ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ចាប់​ផ្ដើម​វា.យ​ប្រ.ហារ​ស្ពាន​ និង​ព្រលាន​យន្ត​ហោះ​របស់​អ៊ីរ៉ង់​ ជា​ហេតុ​ធ្វើ​ឱ្យ​សង្គ្រាម​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង

14 ម៉ោង មុន

ទី​ក្រុង​តេ​អេរ៉ង់​៖ ថ្ងៃ​នេះ អាមេរិក​បន្ត​យុទ្ធ​នា​ការ​ទម្លាក់​គ្រាប់​បែក​ទៅ​លើប្រទេស​អ៊ីរ៉ង់​ ដោយ​ផ្ដោត​សំខាន់​ទៅ​លើ​ស្ពាន និង​ព្រលាន​យន្ត​ហោះ​។ ចំណែក​អ៊ីរ៉ង់​ក៏​មិន​នៅ​ស្ងៀម​ដែរ​ អ៊ីរ៉ង់​បាន​វាយ​ប្រហារ​​មូល​ដ្ឋាន​យោធា​របស់​អាមេរិក​នៅ​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា​។ កង​ទ័ព​ម៉ារីន​អាមេរិក​បាន​ឡើង​ទៅ​លើ​កប៉ាល់​ដឹក​ប្រេង​មួយ​គ្រឿង​ ខណៈ​ដែល​កប៉ាល់​មួយ​គ្រឿង​ទៀត​រង​ការ​វាយ​ប្រហារ​ពី​មីស៊ីល​របស់​អ៊ីរ៉ង់​​។ លោក​ត្រាំ​ព្រមាន​ថា​នឹង​វាយ​ប្រហារ​ហេដ្ឋា​រចនា​សម្ព័ន្ធ​របស់​អ៊ីរ៉ង់​ ហើយ​ក៏​មិន​បដិសេធ​លទ្ធ​ភាព​នៃ​ការ​បញ្ជូន​កង​ទ័ព​ជើង​គោក​​វាយ​លុក​​ចូល​ឆ្នេរ​សមុទ្រ​របស់​អ៊ីរ៉ង់​នោះ​ដែរ​។ មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ថ្លែង​ថា​លទ្ធ​ភាព​នៃ​ការ​វាយ​លុក​ចូល​ប្រទេស​អ៊ីរ៉ង់​ភាគ​ខាង​ត្បូង​ជា​ជម្រើស​ដែល​លោក​ត្រាំ​អាច​នឹង​ពិចារណា​។

ទោះ​ជា​យ៉ាង​ណា​ក្ដី ប្រសិន​បើ​អាមេរិក​ហ៊ាន​ធ្វើ​ដល់​ថ្នាក់​ហ្នឹង​ អ៊ីរ៉ង់​អាច​នឹង​បង្កើន​ការ​វាយ​ប្រហារ​ទៅ​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​របស់​បណ្ដា​ប្រទេស​ជិត​ខាង​ដែល​មាន​មូល​ដ្ឋាន​របស់​អាមេរិក​តាំង​នៅ ហើយ​អ៊ីរ៉ង់​នឹង​​​រំខាន​សង្វាក់​ផ្គត់​ផ្គង់​​ថាម​ពល​ទៅ​កាន់​ទី​ផ្សារ​ពិភព​លោក​​​ដោយ​ប្រាប់​ឱ្យ​ក្រុម​ឧទ្ទាម​ហ៊ូទី​នៅ​ប្រទេស​យេ​ម៉េន​​បិទ​សមុទ្រ​ក្រហម និង​​វាយ​ប្រហារ​កប៉ាល់​ណា​ដែល​ហ៊ាន​ឆ្លង​កាត់​ទី​នោះ​​។ បញ្ជា​ការ​ដ្ឋាន​កណ្ដាល​យោធា​អាមេរិក​បាន​ដាក់​បញ្ចូល​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ភ័ស្តុ​ភាររបស់​អ៊ីរ៉ង​នៅ​ក្នុង​បញ្ជី​ដែល​ត្រូវ​វាយ​ប្រហារ​។ សម្រាប់​ពេល​បច្ចុប្បន្ន​នេះ ការ​វាយ​ប្រហារ​របស់​អាមេរិក​លើ​អ៊ីរ៉ង់​ច្រើន​ផ្ដោត​សំខាន់​តែ​ទៅ​លើ​តំបន់​ឆ្នេរ​សមុទ្រ​ខាង​ត្បូង​ប៉ុណ្ណោះ​។ ទី​នោះរង​ការ​វាយ​ប្រហារ​យ៉ាង​រន្ថើន​នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​។

