ខេត្តកំពង់ចាម ៖ ភ្លៀងបាន និងកំពុងវាយប្រហារ គ្របដណ្តប់ទូទាំងក្រុង-ស្រុកទាំង១០ នៃខេត្តកំពង់ចាម ខណៈរបាយការណ៍ថ្មីចុងក្រោយបង្ហាញថា ទឹកទន្លេមេគង្គបានចាប់ផ្តើមកម្រើកហក់ឡើងបន្តិចហើយ គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នេះ ។ នេះបើយោងតាមផេក រដ្ឋបាលខេត្តកំពង់ចាម បានប្រកាសនាថ្ងៃទី១៧ ខែកក្កដានេះ ។

រដ្ឋបាលខេត្តកំពង់ចាម បានបន្តថា ស្ថានភាពអាកាសធាតុក្នុងខេត្តកំពង់ចាម កាលពីម្សិលមិញមានភ្លៀងធ្លាក់តិច ឬច្រើន ទៅតាមទីកន្លែង ជាក់ស្តែងយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថា ស្ថានភាពអាកាសធាតុ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ គឺមានភ្លៀងធ្លាក់នៅតាមបណ្តាឃុំជាច្រើន នៅក្នុងស្រុក/ក្រុងទាំង១០ របស់ខេត្តកំពង់ចាម ។

ជាមួយគ្នានេះ ចំពោះស្ថានភាពទឹកទន្លេមេគង្គ នៅថ្ងៃ១៧ ខែកក្កដា ឆ្នាំ២០២៦នេះ កម្ពស់ទន្លេបានបន្តឡើងបន្តិចប៉ុណ្ណោះនៅកម្ពស់០៩.២២ម៉ែត្រ ធៀបថ្ងៃម្សិលមិញទឹកឡើងកម្ពស់០.០១ម៉ែត្រ ។
ដោយឡែកកម្ពស់ទឹក នាពេលនេះ ធៀបទៅឆ្នាំ២០២៥ ទឹកទន្លេមានកម្ពស់១០.០២ម៉ែត្រ ខណៈដែលចំណុចប្រកាសប្រុងប្រយ័ត្នមានកម្ពស់១៥.២០ម៉ែត្រ ៕



ចែករំលែកព័តមាននេះ