ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អាកាសចរណ៍​ធំ​ៗ​របស់​ចិន​ព្រមា.ន​ពី​ការ​ខាតបង់​ធ្ងន់ធ្ងរ មុន​រដូវ​កាល​ធ្វើ​ដំណើរ​ដ៏​មមាញឹក

19 ម៉ោង មុន

ទីក្រុង​ប៉េ​កាំ​ង ៖ ក្រុមហ៊ុន​អាកាសចរណ៍​ធំ​ៗ​របស់​ប្រទេស​ចិន កំពុង​តែ​ឈាន​ទៅ​រក​រដូវ​កាល​ធ្វើ​ដំណើរ​ដ៏​មមាញឹក​បំផុត​ប្រចាំ​រដូវក្តៅ ប៉ុន្តែ​មក​ជាមួយ​ទស្សនវិស័យ​ប្រឈម​ខ្លាំង បន្ទាប់​ពី​ការ​ព្រមាន​អំពី​ការ​ខាតបង់​ធ្ងន់ធ្ងរ​ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ​២០២៦ ខណៈ​តម្រូវការ​ដែល​កំពុង​ធ្លាក់​ចុះ បាន​បង្កើត​ឱ្យ​មាន​មន្ទិល​សង្ស័យ​ថា តើ​ក្រុមហ៊ុន​អាច​ទប់ទល់​នឹង​ការ​កើនឡើង​តម្លៃ​ប្រេងឥន្ធនៈ អំឡុង​ខែ​ដ៏​មមាញឹក​បំផុត​របស់​វិស័យ​នេះ​បាន​ដែរ​ឬទេ?

តាម​ប្រភព​ពី Reuters នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២៦ បានឱ្យ​ដឹង​ថា ក្រុមហ៊ុន Air China, China Eastern Airlines និង China Southern Airlines កាលពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ​២០២៦ សុទ្ធតែ​បាន​ព្រមាន​ថា ក្រុមហ៊ុន​រំពឹង​ថា​នឹង​មានការ​ខាតបង់​សរុប​រួម​គ្នា​ក្នុង​ឆមាស​ទី​១ នៃ​ឆ្នាំ ២០២៦ រហូត​ដល់ ៩ ពាន់​លាន​យន់ ឬ ១,៣៣ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ នេះ​ជា​ការ​ខាតបង់​យ៉ាង​ខ្លាំង ផ្ទុយ​ពី​ប្រាក់​ចំណេញ​សរុប​ក្នុង​ត្រីមាស​ទី​១ ដែល​ក្រុមហ៊ុន​ទាំងនេះ ធ្លាប់​បាន​កើនឡើង​ដោយសារ​តែ​តម្រូវការ​ដ៏​ខ្លាំងក្លា អំឡុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន​។

ការ​ខាតបង់​នេះ បាន​គូសបញ្ជាក់​ពី​បញ្ហា​ប្រឈម​ដ៏​ពិបាក​ដែល​ក្រុមហ៊ុន​អាកាសចរណ៍​ចិន​កំពុង​ជួប​ប្រទះ រួម​មាន ការ​ដំឡើង​ថ្លៃ​សំបុត្រ​ដើម្បី​ប៉ះប៉ូវ​លើ​ការ​ចំណាយ​ខ្ពស់​នៃ​តម្លៃ​ប្រេងឥន្ធនៈ​, ការ​ប្រឈម​នឹង​ការ​ធ្វើ​ឱ្យ​តម្រូវការ​ហោះហើរ​កាន់តែ​ធ្លាក់​ចុះ ខណៈ​ពេល​ដែល​ការ​រក្សា​ទុក​តម្លៃ​សំបុត្រ​ឱ្យ​នៅ​ទាប ដែល​ធ្វើ​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងនោះ​ត្រូវ​រ៉ាប់រង​ការ​ចំណាយ​បន្ថែម​ដោយ​ខ្លួនឯង​។

អ្នកវិភាគ​របស់​ធនាគារ HSBC រំពឹង​ថា ក្រុមហ៊ុន​អាកាសចរណ៍​ធំ​បំផុត​ទាំង ៣ ខាងលើ​របស់​ប្រទេស​ចិន នឹង​ខាតបង់​រួម​គ្នា​ចំនួន​ប្រហែល ១៦,៨ ពាន់​លាន​យន់ ឬ ២,៤៨ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​២០២៦​។ ការ​រំពឹង​ទុក​នេះ គឺ​ផ្ទុយ​ស្រឡះ​ពី​ការ​រំពឹង​ទុក​របស់​ទីផ្សារ​បច្ចុប្បន្ន ដែល​ថា​ក្រុមហ៊ុន​ទាំងនេះ នឹង​ទទួល​បាន​ប្រាក់​ចំណេញ​រួម​គ្នា​ចំនួន ១,៣ ពាន់​លាន​យន់ ឬ ១៩២ លាន​ដុល្លារ​អា​មេ​រិ​ក​។

ក្រុមហ៊ុន​អាកាសចរណ៍ Air China បាន​បញ្ជាក់​នៅ​ក្នុង​ឯកសារ​ដាក់​ជូន​ទីផ្សារ​ភាគហ៊ុន​ថា តម្លៃ​ប្រេងឥន្ធនៈ​កើនឡើង​ខ្ពស់​បាន​បំផ្លាញ​យ៉ាង​ខ្លាំង​ដល់​កម្រិត​ប្រាក់​ចំណេញ​របស់​ខ្លួន​៕ ប្រភព ៖ Reuters