ទីក្រុងឡុង៖ លោកអេនឌី បឺនហេម (Andy Burnham) នៅថ្ងៃនេះត្រូវបានប្រកាសតែងតាំងជាផ្លូវការជាប្រធានគណបក្សពលកររបស់អង់គ្លេសដែលកំពុងដឹកនាំប្រទេសសព្វថ្ងៃ។ លោកសន្យាថានឹងនាំមកនូវសេចក្ដីសង្ឃឹមថ្មីសម្រាប់ប្រជាជនអង់គ្លេស។ តាមគម្រោង លោកនឹងស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសនៅសប្ដាហ៍ក្រោយ។ អតីតអភិបាលទីក្រុងមេនឆេស្ទើរូបនេះជាបេក្ខជនតែម្នាក់គត់ដែលប្រជែងយកតំណែងប្រធានបក្សឆ្វេងនិយមនៅអង់គ្លេសដើម្បីជំនួសលោកខៀស្តាមើដែលត្រូវបង្ខំចិត្តចុះចេញពីតំណែងទាំងកណ្ដាលទីព្រោះរងសម្ពាធកាន់តែខ្លាំងឡើងៗ។ លោកបឺនហេមទទួលបាន៣៧៩សំឡេងគាំទ្រនៅក្នុងចំណោមក្រុមអ្នកតំណាងរាស្ត្ររបស់គណបក្សពលករទាំង៤០៣នាក់។

លោកបឺនហេមថ្លែងសុន្ទរកថានៅចំពោះមុខក្រុមអ្នកតំណាងរាស្ត្រ, សកម្មជនរបស់គណបក្សពលករ និងថ្នាក់ដឹកនាំធំៗនៃក្រុមសហជីព។ លោកថាយើងនឹងនាំមកសេចក្ដីសង្ឃឹមថ្មីសម្រាប់ពួកគេ។ នេះជាឱកាសគួរជាទីមោទកភាពណាស់ដែលអ្នកបានផ្ដល់មកឱ្យខ្ញុំ និងគ្រួសាររបស់ខ្ញុំ។ លោកថាលោកបានរៀបចំផែនការរួចហើយដើម្បីផ្ដល់ការធានាជាថ្មីសម្រាប់គណបក្ស (ពលករ) ដែលធ្លាក់ចុះប្រជាប្រិយភាពយ៉ាងខ្លាំងចាប់តាំងពីគណបក្សនេះឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដីកាលពីពីរឆ្នាំមុន។

លោកបឺនហេមទន្ទឹងរង់ចាំឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីអស់ជាច្រើនសប្ដាហ៍មកហើយ។ ពោលគឺចាប់តាំងពីលោកឈ្នះឆ្នោតជាអ្នកតំណាងរាស្ត្រនៅរដ្ឋសភាកាលពីមួយខែមុន។ ប៉ុន្តែរហូតមកដល់ពេលនេះ លោកបានបង្ហើបឱ្យដឹងត្រឹមតែបន្តិចបន្តួចប៉ុណ្ណោះនូវនយោបាយអាទិភាពរបស់លោក។ នៅក្នុងការថ្លែងសុន្ទរកថាលើកនេះ លោកបានបង្ហាញចំណុចអាទិភាពរបស់លោកខ្លះៗដោយសន្យាផ្ដល់សេចក្ដីសង្ឃឹមសម្រាប់មនុស្សគ្រប់គ្នា និងផ្ទេរអំណាចពីរដ្ឋបាលថ្នាក់ជាតិទៅថ្នាក់មូលដ្ឋានតាមទីក្រុង និងតាមតំបន់ឱ្យបានច្រើនថែមទៀត។

លទ្ធផលស្ទង់មតិបង្ហាញថាគណបក្សពលករទទួលបានសំឡេងគាំទ្រតិចជាងគណបក្ស «កំណែទម្រង់អង់គ្លេស -Reform UK» ហើយគណបក្សនេះ (ពលករ) ទទួលបានលទ្ធផលដ៏អាក្រក់នៅក្នុងការបោះឆ្នោតថ្នាក់មូលដ្ឋានកាលពីខែឧសភា។ ដោយសារបញ្ហានេះហើយទើបបានជាលោកស្តាមើត្រូវតែចុះចេញពីតំណែង។ ផ្ទុយពីលោកស្តាមើ លោកបឺនហេមប្រើសិល្បៈក្នុងការដឹកនាំបែបសុភាពៗ ហើយត្រូវគេចាត់ទុកថាជាអ្នកពូកែទំនាក់ទំនងជាងគេនៅក្នុងគណបក្សរបស់លោក។ ប៉ុន្តែលោកបឺនហេមក៏មិនខុសពីលោកស្តាមើនោះដែរទទួលរងសម្ពាធដូចគ្នា ត្រូវដោះស្រាយជីវភាពប្រចាំថ្ងៃរបស់ប្រជាជនដែលត្រូវចំណាយកាន់តែច្រើនឡើងៗដោយសារវិបត្តិនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា៕ ប្រភព៖ AP

ចែករំលែកព័តមាននេះ