ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ! ឈើអារ និងមធ្យោបាយដឹក​ជញ្ជូនក្នុងបទល្មើសព្រៃឈើ​២ករណី ត្រូវសមត្ថកិច្ចខេត្ត​ព្រះវិហារបង្ក្រាបបាន​ជាបន្តបន្ទាប់

5 ម៉ោង មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ​ ៖ បទល្មើស​ព្រៃឈើ​ចំនួន២​ករណី​ផ្សេងគ្នា ត្រូវ​បាន​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ និង​មន្ត្រីបរិស្ថាន​ខេត្តព្រះវិហារ ធ្វើការ​បង្ក្រាប​បានជា​បន្តបន្ទាប់​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​ ។

យោង​តាម​ប្រភព​ព័ត៌មានបានឱ្យ​ដឹង​ថា ករណី​ទី​១ បាន​កើតឡើង​នៅ​ព្រឹក​ព្រលឹម ថ្ងៃ​ទី​១៨ ខែ​ក្ក​ដា ឆ្នាំ​២០២៦ វេលា​ម៉ោង ៦ និង៣០​នាទី​ព្រឹក​។ លោកនាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង បាន​ដឹកនាំ​មន្ត្រីសង្កាត់​រដ្ឋបាល​ព្រៃឈើរ​វៀង​ផ្ទាល់ ចុះ​ស្ទាក់ និង​ឃាត់​ចាប់​បាន​រថយន្ត​ចំនួន​១​គ្រឿង ម៉ាក​សាំ​យុង (SsangYong) ​ពណ៌​ស គ្មាន​ស្លាក​លេខ ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​ផល អនុ​ផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត​។

ប្រតិបត្តិការ​នេះ ធ្វើ​ឡើង​នៅ​លើ​ផ្លូវជាតិ​លេខ​៦២ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​៧៥ ស្ថិត​ក្នុងភូមិ​ត្រពាំង​ទន្ទឹម ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ​ ។ បច្ចុប្បន្ន វត្ថុ​តាង​ទាំងអស់​ត្រូវ​បាន​យក​មក​ប្រគល់ និង​រក្សា​ទុក​នៅ​ស្នាក់​ការ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​រវៀង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។

ដោយឡែក ករណី​ទី​២ មុន​នោះ​បន្តិច គឺ​នៅ​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​បរិស្ថាន​ប្រចាំការ​នៅ​តំបន់​ឧទ្យាន​រាជបណ្ឌិត្យសភាកម្ពុជា តេ​ជោ​សែន ឫស្សី​ត្រឹប បាន​ចុះ​បង្ក្រាប​ករណី​លួច​កាប់​អារ និង​ដឹក​ជញ្ជូន​ផល អនុ​ផល​ព្រៃឈើដោយ​ខុសច្បាប់ នៅ​ក្នុង​តំបន់​ឧទ្យាន​។

ក្នុង​ការ​ចុះ​ពិនិត្យ​ជាក់ស្តែង​នៅ​ទីតាំង​នោះ សមត្ថកិច្ច​រក​ឃើញ​មាន​គោ​យន្ត​កន្ត្រៃ​ដឹកឈើ​ចំនួន​២​គ្រឿង​ ប៉ុន្តែគោ​យន្ត​១​គ្រឿង​ទៀត បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រ​មោល​ ។ ​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​អ្នកបើកបរ​គោ​យន្ត​ដែលរត់គេច​ខ្លួន​នោះ គឺជា​អ្នក​រស់នៅ​ក្នុង​តំបន់​ឧទ្យាន​នេះ​ផ្ទាល់​តែ​ម្តង ហើយ​កម្លាំង​ជំនាញ​ក៏​មាន​រូបថត​ច្បាស់លាស់​ទុកជា​ភស្តុ​តាង ដើម្បី​កំណត់​មុខសញ្ញា​រួចរាល់​ហើយ​ដែរ​ ។

នៅ​ក្នុង​ប្រតិបត្តិការ​នៅ​តំបន់​ឧទ្យាន​ឫស្សី​ត្រឹប​នេះ មន្ត្រី​បរិស្ថាន​ចំនួន​៣​នាក់ បាន​សហការ​គ្នា​យ៉ាង​ល្អ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ ក្នុង​ការ​នាំ​យក​វត្ថុ​តាង​ដែល​បង្ក្រាប​បាន រួម​មាន ឈើ​អា​ចំនួន​៦០​សន្លឹក និង​គោ​យន្ត​កន្ត្រៃ​១​គ្រឿង មក​កាន់​ស្នាក់​ការ ដើម្បី​ធ្វើ​កំណត់​ហេតុ​ប្រគល់​-​ទទួល និង​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​ ៕