អភិបាលខេត្តកំពង់ស្ពឺណែនាំដល់អភិបាលស្រុកភ្នំស្រួចទើបឡើងថ្មី ត្រូវយកចិត្តទុកដាក់ដោះស្រាយរាល់បញ្ហាពាក់ព័ន្ធនឹងទំនាស់ដីធ្លី ឱ្យបានទាន់ពេលវេលា និងមានតម្លាភាព
- កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានធ្វើការណែនាំដល់ លោកអ៊ុ សំអឿន អភិបាលស្រុកភ្នំស្រួច ដែលទើបឡើងកាន់ដំណែងថ្មី ក៏ដូចជាអាជ្ញាធរឃុំទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការបន្តខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហាដែលពាក់ព័ន្ធនឹងទំនាស់ដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យបានទាន់ពេលវេលា និងមានតម្លាភាព។
លោកអភិបាលខេត្តកំពង់ស្ពឺ លើកឡើងបែបនេះ ក្នុងឱកាសដែលលោក អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាស លោក អ៊ុ សំអឿន ចូលកាន់មុខតំណែងអភិបាលស្រុកភ្នំស្រួច កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦នេះ។ ពិធី នេះក៏មានការអញ្ជើញចូលរួម ពីឯកឧត្តម លោកជំទាវ លោក-លោកស្រីប្រធាមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ លោកគ្រូ អ្នកគ្រូ និងបងប្អូនប្រជាពលរដ្ឋ ជាច្រើនកុះករ។
លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកអភិបាលស្រុកចាស់ ដែលទើបនឹងត្រូវចូលនិវត្តន៍ ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្ត ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ស្រុកភ្នំស្រួច នាពេលកន្លងមក ឱ្យមានការរីកចម្រើនជាលំដាប់។ ជាមួយគ្នានោះដែរ លោក ជាម ច័ន្ទសោភ័ណ ក៏បានចូលរួមអបអរសាទរយ៉ាងស្មោះស្ម័គ្រចំពោះ លោក អ៊ុ សំអឿន អភិបាលស្រុកភ្នំស្រួច ដែលទើបទទួលបានការតែងតាំងថ្មី។ ឯកឧត្តមបានផ្តាំផ្ញើ និងណែនាំដល់លោកអភិបាលស្រុកថ្មី ត្រូវបន្តខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព លទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿន និងមានប្រសិទ្ធភាព ព្រមទាំងត្រូវបន្តរឹតបន្តឹងការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឱ្យបានល្អប្រសើរ។
បន្ថែមពីនេះ លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់ លោកអភិបាលស្រុកទើបឡើងថ្មី ក៏ដូចជាអាជ្ញាធរឃុំទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការបន្តខិតខំប្រឹងប្រែងដោះស្រាយរាល់បញ្ហាដែលពាក់ព័ន្ធនឹងទំនាស់ដីធ្លីរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឱ្យបានទាន់ពេលវេលា និងមានតម្លាភាព។ ត្រូវចេះបង្កើនទំនាក់ទំនង និងកិច្ចសហការល្អជាមួយប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងជាពិសេសត្រូវថែរក្សា «សាមគ្គីភាពផ្ទៃក្នុង» ឱ្យបានល្អប្រសើរជាធ្លុងមួយ។
អភិបាលខេត្តកំពង់ស្ពឺ បានជម្រុញយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រង និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវតាមដងផ្លូវសាធារណៈ ជាពិសេសការលើកកម្ពស់សោភ័ណភាព និងអនាម័យនៅតាមបណ្តោយផ្លូវជាតិលេខ៤ ដើម្បីចៀសវាងការចោលសំរាមពាសវាលពាសកាល ដែលធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងមុខមាត់របស់ខេត្ត។ ត្រូវរួមគ្នាយកចិត្តទុកដាក់លើការងារស្នូលសំខាន់ៗមួយចំនួនបន្ថែមទៀត រួមមាន៖ ត្រូវរួមគ្នាទប់ស្កាត់ និងបង្ក្រាបឱ្យខាងតែបាននូវរាល់បទល្មើសគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសការបង្ក្រាប និងទប់ស្កាត់ការឆបោកតាមអនឡាញ (Online Scams) ត្រូវយកចិត្តទុកដាក់ខ្ពស់លើការផ្សព្វផ្សាយ និងអប់រំណែនាំដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យមានការប្រុងប្រយ័ត្នចំពោះល្បិចកលបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ដូចជាការបោកប្រាស់ឱ្យវេរលុយ ការលួចគណនីតេឡេក្រាម (Telegram) ឬហ្វេសប៊ុក និងត្រូវសហការជាមួយសមត្ថកិច្ចជំនាញដើម្បីបង្ក្រាប និងទប់ស្កាត់បទល្មើសបច្ចេកវិទ្យានេះឱ្យមានប្រសិទ្ភាពខ្ពស់ផងដែរ៕













ចែករំលែកព័តមាននេះ