សារ​ព័ត៌​មាន​របស់​រដ្ឋ​​អ៊ីរ៉ង់​ផ្សាយ​ថា​ស្ពាន​យ៉ាង​តិច​៥​កន្លែង​​​នៅ​ភាគ​ខាង​ត្បូង​​ត្រូវ​យោធា​អាមេរិក​វាយ​​កម្ទេច​។ មនុស្ស​យ៉ាងតិច​៧​នាក់​បាន​ស្លាប់​នៅ​ពេល​មីស៊ីល​វាយ​ប្រហារ​ស្ពាន​ជា​ច្រើន​កន្លែង​នៅ​កំពង់​ផែ​បាន​ដា ខា​មៀ (Bandar Khamir) និង​វាយ​​ប្រហារ​​​ស្ថានីយ​រថ​ភ្លើងមួយ​កន្លែង​​។ ព្រលាន​យន្ត​ហោះ​មួយ​កន្លែង​​​ក៏​រង​ការ​វាយ​​ប្រហារ​ផង​ដែរ​​នៅ​ភាគ​ខាង​កើត​​​ឆ្នេរ​សុទ្រ​អ៊ីរ៉ាន​សា (Iranshahr) ដែល​ស្ថិត​នៅ​ខេត្ត​មួយ​ជាប់​នឹង​ព្រំ​ដែន​ប្រទេស​ប៉ា​គី​ស្ថាន​។ មាន​សេច​ក្ដី​រាយ​ការណ៍​ថា​ស្ត្រី​ម្នាក់​បាន​ស្លាប់​ និង​កូន​ប្រុស​របស់​គាត់​ម្នាក់​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​ទៅ​លើ​កំពង់​ផែ​បាន់​ដា​ អាបាស់ (Bandar Abbas)។

អ៊ីរ៉ង់​អះ​អាង​ថា​ខ្លួន​វាយ​ប្រហារ​មូល​ដ្ឋាន​យោធា​អាមេរិក​នៅ​គូវែត និង​បារ៉េន​ និង​វាយ​ប្រហារ​ទី​តាំង​រ៉ា​ដា​របស់​អាមេរិក​នៅ​ប្រទេស​អូម៉ង់​។ នៅ​រដ្ឋ​ធានីដូហា ប្រទេស​កាតា គេ​ក៏​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​គ្រាប់​កាំ​ភ្លើង​យ៉ាង​កង​រំពង​ផង​ដែរ​។ ក្រសួង​មហា​ផ្ទៃ​អះ​អាង​ថា​កុមារ​ម្នាក់​រង​របួស​ដោយ​សារ​អំបែង​គ្រាប់​បែក​។​ អ៊ីរ៉ង់​ប្រកាស​ថា​ខ្លួន​បាន​បាញ់​មីស៊ីល​ចូល​ប្រទេស​ស៊ីរី​ដើម្បីវាយ​ប្រហារ​​​មូល​ដ្ឋាន​របស់​កង​កម្លាំង​ពិសេស​អាមេរិក​នៅ​តំបន់​ថាន់​ (Tanf)។ ប៉ុន្តែស៊ីរី​ថ្លែង​ថា​ទី​នោះ​គ្មាន​នៅ​សេស​សល់​ទាហាន​អាមេរិក​ត​ទៅ​ទៀត​ទេ​ព្រោះ​ពួក​គេ​បាន​ចាក​ចេញ​តាំង​ពី​ដើម​ឆ្នាំ​នេះ​មក​ម៉្លេះ​។ គ្រាប់​មីស៊ីល​របស់​អ៊ីរ៉ង​គ្រាន់​តែ​ធ្លាក់​នៅ​ក្បែរ​មូល​ដ្ឋាន​នោះ​ប៉ុណ្ណោះ​ ដូច្នេះ​មិនបាន​បង្ក​ការ​ខូច​ខាត​សម្ភារៈ​ ឬ​ស្លាប់​ និង​របួស​មនុស្ស​ទេ​៕ ប្រភព៖ Reuters