ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ ​៖ ​កម្ពុជា​-​ចិន បង្ហាញ​ពី​ទំនាក់ទំនង​ការទូត ​និង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ

14 ម៉ោង មុន

រាជធានី​ភ្នំពេញ ​៖ ​កម្ពុជា​-​ចិន បង្ហាញ​ពី​ទំនាក់ទំនង​ការទូត ​និង​កិច្ច​សហប្រតិបត្តិការ​កាន់តែ​ស៊ីជម្រៅ ​ដោយ​ចិន​ចាត់​ទុក​ទំនាក់ទំនង​ជាមួយ​កម្ពុជា ជា​អាទិភាព​ នៃ​ការទូត​របស់​ខ្លួន ​។

ថ្លែង​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន ​នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​ក​ក្ត​ដា ឆ្នាំ​២០២៦ ​ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល
បាន​លើក​ឡើង​ថា​ ចិន​ និង​កម្ពុជា​ តែងតែ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​គ្នា​ញឹកញាប់ និង​ផ្លាស់​ប្តូរ​យោបល់​គ្នា​យ៉ាង​សកម្ម នៅ​គ្រប់​កម្រិត និង​គ្រប់​វិស័យ ដែល​ឆ្លុះ​បញ្ចាំង​អំពី​ភាពរឹងមាំ​ នៃ​ទំនាក់ទំនង និង​ការ​បន្ត​បោះ​ជំហាន​ទៅ​មុខ ​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ ​។

អ្នកនាំពាក្យ​ថា​ នេះ​ជា​ប្រសាសន៍​គូសបញ្ជាក់​របស់​ឯកឧត្តម លី ឈាង នាយក​រដ្ឋមន្ត្រី​ចិន ក្នុង​ឱកាស​ជួប​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៦ នា​ឱកាស ​ដែល​សម្តេច​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ការងារ និង​ចូលរួម​សន្និសីទ​ពិភពលោក ​ស្តី​ពី​បញ្ញា​សិប្បនិម្មិត នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ។

ប្រមុខ​រដ្ឋាភិបាល​ចិន ​បាន​សង្កត់ធ្ងន់​ទៀត​ថា ចិន ​និង​កម្ពុជា ​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ ជា​មិត្ត​ដែកថែប ហើយ​ប្រទេស​ទាំង​ពីរ នឹង​បន្ត​កិច្ចសហការ​ និង​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ​ដើម្បី​ជំរុញ​ទំនើប​កម្ម​រៀង​ៗ​ខ្លួន និង​ចូលរួម​ដោះស្រាយ​ភាព​មិន​ច្បាស់លាស់​របស់​ពិភពលោក​ ។

ជា​ការ​ឆ្លើយ​តប សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន ហើយ​ប្រទេស​ទាំង​ពីរ ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ជា​មិត្ត​ដែកថែប​ ដែល​កំពុង​រួម​គ្នា​កសាង «​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន គ្រប់​រដូវ​កាល ក្នុង​យុគសម័យ​ថ្មី​» ​។

សម្តេច​ធិ​បតី ​បាន​គូសបញ្ជាក់​ជា​ថ្មី​ប្រាប់​សម​ភាគី​ចិន​ថា កម្ពុជា​បន្ត​ប្រកាន់ខ្ជាប់​ឥត​ងាករេ​ នូវ​គោលការណ៍​ចិន​មួយ​ ដោយ​ចាត់​ទុក​បញ្ហា​តៃវ៉ាន់ ហុងកុង ស៊ី​ចាំង​ និង​ស៊ី​ន​ជាំ​ង គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន ​។

ប្រមុខ​រដ្ឋាភិបាល​ នៃ​ប្រទេស​ទាំង​ពីរ​ ក៏​បាន​ពិភាក្សា និង​ផ្លាស់​ប្ដូរ​យោបល់​អំពី​គំនិត​ផ្តួចផ្តើម និង​ទិស​ដៅ​បន្ត​មួយ​ចំនួន សំដៅ​បន្ត​ពង្រឹង​ និង​ពង្រីក​វិស័យ​គន្លឹះ ​នៃ​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​រួម​មាន​ ៖ វិស័យ​នយោបាយ​-​ការទូត សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ ថាមពលបៃតង កសិកម្ម ការពារ​ជាតិ​និង​សន្តិសុខ ព្រមទាំង​ការ​ផ្លាស់​ប្ដូរ​រវាង​ប្រជាជន ​និង​ប្រជាជន ជា​ពិសេស ទេសចរណ៍​និង​អប់រំ​ ។

ដោយឡែក ស្ថានការណ៍​វិ​វត្ត​ថ្មី​ៗ​នៅ​ឯ​ព្រំដែន​កម្ពុជា​-​ថៃ ក៏​ត្រូវ​បាន​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី ជម្រាប​ជូន​សម​ភាគី​ចិន ដោយ​បាន​សង្កត់ធ្ងន់​លើ​ការ​ប្ដេជ្ញា​ចិត្ត​ និង​ជំហរ​របស់​កម្ពុជា​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ដោយ សន្តិវិធី និង​ផ្អែក​លើ​ច្បាប់​អន្តរជាតិ ដោយ​អនុលោម​តាម​អនុសញ្ញា សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ ដែល​មាន​ស្រាប់​រវាង​ប្រទេស​ទាំង​ពីរ​ ៕