡើងភ្នំ និងបោះតង់ ក៏ដូចសម្ភារៈចំបាច់សម្រាប់រដូវភ្លៀង ។
សូមធ្វើដំណើរឡើង និងចុះតាមផ្លូវព្រៃ ៖ យោងតាមការណែនាំពីថ្នាក់ដឹកនាំ ការធ្វើដំណើរតាមផ្លូវព្រៃជាមធ្យោបាយមានសុវត្ថិភាពជាងការដើរថ្មើរជើងនៅលើផ្លូវឈូស (ផ្លូវឈូសគឺសម្រាប់តែការដឹកជញ្ជូនសម្ភារៈរបស់ការដ្ឋានសាងសង់ និងម៉ូតូឌុបសហគមន៍ដឹកជញ្ជូនអីវ៉ាន់តែប៉ុណ្ណោះ បច្ចុប្បន្នផ្លូវឈូសក៏កំពុងរងការខូចខាត់ ពិបាកធ្វើដំណើរ ដីច្រោះ ហើយអាចមានថ្មរអិលចុះមកគ្រប់ពេល) ។

ប្រសិនជាបងៗភ្ញៀវទេសចរតម្រូវការថ្នាំសង្កូវ ឬសម្ភារៈសង្គ្រោះបឋម បងៗភ្ញៀវអាចមកស្នើរពីក្រុមការងារប្រចាំការលំហែបៃតង់ ដែលអាចមកទទួលបាននៅបន្ទប់សង្គ្រោះបឋមលំហែបៃតង់។
ក្នុងករណីចាំបាច់ ឬបន្ទាន់ណាមួយ សូមបងៗភ្ញៀវទេសចរទំនាក់ទំនងទៅកាន់ក្រុមការងារសហគមន៍ប្រចាំ ការិយាល័យឧស្យានុរក្ស ប៉ុស្តិ៍សុខភាពរលាក់កងជើង គណៈកម្មការទេសចរ និងអាជ្ញាធរក្នុងតំបន់ដែលយើងខ្ញុំបានបិតនៅជញ្ជាំងព័ត៌មានលំហែបៃតង ។
អាស្រ័យដូចបានជំរាបជូនខាងលើ សូមបងៗភ្ញៀវទេសចរ និងសារធារណៈជូនជ្រាបជាដំណឹង និងសូមចូលរួមបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ ៕








ចែករំលែកព័តមាននេះ