ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរកំពង់ស្ពឺ ក្រើនរំលឹកកសិករពីវិធានការទប់ទល់នឹងគ្រោះរាំងស្ងួតបង្កដោយបាតុភូតធម្មជាតិ អែលនីញ៉ូ

17 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ អាជ្ញាធរ​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​ដល់​ប្រជា​កសិករ​ទាំងអស់​ដែល​បាន​និង​កំពុង​បង្កបង្កើន​ផលដំណាំ​គ្រប់​ប្រភេទ​នៅ​ទូ​ទាំង​ក្រុង​-​ស្រុក ត្រូវ​ត្រៀមលក្ខណៈ​ឱ្យ​បាន​ស្រេច​ដើម្បី​បង្ការ​ទប់ស្កាត់​បាតុភូត​ធម្មជាតិ​ដែល​មានឈ្មោះ អែ​ល​នី​ញ៉ូ (El Niño) ដែល​នឹង​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​ដំណាំ​កសិកម្ម​គ្រប់​ប្រភេទ​។

បាតុភូត អែ​ល​នី​ញ៉ូ​(El Niño) នឹង​កើត​មាន​ឡើង​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តកំពង់ស្ពឺ ហើយ​បាតុភូត​នេះ​បង្ក​ជា​ការ​កើនឡើង​ខ្ពស់​នូវ​សីតុណ្ហភាព ភ្លៀង​ធ្លាក់​មិន​ទៀងទាត់ ពិសេស គ្រោះ​រាំង​ស្ងួត ដែល​អាច​បង្ក​ផល​ប៉ះពាល់​ដល់​វិស័យ​កសិកម្ម ដូច​ជា​ការ​បង្កបង្កើន​ផលដំណាំ​ស្រូវ ការ​ដាំ​ដុះ ដំណាំ​ផ្សេង​ៗ ព្រមទាំង​ការ​ចិញ្ចឹមសត្វ​ជាដើម​។

ដើម្បី​ត្រៀម​បង្ការ គ្រប់គ្រង និង​កាត់​បន្ថយ​ផល​ប៉ះពាល់​ដោយ បាតុភូត​អែ​ល​នី​ញ៉ូ (El Niño) អាជ្ញាធរ​ខេត្តកំពង់ស្ពឺ បាន​ធ្វើការ​ណែនាំ​នូវ​វិធានការ​មួយ​ចំនួន​ដើម្បី​ឱ្យ​ប្រជា​កសិករ​ត្រៀម​ឱ្យ​បាន​ស្រេច​ក្នុង​ការ​ទប់ទល់​នឹង​ស្ថានការណ៍​នេះ ប្រជា​កសិករ​ត្រូវ តាមដាន​ការ​ព្យាករណ៍​អាកាសធាតុ និង​សេចក្តីជូនដំណឹង​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​ប្រចាំ​, រៀបចំ​ផែនការ​ដាំ​ដុះ​ឱ្យ​ស្រប​ទៅ​តាម​ស្ថានភាព​ទឹក​, ប្រើប្រាស់​ប្រព័ន្ធ​ស្រោចស្រព​បែប​សន្សំ​សំចៃ​ទឹក​ក្នុង​ដំណើរការ​ផលិតកម្ម រក្សា​ទឹក​ដើម្បី​ប្រើប្រាស់​នៅ​ពេល​ចាំបាច់​, អនុវត្ត​ការ​ដាំ​ដុះ​ដោយ​ប្រើប្រាស់​ជី​កំ​ប៉ុ​ស្ត ដែល​អាច​ថែរក្សា​សំណើម​ដី​បាន​ល្អ​, ជ្រើសរើស​ពូជ​ដំណាំ​ដែល​មាន​ភាព​ធន់ អាយុកាល​លូតលាស់​ខ្លី ឆាប់​ប្រមូល​ផល​, ចិញ្ចឹមសត្វ​ដោយ​អនុវត្ត​ទៅ​តាម​គោលការណ៍​ជីវ​សុវត្ថិភាព ធ្វើ​វ៉ាក់សាំង​ឱ្យ​បាន​ត្រឹមត្រូវ និង ធ្វើ​អនាម័យ​ជា​ប្រចាំ​, សហ​ការជាមួយ​មន្ត្រី​ជំនាញ មន្ត្រី​កសិកម្ម​ឃុំ សង្កាត់ សហគមន៍​កសិកម្ម និង​អាជ្ញាធរ មូលដ្ឋាន ដើម្បី​ទទួល​បាន​បច្ចេកទេស និង​ការងារ​ចាំបាច់​នានា​ ៕​