ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

«​ហាំ​ង​ហាំ​ង​» តោ​សក់សេះ​ល្បី​ផ្អើល​ពិភពលោក បាន​ងា.ប់​ហើយ​នៅ​ក្នុង​អាយុ​១៧​ឆ្នាំ

1 ម៉ោង មុន

ប្រទេស​ចិន ៖ តាម​ប្រភព​ពី​សារព័ត៌មាន​ចិន Global Times កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៦ បាន​រាយការណ៍​ថា សត្វ​តោ​ស​ដ៏​ល្បីល្បាញ​លើ​អ៊ីនធឺណិត ឈ្មោះ អា​ហាំ​ង (Ahang) ឬ ហាំ​ង​ហាំ​ង (Hang Hang) ដែល​ពិភពលោក​ស្គាល់​តាម​រយៈ​ម៉ូ​ដ​សក់សេះ​ដ៏​ចម្លែក និង​ទាក់ទាញ​របស់​វា​នោះ ត្រូវ​បាន​ប្រកាស​ថា​ងាប់​ហើយ​នៅ​ក្នុង​អាយុ​១៧​ឆ្នាំ​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​សួនសត្វ​ទីក្រុង​ក្វា​ង​ចូ​វ (Guangzhou Zoo) ខេត្ត​ក្វា​ង​ទុង (Guangdong) កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា កន្លង​ទៅ​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មាន​ចំណងជើង​ថា លា​ហើយ អា​ហាំ​ង ជាទី​ស្រឡាញ់ ដែល​បាន​បង្ហោះ​លើ​គណនី WeChat សួនសត្វ​បាន​បញ្ជាក់​ថា អា​ហាំ​ង បាន​ងាប់​ដោយសារ​តែ​វ័យចាស់​នៅ​ក្នុង​សួនសត្វ កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ដែល​បង្កើត​ភាព​សោកស្តាយ​យ៉ាង​ខ្លាំង​ពី​សំណាក់​ភ្ញៀវ​ទេសចរ និង​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​។

អា​ហាំ​ង ចាប់កំណើត​នៅ​ទីក្រុង​ហាន​ចូ​វ (Hangzhou) ខេត្ត​ជឺ​ជាំ​ង (Zhejiang) ហើយ​ឈ្មោះ​វា​ដាក់​តាម​ឈ្មោះ​ទីក្រុង​ដែល​វា​បាន​កើត​។ វា​បាន​ផ្លាស់​ពី​ទីក្រុង​ហាន​ចូ​វ ភាគ​ខាងកើត​ខេត្ត​ជឺ​ជាំ​ង​មក​កាន់​ទីក្រុង​ក្វា​ង​ចូ​វ ភាគ​ខាងត្បូង​ខេត្ត​ក្វា​ង​ដុ​ង​ក្នុង​ឆ្នាំ ២០១៥ ដែល​ជា​កន្លែង​វា​រស់នៅ​រហូត​ដល់​អស់​ជិ​វិត និង​បង្កើត​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ទីក្រុង​នេះ ក៏​ដូច​ជា​ប្រជាជន​នៅ​ទីនោះ​ផង​ដែរ​។

អា​ហាំ​ង បាន​ក្លាយ​ជាទី​ចាប់អារម្មណ៍​ខ្លាំង​លើ​បណ្តាញ​សង្គម កាលពី​ឆ្នាំ ២០២២ បន្ទាប់​ពី​ភ្ញៀវ​ទេសចរ​បាន​ចែករំលែក​រូប និង​វី​ដេ​អូ​រូបរាង​ដ៏​ប្លែក​របស់​វា​លើ​អ៊ីនធឺណិត​។ រោម​ជុំវិញ​ក និង​ក្បាល​ដ៏​ទន់​រលោង​របស់​វា​មើលទៅ​ដូច​ជា ម៉ូ​ដ​សក់សេះ​កាត់​យ៉ាង​មាន​របៀប បាន​ឆក់​យក​បេះដូង​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​រាប់​លាន​នាក់​យ៉ាង​រហ័ស រហូត​ដល់​មហាជន​ជា​ច្រើន​បាន​និយាយ​លេងសើច​ដោយ​ក្តី​ស្រឡាញ់​ថា «​តើ​នរណា​ជា​អ្នក​កាត់សក់​ឱ្យ​វា0x017d7 និង គ្មាន​នរណា​ម្នាក់​ហ៊ាន​កាត់សក់​វា​ទេ​» ជាដើម​។

តាម​ពិត​ទៅ​រោម​ជុំវិញ​ក និង​ក្បាល​របស់​អា​ហាំ​ង​គឺ​ធម្មជាតិ​ពិត​ៗ ដោយ​បាន​ផ្លាស់​ប្តូរ​ទៅ​តាម​រដូវ​កាល និង​អាកាសធាតុ ដោយ​ក្រៅពី​ម៉ូ​ដ​សក់សេះ ពេល​ខ្លះ​មើលទៅ​សក់​វា​ដូច​ជា​សិត​ពុះ​កណ្តាល ហើយ​ពេល​ខ្លះ​ទៀត​មើលទៅ​ដូច​ម៉ូ​ដ​សក់​សិត​ទៅ​ក្រោយ ដែល​បាន​នាំ​មក​នូវ​ភាព​រីករាយ និង​ទាក់ទាញ​ដល់​អ្នក​គ្រប់​គ្នា​។ លើស​ពី​នេះ​ទៀត បើ​តាម​ការ​ឱ្យ​ដឹង​ពី​សួនសត្វ អា​ហាំ​ង មាន​អត្ត​ចរិត​ស្លូតបូត ចូល​ចិត្ត​ដេក​ហាលថ្ងៃ និង​លេង​ទឹកភ្លៀង ដោយ​បាន​បន្សល់​ទុក​នូវ​អនុស្សាវរីយ៍​ដ៏​កក់ក្តៅ​ជា​ច្រើន​ដល់​ភ្ញៀវ​ដែល​ចូល​ទស្សនា​ផ្ទាល់​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ចិន Jiupai បាន​រាយការណ៍​ថា សួនសត្វ​ក្វា​ង​ចូ​វ បាន​បញ្ជាក់​ថា ខ្លួន​នឹង​បង្កើត​រូបចម្លាក់​សំ​រិ​ទ្ធ​ដើម្បី​រំលឹក​ដល់ អា​ហាំ​ង ដោយ​សង្ឃឹមថា អ្នក​គ្រប់​គ្នា​នឹង​បន្ត​ចង​ចាំ​នូវ​ភាព​ស្និទ្ធស្នាល និង​រូបភាព​រីករាយ​ជា​ច្រើន​ដែល​វា​បាន​ផ្តល់​ឱ្យ​ពួក​គេ​៕